សៀមរាប*៖ ក្មេងប្រុសជំទង់ម្នាក់ ត្រូវបានបាត់បងជីវិតភ្លាមៗ និងម្តាយ ព្រមទាំងប្អូនស្រីតូចម្នាក់ទៀតត្រូវរងរបួស បន្ទាប់ពីត្រូវ រថយន្តដឹកអ្នកដំណើរ៤៥កៅ អីមួយគ្រឿងបើកប៉ះចង្កូតម៉ូតូ ខណៈរូបគេនឹងម្តាយ ព្រមទាំងប្អូនស្រីតូចម្នាក់ទៀតបើកម៉ូតូត្រឡប់ទៅផ្ទះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើកើតឡើង នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ តាមបណ្តោយផ្លូវលេខជាតិ៦ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែល ជាម្តាយនិងកូននោះមានឈ្មោះ ១-ម៉ុត សំណាង ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវបាត់បង់ជីវិត ២-ឈ្មោះ ច័ន្ទ បរមី ភេទស្រី អាយុ២ឆ្នាំ និងទី៣ឈ្មោះ អ៊ី ស៊ីចាន់ ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាម្តាយ ពួកគេទាំង៣នាក់រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរម៉ូតូម៉ាក វីវ៉ា ២០០៣ ស្លាកលេខ ភភ ១ូ-៤៥៥១។ ឯរថយន្តបង្កហេតុ ជាប្រភេទរថយន្តក្រុង ៤៥កៅអីរបស់ក្រុមហ៊ុន ហង្ស ទេពដឹកអ្នកដំណើរ ព្យាយាមបើកគេចតែត្រូវនគរបាលចាប់បាន។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា កាលពីព្រឹកម៉ោងប្រមាណ១១ ថ្ងៃទី១៧ខែមករា ឆ្នាំ២០១១ មានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ស្របពេលដែលរថយន្តក្រុងខាងលើបើកស្របទិសដៅគ្នាបើកមកទន្ទឹមគ្នា ស្រាប់តែដល់ត្រង់ចំណុចកើត ហេតុរថយន្តបានបើកប៉ះដៃចង្កូតម៉ូតូវីវ៉ានោះ បណ្តាលឱ្យម៉ូតូវីវ៉ាខាងលើរេរាដួលចូលទៅបុកនឹងកង់ឡាន ឯក្មេងប្រុស ឈ្មោះ ម៉ុត សំណាង ត្រូវធ្លាក់ចូលទៅក្បែរកង់ឡានក្រុងខាងក្រោយ បណ្តាលឱ្យកង់ឡានកិនស្លាប់ភ្លាមៗតែម្តង រីឯម្តាយត្រូវរងរបួសជាទម្ងន់ និងប្អូនស្រីតូចត្រូវរបួសស្រាល ភ្លាមៗនោះរថយន្តបង្កហេតុបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវនគរបាលធ្វើការស្ទាក់ចាប់រថយន្តនេះបាន។

បច្ចុប្បន្នជនរងគ្រោះម្តាយនិងកូនស្រីត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យរស្មីអង្គរ ក្រុងសៀមរាប ចំណែកឯក្មេងប្រុសដែលបាន ស្លាប់បាត់បងជីវិតត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

http://dap-news.com/index.php?option...news&Itemid=50