រាជធានីភ្នំពេញ ៖ រថ​យន្ត​ស្ព័រទំនើប​ម៉ាក​វ៉ុល​វើហ្គែនមួយគ្រឿង ​ត្រូវ​យុវ​ជន​ស្ទា​វចំនួន៣​នាក់​ប្រដាប់​ដោយដុំថ្ម ​ជើង​ឆត្រ​ និង​កំាភ្លើង​​ខ្លីបាញ់​គំរាម​ និង​វាយ​កំទេច​​កញ្ចក់​កាលពី​វេលាម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី១៦ មករា ២០១១ ខណៈ​​ពេលជន​ពាល​ទាំង​នោះ​បើ​ក​រថយន្ត​កៀ​រ​ឱ្យ​រថយន្ត​​ស្ព័រ​ឈប់​នៅ​ចំណុច​ កែង​ផ្លូវ​​១៥៤ ​និង​៥៣ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី៣ ​ខណ្ឌ​ដូនពេញ​​ រាជធានី​ភ្នំពេញ ​។ នៅ​ក្នុង​អំពើ​ហិង្សា​នេះ​ពុំ​មាន​អ្នកណា​ម្នាក់​របួស​នោះទេ គ្រាន់​តែ​រថ​យន្ត​ស្ព័រ​ទំនើប​ម៉ាក​​វ៉ុល​វើ​​ហ្គែន​ត្រូវ​បែក​កញ្ចក់​​​ មុខ​ក្រោយ ហើយ​ជន​ដៃ​ដល់​បាញ់​​គំរាមពី​រ​គ្រាប់​ទៀត មុន​ពេល​ចាក​ចេញ ​ទំនង​ខ្លាចមាន​អន្តរា​គមន៍​​ពីសមត្ថកិច្ច ។

សាក្សី​នៅ​កន្លែង​ កើតហេតុ​​​​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ គាត់​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​​ស៊េរី​ទំនើប​ ពណ៌​ក្រហម ម៉ាក​វ៉ុល​វើ​ហ្គែន ពាក់ស្លាកលេខ​ប៉ៃលិន 2A-0314 បើក​បរ​ដោយ​បុរស​ម្នាក់​ ហើយ​មាន​នារី​​ស្រស់​ស្អាត​ម្នាក់​រួម​ដំណើរ​​ បើក​តាម​បណ្តោយ​​ផ្លូវ​លេខ​១៥៤​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ។ លុះ​មក​ដល់​កែង​ផ្លូវ​លេខ​៥៣ ស្ថិត​នៅ​សង្កាត់ផ្សារ​ថ្មីទី៣ ខណ្ឌ​ដូន​ពេញ ​ស្រាប់​តែ​មានរថ​យន្ត​ពីរគ្រឿង ​​មួយគ្រឿង​​ម៉ាក​ឡិច​ស៊ីស៤៧០ ពណ៌ស្លែ និង​មួយគ្រឿង​ទៀត​ម៉ាកកាម​រីឆ្លាម ពណ៌​​.ស បើក​តាម​ពី​ក្រោយ​កៀរ​​ឱ្យ​រថយន្ត​នេះឈប់ ហើយ​មាន​យុវ​ជន​ស្ទាវ៣​នាក់​ចុះ​ពី​លើ​រថយន្ត​មានម្នាក់ប្រដាប់​ដោយ​ កាំភ្លើង​​ខ្លីមិន​ចាំ​ម៉ាក​​បញ្ជា​ឱ្យ​ភាគី​​ម្ចាស់​រថយន្ត​ស្ព័រ​ និងនារី​ស្រស់ស្អាត​ម្នាក់​ទំនង​ជា​ស្រីស្នេហ៍​ចុះ​ចេញ​ពីក្នុង​​រថ​យន្ត​ នោះ ។​ រួច​ជនពាល​ទាំង​នោះ​យក​ដុំថ្ម​ និង​ជើង​ឆត្រ​​​វាយ​បំបែក​កញ្ចក់​រថយន្ត​ស្ព័រ ​បណ្តាល​ឱ្យ​បែកកញ្ចក់​​មុខ​ក្រោយខ្ទេច​​ ព្រម​ទាំង​ស្រែក​គំរាម​មិនឱ្យ​តបត​ទៀត​ផង​។

