ខេត្ត​សៀម​រាប​​ ៖ យុវ​ជន​ចំនួន​៦​នាក់​បាន​ត្រូវ​​កំលាំង​សមត្ថ​កិច្ច​ប៉ូលិស​មូល​ដ្ឋាន​ និង​អន្តរា​គមន៍​សហ​ការ​គ្នា​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​ចង​ក្រង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ដោយ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង ​ករណី​ប៉ុន​ប៉ង​ចាប់​រំលោភ​នារី​ម្នាក់​មិន​បាន​សំរេច ​។ ការ​ចាប់​ខ្លួន​យុវ​ជន​ទាំង​៦​នាក់​នេះបាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​ ប្រមាណ​ជាង​១០​យប់​ ថ្ងៃ​ទី​១៦ ខែ​មករា នៅ​ចំណុច​​ប៉ែក​ខាង​កើត​កន្លែង​កំសាន្ត​ពេល​ល្ងាច​ �អង្គរ-ឃ្យុង​យូ� ដែល​ជា​ទី​កន្លែង​​ពេញ​និយម​របស់​ក្រុម​​យុវ​វ័យ​ណាត់​ជួប​គ្នា​ប្រព្រឹត្ត​ ខុស​សីល​ធម៌​សង្គម​ គឺ​សំដែង​ឆាក​ឈុត​ស្នេហា​ក្តៅ​សាច់​នា​ពេល​រាត្រី​ដោយ​ពុំ​មាន​ការ​អៀន​ ខ្មាស​ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា យុវ​ជន​​ទាំង​៦​នាក់​នេះមាន​១-ឈ្មោះ​ណាត នីស អាយុ​២៤​ឆ្នាំ​ ២-ឈ្មោះ​ឃុន តុង អាយុ​២៣​ឆ្នាំ, ៣-ឈ្មោះ​ប៊ុន ធឿនវាសនា​ អាយុ​១៩​ឆ្នាំ, ៤-ឈ្មោះ​សែ​ ម៉ុន អាយុ​២០​ឆ្នាំ​, ៥-ឈ្មោះ​ជឿន ជៀ​វ អាយុ​២៦​ឆ្នាំ និង​៦-ឈ្មោះ​ហ៊ន សីហា អាយុ​២៦​ឆ្នាំ​ ។ អ្នកទាំង​​៦​នាក់​នេះ​មិន​ត្រូវ​បាន​ប្រាប់​ពី​អាសយ​ដ្ឋាន​ពិត​ប្រាក​ដ​ទេ​ ។ ចំណែក​នារី​រង​គ្រោះ​ដែល​ស្ទើរ​តែ​ក្លាយ​ជា​ចំណី​តណ្ហា​យុវ​ជន​ទាំង​៦នាក់​ មាន​អាយុ​២៦​ឆ្នាំ​ ជា​អ្នក​លក់​បុក​ល្ហុង​នៅ​ផ្សារ​ដើម​ក្រឡាញ់​ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀម​រាប​ ។

