រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មករា ក្រុម​គ្រួសារ​សាច់ញាតិ​ បង​ប្អូន​​ កូន​ និង​ម្តាយ ​ជន​ជាប់​ចោទ​៤​នាក់​ គឺ​នាង​ ស៊ីណាត, ចាន់​ សុខា, យាន​ សុធារិទ្ធ​ និង​សុខ​ ឡាក់ ដែល​កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​ ពាក់​ព័ន្ធ​ជាមួយ​ភរិយា​លោក​ឧក​ញ៉ា​ខូវ ជី​លី ពី​បទ​បាន​ឃុប​ឃិត​គ្នា​ប៉ុន​ប៉ង​រំលោភ​សំលាប់​លោក​ស្រី​ស៊ុន សុថា ភរិយា​​លោក​ទេស​រដ្ឋ​មន្ត្រី​ស៊ុន ចាន់​ថុល បាន​ជួប​ជុំ​គ្នា​នៅ​សណ្ឋា​គារ​ឡា​ផារ៉ាន់​ដា ក្នុង​គោល​បំណង​តែ​មួយ​គត់​ គឺ​ចង់​បង្ហាញ​ភាព​ស្មោះ​ត្រង់​តាម​រយៈ​សារ​ព័ត៌​មាន ជូន​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​ជ្រាប​ និង​ជួយ​អន្តរា​គមន៍​ដោះ​លែង​ជន​ដែល​គ្មាន​កំហុស​ ។

ស្ថិត​ក្នុង​ភាព​ក្តុក​ក្តួល​បង្ហូរ​ទឹក​ភ្នែក​ និងលើក​​ម្រាម​ដៃ​ដប់​ប្រណម្យ​សុំ​សម្តេច​ជួយ​ គឺ​១-អ្នក​ស្រី​ប៉ូ សុខ អាយុ​៥១​ឆ្នាំ ត្រូវ​ជា​ម្តាយ ជន​ជាប់​ចោទ​ឈ្មោះ​សុខ ឡាក់, ២-អ្នក​ស្រី​សូ ថន អាយុ​៥៥​ឆ្នាំ ត្រូវ​ជា​ម្តាយ​ជន​ជាប់​ចោទ​ឈ្មោះ​យាន សុធា​រិទ្ធ, ៣-​អ្នក​ស្រី​ចាន់​ ដារ៉ា​ អាយុ​៣៦​ឆ្នាំ​ ត្រូវ​ជា​ប្អូន​ជន​ជាប់​ចោទ​ឈ្មោះ​ចាន់ សុខា, ៤-​លោក​ទួន សារ៉ា​រត្ន​ ជា​ប្អូន​ថ្លៃ​ ឈ្មោះ​ចាន់​ សុខា, ៥-​លោក​​អ៊ឹម ប៊ុន​ធឿន ត្រូវ​ជា​ប្តី​ជន​ជាប់​ចោទ​ឈ្មោះ​នាង​ ស៊ីណាត​,​ ៦-ប្អូន​ប្រុស​ ចាន់​ អង្គ​រិទ្ធិ​ អាយុ​១៣​ឆ្នាំ​សិស្ស​វិទ្យា​ល័យ​ទួល​ទំពូង​ ត្រូវ​ជា​កូនឈ្មោះ​​ចាន់​ សុខា និង​សាច់​ញាតិ​មួយ​ចំនួន​ទៀត​ ពួក​គេ​បាន​កាន់​លិខិត​ស្នើ​សុំ​អន្តរា​គមន៍​ទៅ​សម្តេច​​តេជោ​នាយក​រដ្ឋ​ មន្ត្រី​មក​បង្ហាញ​ជូន​អ្នក​សារ​ព័ត៌​មាន​​ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​ដល់​ សម្តេច​បាន​ជ្រាប និង​មហា​ជន​ឱ្យ​កាន់​តែ​យល់ ​។

ពាក្យ​ស្នើ​សុំ​អន្តរា​គមន៍​នេះ​បាន​ដាក់​ចូល​ទៅ​ទី​ ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​១៤ មករា ប៉ុន្តែ​លទ្ធ​ផល​នៅ​មិន​ទាន់​​បាន​​ឆ្លើយ​តប​មក​វិញ​ទេ ។ លិខិត​នេះ​បានគោរព​ចូល​មក​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សំណើ​សុំ​សម្តេច​មេត្តា​ ជួយ​អន្តរា​គមន៍​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​​លេខ​១៣៦១​ ចុះ​ថ្ងៃ​​ទី​២២ មិថុនា ២០១០ ដើម្បី​ឱ្យ​ជន​ជាប់​ចោ​ទ៤​នាក់​ រួចផុត​ពី​ការ​ចោទ​ប្រកាន់​ និង​មាន​សេរី​ភាព​ឡើង​វិញ​ ។ យោង​សំណុំ​រឿង​១៣៦១​ ចុះ​ថ្ងៃ​ទី​២២ មិថុនា ២០១០ លិខិត​សរ​សេរ​ដោយ​ដៃ​ផ្ទាល់​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​នាង ស៊ីណាត នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា លិខិត​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ចាន់ សុខា ថ្ងៃ​ទី​២០ សីហា​ ពួក​គេ​ទាំង​អស់​គ្នា​ជា​ម្តាយ​ ប្រពន្ធ​ កូន​ ប្តី និង​បង​ប្រុស​ បង​ស្រី​របស់​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ ​សូម​ជំរាប​ជូន​សម្តេច​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៩ មិថុនា ២០១០​ កូន​ ប្តី​ ប្រពន្ធ​ បង​ស្រី​ យើង​ខ្ញុំ​ត្រូវ​បាន​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ចាប់​ឃាត់​ខ្លួន​ដោយ​ចោទ​ ប្រកាន់​ថា ប៉ុន​ប៉ង​រំលោភ និង​សំលាប់​ភរិយា​លោក​​​ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្ត្រី​ គឺ​លោក​ស្រី​ ស៊ុន​ សុថា ។ ប៉ុន្តែ​ការ​ពិត​ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​ ហើយ​ដំណើរ​រឿង​ពិត​នោះ​ដូច​មាន​លិខិត​របស់​ជន​ជាប់​ចោទ​ឈ្មោះ​ចាន់​ សុខា និង​នាង​ ស៊ីណាត​ រៀប​រាប់​​ជូន​ភ្ជាប់​ជាមួយ​នោះ​ដែរ ដែល​បាន​បញ្ជាក់​ពីភាព​​ពិត​ប្រាកដ​ និង​ចេញពី​​ឆន្ទៈ​​ស្មោះ​ត្រង់​របស់​ពួក​គេ ​។

