អាវនិមួយៗ មានតម្លៃ ប្រហែលជា ២០ដុល្លារអាមេរិក មានប្រសិទ្ធិភាពជួយរក្សាកំដៅ ទន្ទឹមនឹងនេះវាក៏ត្រូវបានគេស្រោបសារធាតុ fluorescent ពីខាងក្រៅ ដើម្បីការពារសុវត្ថិភាព នៅពេលសត្វចិញ្ចឹម ចេញដើរនៅពេលយប់។
Omlet (Oxfordshire ប្រទេសអង់គ្លេស) គឺជាក្រុមហ៊ុនផលិតសម្ភារៈទាក់ទិននឹងសត្វមាន់។ ដោយសារតែរដូវរងាប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុកាន់តែត្រជាក់ជាងមុន ដូច្នេះ ក្រុមហ៊ុនតែងធ្វើការណែនាំដល់អតិថិជនអំពីវិធីរក្សាកំដៅក្នុងទ្រុងមាន់ ដើម្បីជួយទប់ទល់នឹងអាកាសធាតុ។
Johannes Paul ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Omlet បាននិយាយប្រាប់ BBC ថា ៖ “អតិថិជនជាច្រើនរបស់ក្រុមហ៊ុនយើងខ្ញុំ ចិញ្ចឹមមាន់នៅខាងក្រោយផ្ទះ ហើយពួកគេថែទាំដូចទៅនឹងសត្វចិញ្ចឹមសម្រាប់លំអផ្ទះ។ រដូវរងាប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែត្រជាក់ទៅៗ ដូច្នេះ យើងក៏តែងទទួលបានការហៅទូរស័ព្ទជាច្រើន សួរនាំអំពីវិធីទប់ទល់នឹងអាកាសធាតុ ក្នុងនោះក៏មានអ្នកខ្លះ សួរយើងខ្ញុំថា តើក្រុមហ៊ុនអាចផលិតអាវឱ្យមាន់ បានដែរ ឬទេ។ ដូច្នេះយើងក៏បង្កើតបានផលិតផលពិសេសនេះ”។
អាវនេះ អាចជួយរក្សាកំដៅឱ្យសត្វមាន់
យោងទៅលើប្រភេទក្រណាត់ដែលត្រូវបានទីភ្នាក់ងារអវកាសអាមេរិក (NASA) អភិវឌ្ឍ មានឈ្មោះថា Flectalon ក្រុមហ៊ុន Omlet ក៏បានបង្កើតជាអាវធំ ដែលអាចជួយរក្សាកំដៅ សម្រាប់សត្វចិញ្ចឹម ទន្ទឹមនឹងនេះ អាវនេះក៏ត្រូវបានស្រោបសារធាតុ fluorescent ពីខាងក្រៅ ដើម្បីជួយការពារមាន់ ពេលវាចេញដើរនៅពេលរាត្រី។
អាវនិមួយៗ ត្រូវបានលក់ក្នុងតម្លៃ ១២ផោន (២០ដុល្លារអាមេរិក) និងមានពីរពណ៌ គឺផ្កាឈូក និងលឿង ហើយមានប្រសិទ្ធិភាពទប់ទល់នឹងការជ្រាបទឹក ព្រមទាំងមានឧបករណ៍រឹតបន្ដឹង ឬបន្ធូរនៅខាងមុខ។ ផលិតផលនេះ ត្រូវបានដាក់លក់នៅលើគេហទំព័រ Omlet កាលពីខែតុលា និងលក់ដាច់ ២០០ឈុត ក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ។
ក្រុមហ៊ុន Omlet បានបង្កើតអាវគំរូចំនួន ៦ មុននឹងបង្កើតកំណែសម្រេចចុងក្រោយ ដើម្បីចៀសវាងនូវផលអាក្រក់ដល់សកម្មភាពធម្មតារបស់មាន់។
Sandalee Ali-Sehbai ដែលជាអតិថិជនម្នាក់របស់ Omlet មានការពេញចិត្តជាខ្លាំង ចំពោះផលិតផលនេះ។ នាងឱ្យដឹងថា ៖ “តាំងពីមានអាវនេះ ហ្វូងមាន់របស់ខ្ញុំ ចូលចិត្តដើរជាងមុន។ ដំបូង មើលទៅ វាដូចជាគួរឱ្យចង់សើច ប៉ុន្ដែ ហ្វូងមាន់របស់ខ្ញុំ ពិតជាចូលចិត្តពាក់អាវនេះ និងដើរទៅមក បានយូរជាងធម្មតា” ។អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖ សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
បុគ្គលិកប្រើឯកសណ្ឋានដូច អ្នកបម្រើតាមផ្ទះ និងសិស្ស ដើម្បីទទួលភ្ញៀវ ទទួលបានចំណាប់អារម្មណ៍ច្រើន
អាថ៌កំបាំងសម្រាប់ អ្នកចង់ធ្វើជា “មេ”
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BBC