ប្រជា​ព​លរដ្ឋ​​​ដែល​ឃើញ​ ហេតុការណ៍​បាន​នាំ​គ្នា​​និយាយ​ថា ពិត​ជា​សាហាវ​មែន​មិន​ខុសពីក្នុង​រឿង​​វីដេអូ​​ចិន​នោះទេ ក្រោយ​ជនពាល​វាយ​កំទេច​ទៅលើ​រថ​យន្តគូ​ទំនាស់​​រួច​ហើយ​​ ពួក​គេ​​បាន​បាញ់​ចំនួន​ពីរគ្រាប់ទៀត​គំរាម​មុន​ពេល​ចាក​ចេញ​ទៅ​ ។ រីឯ​ម្ចាស់​រថ​យន្តរង​គ្រោះ​ ដែលចុះ​រត់​ចេញ​ពី​រថ​យន្ត​​​មិន​ហ៊ាន​នៅ​ក្បែរ​​ឡើយ ។ បន្ទាប់​ពី​​ជនពាលចេញ​ផុត​ ទើប​ស្ទុះមក​មើល​​រថ​យន្ត​ដែល​ខូច​ខាត​ ព្រម​ទាំង​​ទំនាក់​ទំនង​រថ​យន្ត​ស្ទូចនាំ​យក​ទៅ​បាត់ ។
​​សមត្ថកិច្ច​ បាននិយាយ​ថា ​ក្រោយកើតហេតុ​​​​បាន​១០​នាទី​​កំលាំងនគរបាលល្បាត​រដ្ឋបាល​ផ្សារ​ ថ្មីទី៣មកដល់​ចំណុចកើតហេតុ​ ប៉ុន្តែ​យឺត​​ពេល​បន្តិច​ ព្រោះ​ជនពាលចេញផុត​ទៅហើយ។ ចំណែកម្ចាស់​រថ​យន្ត​​ស្ព័រ​​មិន​​បាន​ដាក់​ពាក្យ​បណ្តឹង​នោះទេ តែ​ទោះ​ជា​យ៉ាង​ណា អត្ត​​សញ្ញាណ​ម្ចាស់​រថយន្ត​ត្រូវ​គេ​​ស្គាល់ឈ្មោះ​សន ឌី ភេទប្រុស អាយុ​២៨​ឆ្នាំ ​ជា​យោធា ស្នាក់​នៅខណ្ឌ​ចំការ​មន​ រាជ​ធានីភ្នំពេញ ។

ដើម​ចម​នៃ​អំពើហិង្សា​បាញ់គំរាម និង​​វាយ​កំទេច​រថ​យន្តនៅចំណុចខាងលើ ទំនង​​ផ្តើម​ចេញ​ពី​រឿងស្រីស្នេហ៍ ដែល​សង្ស័យកើត​ឡើង​ប្រហែល​ជា​នៅក្នុង​ក្លឹបកំសាន្ត​​ណា​មួយ ទើប​ភាគី​ដៃដល់​បើក​​រថយន្តដេញតាមមកដល់​កែង​ផ្លូវ​លេខ​១៥៤​​ និងលេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី៣ កៀរ​ឱ្យ​រថយន្ត​ឈប់រួច​នាំគ្នា​សំពង​ទៅលើ​រថ​យន្ត​តែ​ម្តង ។ ជន​រងគ្រោះ​មិន​បាន​ដាក់ពាក្យ​បណ្តឹង​នោះ​ទេ នៅព្រឹក​ថ្ងៃដដែល​ ហើយ​មូល​ហេតុ​បែប​ណា​​ក៏ភាគី​រងគ្រោះមិនបានបញ្ជាក់​ប្រាប់​ដែរ គឺ ស្ងាត់​រៀង​ខ្លួន​ ឬ​មួយ​ក៏​គុំទុក​ក្នុង​ចិត្ត​ ដើម្បី​សង​សឹកវិញ ?

http://kohsantepheapdaily.com.kh/art...15-203843.html