ខេត្ត​ស្ទឹង​ត្រែង​​ ៖ នារី​វ័យ​ក្មេង​ចំនួន​២​នាក់​ជា​សិស្ស​នៃ​វិទ្យា​ល័យ​ព្រះ​រាជ​បូជ​នីយ​ កិច្ច​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​នគរ​បាល​ច្រក​ទ្វារ​ព្រំ​ដែន​ត្រពាំង​ក្រៀល (ស្ទឹង​ត្រែង​) ចាប់​ឃាត់​ខ្លួន​ក្នុង​ករណី​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ ប្រទេស​ឡាវ​​មក​កម្ពុជា ​។ យោង​តាម​របាយ​ការណ៍​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឱ្យ​ដឹង​ថា នគរ​បាល​ច្រក​ទ្វារ​អន្តរ​ជាតិ​ត្រពាំង​ក្រៀល​ (ស្ទឹង​ត្រែង) បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ច្រក​ទ្វារ ​កាល​ពី​វេលា​ម៉ោង​១១ និង​២៣​នាទី​ព្រឹក​ ថ្ងៃ​ទី​១៥​ មករា ។

ចំពោះ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់​ នេះ គឺ​សមត្ថ​កិច្ច​​ត្រួត​ពិនិត្យ​ឃើញ​ ខណៈ​ពេល​សិស្ស​ស្រី​២​នាក់​នោះ​កាន់​យួរ​ពី​ឡាវ​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំ​ ដែន​ ។ ថ្នាំ​​ញៀន​​នោះ​ប្រភេទ​មេតំ​ហេ្វ​តា​មីន​ចំនួន​៩.៩៥៤​គ្រាប់ ។ នារី​សង្ស័យ​​ទាំង​២​នាក់​នោះ​ ម្នាក់​ឈ្មោះ​វ៉ាន ចាន់ ឬ​ថុង​ លីម អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​លីន ដា អាយុ​១៩​ឆ្នាំ​ ។ អ្នក​ទាំង​២​ រស់​នៅ​ភូមិស្ពាន​ថ្ម សង្កាត់​ស្ទឹង​ត្រែង​ ។ ក្រោយពេល​ចាប់​ខ្លួន​នារី​​សង្ស័យ​ទាំង​២​នាក់​ ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ច្រក​ទ្វារ​ព្រំ​ដែន​​អន្តរ​ជាតិ​ត្រពាំង​ក្រៀល​ ​បញ្ជូន​ទៅ​នាយក​ដ្ឋាន​កណ្តាល​សន្តិ​សុខ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ចាត់​ការ​ តាម​នីតិ​វិធី ។ មិន​មាន​មន្ត្រី​ផ្លូវ​ការ​ណា​មួយ​ទំលាយ​ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​​​សិស្ស​ស្រី​​ទាំង​២​នាក់​នោះ​ តើ​ហេតុ​អ្វី​បាន​ជា​បញ្ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​ទៅ​វិញ ​។ តាម​មន្ត្រី​នៅ​ក្រសួង​មហា​ផ្ទៃ​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលា​ការ​ហើយ​កាល​ពី​ថ្ងៃ​ ទី​១៧ មករា ។

ក្នុង​ករណី​ដាច់​ដោយ​ឡែក​នៅ​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​១៦ មករា នគរ​បាល​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បង្ក្រាប​​ជន​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​២​នាក់​នៅ​តាម​​ផ្លូវ​ជាតិ​លេខ​ ៧៨ក្នុង​ភូមិ​ផ្ទះ​១០០​ខ្នង​ ឃុំ​ក្បាល​រមាស​ ស្រុក​សេសាន​ ។ ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ពេលទៅ​ដល់​​​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្តបាន​ សារភាព​ថា​ ពួក​គេ​​ទិញ​ថ្នាំ​ញៀន​ពី​ក្រុង​ស្ទឹង​ត្រែង​ក្នុង​តំលៃ​១​គ្រាប់​ ១០.០០០​រៀល​ យក​ទៅ​លក់​បាន​២០.០០០​រៀល​ក្នុង​១​គ្រាប់​ ។ ថ្នាំ​ញៀន​ទាំង​នេះ​យក​ចែក​ចាយ​លក់​នៅ​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡាត​ ស្រុក​សេ​សាន​ ។

លោក​អនុ​សេនីយ៍​ឯក​គឹម ស៊ន អនុ​ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​​បាន​តាម​ដាន​ និង​កំណត់​មុខ​សញ្ញា​ទើបស្ទាក់​ចាប់​នៅ​ភូមិ​១០០​ខ្នង​ ផ្លូវ​ចូល​ភូមិ​ខ្សាច់​ថ្មី ​ហើយ​ពិនិត្យ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៩៨​គ្រាប់​ ។ ជន​​២នាក់​នោះ​ ​ម្នាក់​ឈ្មោះ​រស់ ចាន់ពិសិដ្ឋ​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡាត​ ស្រុក​សេ​សាន​ និង​ឈ្មោះ​វ៉ន ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កសិករ​ រស់​នៅ​ភូមិ​ខ្សាច់​ថ្មី ឃុំ​តាឡាត​ ស្រុក​សេសាន​ ។​ ការ​ឃាត់ខ្លួន​នេះ​ជាមួយ​​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង ​។ សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ និង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​ខេត្ត​តាម​នីតិ​វិធី​ ៕

http://kohsantepheapdaily.com.kh/art...17-191953.html