ខេត្តបន្ទាយមានជ័យ ៖ យុវជនឡើង.កម្នាក់ត្រូវប៉ូលិសស្រុកអង្គរបុរី ចាប់ឃាត់ខ្លួនដោយជាប់ចោទពីបទរំលោភសេពសន្ថវៈបានសំរេចលើនារីម្នាក់ មានអាយុ១៧ឆ្នាំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង១១ ទៅម៉ោង១២យប់ថ្ងៃទី១២ មករា នៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកសំរោង ស្ថិត ក្នុងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបុរី ។ លោកវរសេនីយ៍ត្រីផុន សាលីម អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននេះឈ្មោះពៅ សំណាង ហៅហ៊ីង អាយុ១៨ឆ្នាំ នៅភូមិប្រឡាយចារ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ជននេះជាប់ចោទពីបទចាប់នារីម្នាក់ អាយុ១៧ឆ្នាំ រំលោភ ។ ចំពោះការចាប់ឃាត់ខ្លួនឈ្មោះពៅ សំណាង ហៅហ៊ីងនេះគឺផ្អែកទៅលើបណ្តឹងរបស់នារីរងគ្រោះថ្ងៃទី១៤ មករា ដោយប្តឹងថា ជនជាប់ចោទបានឌុបម៉ូតូថា នាំនាងទៅផ្ទះក្នុងសភាពដែលនាងស្រវឹងស្រា តែជននេះមិននាំទៅផ្ទះទេ បែរជា
ឌុបនាងចូលក្នុងបរិវេណសាលាបឋមសិក្សាព្រែកសំរោង ហើយចាប់នាងរំលោភលើកៅអីមុខអគារសិក្សារហូតបានសំរេចទើបឌុបនាងទៅផ្ទះ ។
លោកអធិការស្រុកបានបន្តឱ្យដឹងទៀតថា តាមចំលើយរបស់ជនជាប់ចោទបានសារភាពថា មុនដំបូងរូបគេ និងបក្សពួក៤ ទៅ៥នាក់អង្គុយផឹកស៊ីនៅក្បាលស្ពានយោលក្នុងភូមិប្រឡាយចារ ។ ពេលនោះនាងរងគ្រោះ និងមិត្តភក្តិរបស់គេម្នាក់ទៀតបានមកដល់ក៏ចូលរួមផឹកជាមួយដែរ ។ ក្នុងនោះនារីរងគ្រោះមានសភាពស្រវឹងស្រាយ៉ាងខ្លាំង ខ្លួនក៏យកម៉ូតូជិះឌុបនាងមកផ្ទះ តែដោយឱកាសល្អ និងយប់ស្ងាត់ផងនោះ រូបគេក៏ឌុបនាងចូលក្នុងសាលាបឋមសិក្សាព្រែកសំរោង ចាប់នាងរំលោភសេពសន្ថវៈបានសំរេចទើបឌុបនាងទៅផ្ទះ ។ លុះវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ មករាស្រាប់តែប៉ូលិសមកចាប់ខ្លួនតែម្តង ។ លោកវរសេនីយ៍ត្រីផុន សាលីម បានបញ្ជាក់ថា ផ្អែកតាមបណ្តឹងជនរងគ្រោះ និងចំលើយសារភាពរបស់ជនជាប់ចោទ ឈ្មោះពៅ សំណាង ហៅហ៊ីង ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់វិធានការតាមច្បាប់បន្ត ៕
http://kohsantepheapdaily.com.kh/art...116-04334.html