កាលពីពេលថ្នីៗនេះយើងឃើញមានការលេចឮព័ត៌មានតៗគ្នាមួយដែលយុវវ័យខ្មែរដែលនិយមចូលចិត្តលេង Facebook បានបញ្ជូនព័ត៌មាននេះតៗគ្នាពីម្នាក់ទៅម្នាក់។ ព័ត៌មានជាការដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះមនុស្សប្លែកមុខ ដែលអាចនឹងចាប់មនុស្សទៅវះយកក្រលៀននិងថ្លើម ហើយញ៉ាត់ប្រាក់ចូលទៅក្នុងពោះវិញជាថ្នូរ។/

សារដែលគេបញ្ជូនតៗគ្នានៅលើ Facebook

យើងឃើញមានការបញ្ជូនព័ត៌មានតៗគ្នានេះបានចាប់ផ្ដើមក្លាយជាប្រធានបទក្ដៅមួយតាំងពីដើមសប្ដាហ៍មុនមកម្លេះ ដើមឡើយពុំសូវជាមានមនុស្សជឿជាក់ទៅលើរឿងនេះនោះទេក៏ប៉ុន្តែក្រោយពេលដែលកសារព័ត៌មាន កោះសន្តិភាព បានចេញផ្សាយលេខ ៧៦១៦ ចេញផ្សាយថ្ងៃពុធ ទី ១១កក្កដា ២០១២ កន្លងមកនេះដែលគេឃើញមានអត្ថបទមួយដែលដាក់ចំណងជើងថា ស្រ្តីម៉េម៉ាយត្រូវឃាតករសម្លាប់ហើយវះពោះ អ្នកភូមិផ្អើលថាជនមិនស្គាល់មុខសម្លាប់យកថ្លើម និងក្រលៀនស្រ្តីរងគ្រោះជាអ្នកស្រុកបន្ទាយមាស ខែត្រកំពតត្រូវបានគេវះពោះសម្លាប់ តែបើតាមលទ្ធផលពីកោសល្យវិច័យបានអោយដឹងថា មិនមែនស្លាប់វះយកថ្លើម និងក្រលៀននោះទេ។/

ជនរងគ្រោះស្លាប់ដោយសារឃាតករវះពោះនៅខែត្រកំពត

ក្រោយពេលដែលមានការចេញផ្សាយព័ត៌មាននេះ រឿងហេតុវាស្រដៀងទៅនឹងព័ត៌មានដែលត្រូវបានគេបញ្ជូនតៗគ្នានៅក្នុង Facebook ហេតុនេះហើយបានជាបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមួយចំនួនគិតថាព័ត៌មានដែលគេបញ្ជូនតៗគ្នាលើ Facebook នោះអាចជាការពិត។ ជាមួយគ្នានេះ គេក៏សង្កេតឃើញមានមាតិជំទាស់លើព័ត៌មានដែលបញ្ជូនតៗគ្នានេះផងដែរដោយគេគិតថាវាអាចជាការបំប៉ោងព័ត៌មានមិនពិតកើតចេញពី មនុស្សម្នាក់ដែលបញ្ជូនព័ត៌មាននេះនៅលើFacebook ដើម្បីអោយមនុស្សម្នាដទៃទៀតគេស្គាល់ខ្លួនថាជាមនុស្សល្បី តែការពិតដែលអ្នកទាំងអស់គ្នាដឹងចំពោះបញ្ហាព័ត៌មានដែលបញ្ជូនតៗគ្នានេះគឺ វាគ្មានប្រភពច្បាស់លាស់ គ្រាន់តែជារឿងដែលផ្អើលតៗគ្នាប៉ុណ្ណោះ។ឧត្តម ជានិស្សិតសាលវិទ្យាល័យភូមិន្ននីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញគណនេយ្យឆ្នាំទី ២ និងជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ជំនាញទំនាក់ទំនងអន្តរជាតិ ឆ្នាំទី ២ ផងដែរនោះបានមានមតិផ្ទាល់ខ្លួនជុំវិញបញ្ហាពាក្យចចាមអារ៉ាមនេះថា សម្រាប់ខ្ញុំជានិស្សិត ហើយក៏ជាយុវជនខ្មែរម្នាក់ដែលប្រើប្រាស់ Facebook ដូចគ្នា ខ្ញុំក៏បានទទួលពត៌មានថាមានមនុស្សប្លែកមុខចេញសកម្មភាពចាប់ មនុស្សវះយកគ្រឿងក្នុងនេះដែរ តែសម្រាប់គំនិតខ្ញុំពីដើមឡើយ ខ្ញុំគិតថាប្រហែលជាមានមនុស្សម្នាក់ដែលប្រើប្រាស់ Facebook ដូចគ្នាចង់តាំងខ្លួនអោយអ្នកដទៃស្គាល់ហើយប្រឌិតរឿងផ្សេងៗ ប៉ុន្តែក្រោយពីថ្ងៃម្សិលមិញនេះ ក្រោយពេលដែលខ្ញុំបានមើលកាសែតក្នុងស្រុកមួយអំពីព័ត៌មានដែលមានស្រ្តីម្នាក់ស្លាប់ដោយសារឃាតករសម្លាប់ដោយវះពោះនោះគឺខ្ញុំគិតថាវាពិតជាជួនគ្នាមែនទែនចំពោះរឿងទាំង ២ នេះ ដូចនេះហើយសម្រាប់ខ្ញុំ ខ្ញុំមិនហ៊ានអះអាងទេថាវាជាការពិត ឬយ៉ាងណាក៏ប៉ុន្តែយើងក៏ធ្លាប់បានឮ បញ្ហាដូចគ្នានេះមកដែរកាលពីជំនាន់ឆ្នាំ ១៩៨០ នេះបើតាមឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ ដូចនេះហើយសម្រាប់គំនិតខ្ញុំគិតថាគួរណាតែប្រយ័ត្នបន្តិចទៅ ជាពិសេសគឺអ្នកដែលចេញដើរយប់ ខ្ញុំមិននិយាយថាវាជាការពិតនោះទេ ក៏ប៉ុន្តែបើយើងមានស្មារតីប្រុងប្រយ័ត្នក៏វាល្អជាជាង យើងមិនប្រយ័ត្ននោះដែរ។ចំពោះបញ្ហានេះយើងមិនទាន់មានតម្រុយថ្មីនោះទេ ព្រោះបញ្ហាវះពោះសម្លាប់នៅខែត្រកំពតត្រូវបានសមត្ថកិច្ចរាយការណ៍ថាមិនមែនសម្លាប់យកគ្រឿងក្នុងនោះទេ ហើយសម្ដីខាងលើនេះគ្រាន់ជាសម្ដីយុវនិស្សិតខ្មែរ ដែលប្រើប្រាស់ Facebook មួយរូបប៉ុណ្ណោះ សល់ទាំងប៉ុន្មានទុកជាប្រធានបទជូនអ្នកអានគិតពិចារណា លោកអ្នកអាចទុកមតិជាគំនិតរបស់លោកអ្នកជុំវិញបញ្ហានេះនៅក្នុងប្រអប់បញ្ចេញមតិខាងក្រោមនេះ៕

ដោយ៖ នីតា