ចំពោះ​រឿង​ក្តី​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​លើក​យក​មក​បើក​សវនា​ការ​​២​លើក​រួច​មក​ហើយ​ដែរ​ ហើយ​នៅ​ថ្ងៃ​ទី​១៨ មករា នឹង​ធ្វើ​ឡើង​ជា​លើក​ទី​៣​ទៀត ​។ ក្នុង​លិខិត​បាន​សរ​សេរ​ថា សម្តេច​ជា​ទី​គោរព​ រឿង​ក្តី​នេះ​ យើង​ខ្ញុំ​ជា​សាច់ញាតិ​ក៏​ដូច​ជា​ជន​ជាប់​ចោទ​ស្ថិត​ក្នុង​ពន្ធ​នា​គារ​ទាំង ​៤​នាក់​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ដោយ​គ្មាន​ទោស​កំហុស​អស់​រយៈ​ពេល​ជិត​៧​ខែ​មក​ហើយ​ ។ ពេល​នេះ​មាន​តែ​សម្តេច​ទេ ដែល​ជា​ម្លប់​ដ៏​ត្រជាក់​សំរាប់​ប្រជា​ពល​រដ្ឋ​ជួយ​អន្តរា​គមន៍​ដើម្បី​ ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​ជន​ក្រី​ក្រ​ និង​ស្លូត​ត្រង់​រស់​នៅ​ក្រោមការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​​និង​ប្រកប​ដោយ​គតិ​ បណ្ឌិត​របស់​សម្តេច ​។​ ថ្វី​ដ្បិត​តែ​លិខិត​ស្នើ​សុំ​​អន្តរា​គមន៍​នេះ​បាន​ដាក់​ចូល​ទៅ​ទី​ស្តី​ ការ​គណៈ​រដ្ឋ​មន្ត្រី​រួច​ហើយ ប៉ុន្តែ​ដោយ​សារ​ការ​ចង់​បាន​មក​វិញ​នូវ​ភាព​យុត្តិ​ធម៌​​សំរាប់​ក្រុម​ គ្រួសារ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធ​នា​គារ​ ពួក​គេ​បាន​មូល​មតិ​គ្នា​ស្វែង​រក​ទំព័រ​សារ​ព័ត៌​មាន​ដើម្បី​ទំលាយ​រឿង​នេះ ​ ។

ដោយ​ដិត​ដាម​ទៅ​ដោយ​ទឹក​ភ្នែក​ហូរ​ជោក​ថ្ពាល់​រយៈ​ពេល ​ជាង​១​ម៉ោង​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ អ្នក​ស្រី​ចាន់​ ដារ៉ា ក៏​ដូច​ជា​ម្តាយ​ ប្តី និង​បង​ប្អូន​ទាំង​អស់ ​បាន​​លើក​ម្រាម​ដៃ​ដប់​ប្រណមបួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោកឱ្យ ​ជួយ​ផ្តល់​ភាព​យុត្តិ​ធ​ម៌​ ហើយ​ពួក​គេ​ក៏​បាន​លើក​ដៃ​ជា​សម្បថ​ជំនួស​ឱ្យ​ជន​ដែល​ត្រូវ​ចោទថា ​ពួក​គេ​ពិត​ជា​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​ ។ សូម​បញ្ជាក់​ថា ​នៅ​​រសៀល​ថ្ងៃ​ទី​១៨​ មករា សវនាការ​រឿង​ក្តី​ភរិយា​លោក​ឧក​ញ៉ា​ ខូវ ជី​លី ដែល​ត្រូវ​កូន​បង្កើត​លោក​ឧក​ញ៉ា​ប្តឹង​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ មនុស្ស​ឃាត​ត្រូវ​​លើក​យក​មក​​បើក​សវនា​ការ​បន្ត​ដែល​នេះ​ជា​សវនា​ការ​លើក​ ទី​៣ ​។ ឯ​ចំពោះ​ការ​ផ្តន្ទា​ទោស​ ឬ​យ៉ាង​ណា​នោះ​ត្រូវ​រង់​ចាំ​មើល​លទ្ធ​ផល​ក្រោយ​ពេល​សវនា​ការ​បាន​បញ្ចប់​ ៕

http://kohsantepheapdaily.com.kh/art...17-024148.html