ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏កំរមួយនៅតាមដងទន្លេបង្កឡើងដោយកាណូតលឿន បុកទូកម៉ាស៊ីនរបស់ប្រជាពលរដ្ឋ១គ្រឿងបណ្តាលឱ្យលិច។ ក្នុងហេតុការណ៍នោះកូនតូចចំនួន២នាក់បានស្លាប់ និងឪពុក ម្តាយរងរបួសមធ្យម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ មករា នៅចំណុចចុងកោះឫស្សី ក្នុងភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ក្រោយពេលកើតហេតុមន្ត្រីប៉ូលិសចរាចរជើងទឹកនៃស្នងការដ្ឋាននគរ បាលខេត្តបានទៅនាំកាណូត រួមទាំងអ្នកដំណើរដែលភាគច្រើនគឺជាភ្ញៀវបរទេសទៅកាន់ការិយាល័យ ប៉ូលិសចរាចរជើងទឹកខេត្តនៅផែដើមពោធិ៍ផ្សារក្រោម។
ម្ចាស់ទូកឈ្មោះគង់ ឆាយ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះអ៊ុន ស៊ុំ អាយុ៣៥ឆ្នាំ។ ចំណែកកូនប្រុស២នាក់ដែលស្លាប់ ម្នាក់ឈ្មោះឈុន សម្បត្តិ អាយុ៦ឆ្នាំ និងម្នាក់ទៀតឈ្មោះឈុន សំបូរ អាយុ៤ឆ្នាំ។ ប្តី-ប្រពន្ធនេះរៀបរាប់ប្រាប់សមត្ថកិច្ចថា ពួកគាត់ជិះទូកម៉ាស៊ីនទៅចំការចុងកោះឫស្សី។ ពេលទៅដល់ចំណុចកើតហេតុរូបគាត់បត់ចូលច្រាំងទន្លេ ខណៈនៅចំងាយប្រមាណ១៥ម៉ែត្រពីច្រាំង ហើយស្រាប់តែត្រូវកាណូតរ៉ូយ៉ាល់មួយគ្រឿងបើកយ៉ាងលឿនបុកចំទូក គាត់ពាក់កណ្តាលបណ្តាលឱ្យលិចទៅក្នុងទន្លេតែម្តង។ ខណៈនោះ ពួកគាត់ទាំងពីរនាក់ប្រឹងហែលទឹកចូលច្រាំងទន្លេ ចំណែកកូនទាំង២នាក់បានលិចចូលក្នុងទន្លេ ហើយរហូតមកដល់ពេលនេះរកសពពុំទាន់ឃើញនៅឡើយទេ។
ចំណែកទូកពួកគាត់មានប្រវែង១១ម៉ែត្របានលិច ចូលក្នុងទន្លេរួមជាមួយប្រាក់ចំនួន១លាន៥សែនរៀល និងសំភារប្រើប្រាស់មានម៉ាស៊ីន កាណូត ក្បាលបូមទឹក កាំបិត ពូថៅ ចប ថ្នាំបាញ់សត្វល្អិត ឆ្នាំង និងអង្ករ។
មន្ត្រីប៉ូលិសចរា ចរជើងគោកនិយាយថា កាណូតនោះឈ្មោះញូវរ៉ូយ៉ាល់ ពាក់ស្លាកលេខPP 2 8477HE បើកបរដោយឈ្មោះសុក ថា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយព័ទ្ធ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដឹកភ្ញៀវពីភ្នំពេញទៅកាន់ខេត្តសៀមរាប។ មន្ត្រីប៉ូលិសបន្តថា រឿងនេះត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិ វិធីច្បាប់។ បន្ទាប់ពីកើតមានគ្រោះថ្នាក់នោះក្រុមហ៊ុនបានទាក់ទងយកកាណូត រ៉ូយ៉ាល់ផ្សេងទៀតទៅផ្ទេរភ្ញៀវដឹកបន្តដំណើរទៅកាន់គោលដៅ ៕
http://kohsantepheapdaily.com.kh/art...117-04500.html