លោក​អ៊ុំ សាអាត អនុ​ប្រធាន​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កំរិត​​ស្រាល​នៃ​ស្នង​ការដ្ឋាន​​នគរ​ បាល​ខេត្ត​ដែល​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​សាក​សួរ​ក្រុម​ជន​ទាំង​៦​នាក់​កាល​ពី ​យប់​នោះ​​បាន​ថ្លែង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ជន​សង្ស័យ​ទាំង​៦​នាក់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថ​កិច្ច​ការិយា​ល័យ ​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស​ និង​ការ​​​ពារ​អនីតិ​ជននា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ដើម្បី​បន្ត​នីតិ​វិធី​ បន្ទាប់​ពី​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ស្ល​ក្រាម​ និង​កំលាំង​ប៉ូលិស​អន្តរា​គមន៍​ចាប់​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០ ​យប់​ ថ្ងៃ​ទី​១៦ មករា ខណៈ​ពេល​ជិះ​ម៉ូតូ​​ល្បាត​ ហើយ​នារី​រង​គ្រោះ​បាន​រត់​ទាំង​ភ័យ​តក់​ស្លុត​គេច​ពី​ការ​ចាប់​រំលោភ​ និង​ហៅ​ឱ្យ​ជួយ​ ។ លោក​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​ នារី​រង​គ្រោះ​ រួម​ជាមួយ​បក្ស​ពួក​ជន​​សង្ស័យ​បាន​នាំ​គ្នា​ផឹក​ទឹក​ត្នោត​ជូ​រនៅ​កន្លែង​ កំសាន្ត​អង្គរ-​ឃ្យុង​យូ លុះពេល​ស្រវឹងរៀង​ៗខ្លួន​ក៏​ហៅ​នារី​រង​គ្រោះ​ឡើង​ជិះ​រថ​យន្ត​​កាម​រី​មួយ​ គ្រឿង​ ដោយ​សន្យា​ថា​ជូន​ទៅ​ផ្ទះ​ ។ ប៉ុន្តែពេល​​មក​ដល់​ចំណុច​ខាង​លើ​ ជន​ទាំង​នោះ​ក៏​ធ្វើ​សកម្ម​ភាព​ក្នុង​បំណង​ចាប់​រំលោភ​ ដោយ​អ្នក​ខ្លះ​ចាប់​ដៃ​ អ្នក​ខ្លះ​តោង​ជើង​ និង​ច្របាច់​សព្វ​រាង​កាយ​ រួច​អូស​នារី​រង​គ្រោះ​ចុះ​ពី​លើ​រថ​យន្ត​ចូល​ទៅ​ក្នុង​ព្រៃ​ ។ ចាត់​ទុក​ជា​សំណាង​ល្អ​របស់​នារី​រូប​នេះ​ ដោយ​​មាន​ភ្លើង​ម៉ូតូ​បើក​តំរង់​​មក​​ ពួក​យុវ​ជន​ទាំង​នោះ​ក៏​រត់​គេច​ធ្វើ​ឱ្យ​នារី​រង​គ្រោះ​មាន​ឱកាស​រត់​រួច​​ ​ហើយ​ក៏​​ប្តឹង​សមត្ថ​កិច្ច​ ។

ទោះ​ជា​បែប​ណា​ ​អ្នក​វិភាគ​ខ្លះ​ដែល​​ឃើញ​ហេតុ​ការណ៍​នោះ​បាន​បញ្ចេញ​ជា​ទស្សនៈ​ថា ករណី​នេះ​អាច​ជា​ករណី​ត្រូវ​រ៉ូវ​គ្នា​ ឬ​ក៏​មាន​ការ​រៀប​ចំ​គំរោង​ទុក​ជា​មុន ​ដើម្បី​ឱ្យ​ក្រុម​យុវ​ជន​ដែល​ជ្រួល​ជ្រើម​នឹង​ល្បែង​ស្នេហា​ជា​ក្រុម​ជាប់​ អន្ទាក់​ច្រើន​ជាង​ករណី​ចាប់​រំលោភ​ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ រឿង​អី​បាន​ជា​នារីរង​គ្រោះ​នោះ​យល់​ព្រម​ផឹក​ស៊ីរហូត​ស្រវឹង​ ហើយ​ឡើង​ជិះ​រថ​យន្ត​ទៅ​តាម​គេ​ទាំង​កណ្តាល​អធ្រាត្រ​​បែប​នេះ​ទៅ​កើត​ ។ លោក​វរ​សេនីយ៍​ត្រី​ ម៉ី វុឌ្ឍី អនុ​ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនី​តិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ថ្លែង​ប្រាប់​ តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​​​មករា ថា ជន​សង្ស័យ​ទាំង​៦​នាក់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​នៅ​ថ្ងៃ​ នេះ ​(១៨​ មករា) ក្រោយ​​ពី​​បញ្ចប់​​ការ​សាក​សួរ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​​ ទោះបីជាការប៉ុងប៉ងមិន​បាន​សំរេច​ក៏ដោយ​ ៕

http://kohsantepheapdaily.com.kh/art...17-185930.html