សៀមរាប ៖ ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​២​ដើម បាន​ឆ្មក់​ចូល​ធ្វើ សកម្មភាព​ប្លន់​ផ្ទះ​អ្នក​លក់​ចាប់​ហ៊ួយ​នៅ​ស្រុក​ស្វាយ​លើ ប្រមូល​បាន​គ្រឿង​អលង្ការ​និង​សម្ភារៈ​មួយ​ចំនួន ហើយ​រត់​គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​ដោយ​សុវត្ថិភាព។

ហេតុការណ៍​ប្លន់​នេះ​ពុំ​បាន​បណ្តាល​អោយ​មាន​មនុស្ស​រងរបួស​ឬ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ ។

ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​ នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ។ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ប្លន់​នេះ សមត្ថកិច្ច​ប៉ូលិស​និង​ប៉េអឹម​​របស់​ស្រុក​ស្វាយ​លើ បាន​ចេញ​ប្រតិបត្តិការ​តាម​ប្រម៉ាញ់​រុក​រក​មុខ​សញ្ញា តែ​ក្រុម​សមត្ថកិច្ច​ហាក់​បី​ដូច​ជា​ដើរ​យឺត​មួយ​ជំហ៊ាន ។

ទាក់​ទិន​និង​ករណី​នេះ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយ​លើ លោក​អនុសេនីយ៍​ទោ​ស៊ុន ថៃ បាន​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ក្រុម​ចោរ​ចូល​ប្លន់​មាន​ឈ្មោះ​ឈៀវ ប៊ុនរិទ្ធ ភេទ​ស្រី អាយុ​​៥១​ឆ្នាំ​និង​ប្តី​ឈ្មោះ សុខ វ័ន្ត អាយុ​ជាង​៥០​ឆ្នាំ មាន​មុខ​របរ​លក់​ចាប់​ហ៊ួយ​ក្នុង​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ។ លោក នាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា ក្នុង​អំពើ​ប្លន់​នេះ​ម្ចាស់​ផ្ទះ​បាត់​បង់​សម្ភារៈ​មួយ​ចំនួន​រួម​មាន​​ គ្រឿង​អលង្ការ​ជា​ផ្លាកទីន​៨​ជី ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង កាត​ទូរស័ព្ទ​០៩៧​ចំនួន​៣១​សន្លឹក អត្តសញ្ញាណប័ណ្ណ​ប្រជាជន​១​និង បារី​លុចសារី​០១​ សុង។

លោក​អនុសេនីយ៍​ទោ​ស៊ុន ថៃ បាន​បន្ត​ថា តាម​ការ​សាក​សួរ​នៅ​កន្លែង​កើត​ហេតុ ក្រុម​ចោរ​មាន​គ្នា​៣​នាក់ មាឌ​ល្អិត ស្លៀក​ពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វាយបត់​ចំនួន​២​ដើម​ធ្វើ​ ដំណើរ ដោយ​ថ្មើរ​ជើង។ លោក​បាន​បន្ត​ថា មុន​ពេល​ធ្វើ​សកម្មភាព​ប្លន់​ក្រុម​ចោរ​បាន​ហៅ​ម្ចាស់​ផ្ទះ​ដើម្បី​ទិញ​បារី ខណៈ​ដែល​ម្ចាស់​ផ្ទះ​បើក​ទ្វារ ក្រុម​ចោរ​ក៏​យក​កាំ​ភ្លើង​ភ្ជង់ ហើយ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ រួច​ពួក​វា​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ៕

http://www.kampucheathmey.com/local-...-10-05-48.html