ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់រងរបួសជាទម្ងន់ ខណៈកំពុងដេកលង់លក់ក្នុងដំណេក ហើយត្រូវបុរសជាប្តីដេកយល់សប្តិមមើមមាយឃើញគេមកចាប់ ខ្លួនយកទៅដាក់គុក ខំវាយតបតជាមួយគេវិញ លុះពេលដឹងខ្លួនទើបដឹងថា វាយត្រូវប្រពន្ធខ្លួនសោះ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ មករា ២០១១ ត្រង់ចំណុចភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ។ តាមស្ត្រីរងគ្រោះដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត កំពង់ធំ បានឱ្យដឹងថា នាងឈ្មោះសៅ គិន អាយុ៤៨ឆ្នាំ រីឯប្តីឈ្មោះមាស ថេង អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើមុខរបរធ្វើស្រែចំការ មានកូនចំនួន៨នាក់ ។
ស្ត្រីរងគ្រោះបានរំលឹកឱ្យដឹងថា រវាងគាត់ និងប្តីមិនដែលមានទំនាស់អ្វីជាមួយគ្នាទេ ប៉ុន្តែកាលពី២-៣ថ្ងៃមុនពេលកើតហេតុ ប្តីបានទៅផឹកស៊ីជាមួយមិត្តភក្តិ៤-៥នាក់ ក្នុងភូមិជាមួយគ្នា ។ លុះពេលយប់កើតហេតុគាត់កំពុងដេកលក់លើផ្ទះទាំងអស់គ្នា ស្រាប់តែប្តីគាត់យល់សប្តិទៅផឹកស៊ីជាមួយមិត្តភក្តិនោះ ហើយឃើញមនុស្សស្លៀកពាក់ខោអាវពណ៌ខ្មៅ១ក្រុម នាំគ្នាមកចាប់គាត់យកទៅដាក់គុក ពេលនោះស្រាប់តែមិត្តភក្តិរត់ចេញពីវង់ផឹកស៊ីអស់នៅសល់តែគាត់ ខំប្រឹងវាយប្រវាយប្រតប់ជាមួយគេ ដើម្បីរត់គេចខ្លួន ។ តែបែរជាមមើមមាយយកអង្កត់អុសវាយគាត់ជាប្រពន្ធទៅវិញ បណ្តាលឱ្យបែកចិញ្ចើមខាងស្តាំ និងដាល់ចំមុខត្រូវជាច្រើនដៃ រហូតគាត់ខំប្រឹងស្រែកឆោឡោទាំងយប់ឱ្យកូនៗជួយ ។
ពេលកូនៗក្រោកពីដេកស្ទុះមកជួយទាញដៃឪពុកកុំ ឱ្យវាយម្តាយតទៅទៀត ស្រាប់តែឪពុកភ្ញាក់ដឹងខ្លួន ហើយអង្វករប្រពន្ធ ព្រមទាំងរៀបរាប់ពីរឿងយល់សប្តិអាក្រក់ដូចខាងលើឱ្យ ប្រពន្ធស្តាប់ ។ បន្ទាប់មកក៏នាំប្រពន្ធទៅឱ្យគ្រូពេទ្យក្នុងភូមិជួយរុំរបួស ទាំងយប់ តែដោយមុខរបួសមានសភាពធ្ងន់ធ្ងរ ទើបព្រឹកឡើងក៏ជួលម៉ូតូឌុបឱ្យឌុបស្ត្រីរងគ្រោះ និងកូនស្រីៗចំនួន២នាក់ទៀត ដើម្បីមកជួយបំរើម្តាយនៅមន្ទីរពេទ្យខេត្ត ។ បច្ចុប្បន្នបុរសយល់សប្តិអាក្រក់វាយប្រពន្ធរហូតរងរបួសធ្ងន់ កំពុងថែរក្សាកូនៗនៅឯផ្ទះ ដោយពុំមានសមត្ថកិច្ចឃាត់ខ្លួនឡើយ ព្រោះគ្មានពាក្យបណ្តឹងពីប្រពន្ធ ហើយស្ត្រីរងគ្រោះក៏ព្យាយាមជួយសំរាលទោសប្តី ដោយអះអាងថា ប្តីជាមនុស្សសរសៃប្រសាទទៅវិញ ៕
http://kohsantepheapdaily.com.kh/art...117-19108.html