ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ត្រូវរបួសបែកក្បាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយ បង្កដោយយុវជនម្នាក់ ដែលបានបើកម៉ូតូគេចពីនគរបាល កំពុងត្រួតពិនិត្យ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងអត់ដាក់កញ្ចក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃ ទី១៥ ខែមករា ឆាំ២០១១ នៅលើដងផ្លូវហ្សាដឺហ្គោល កែងនិងផ្លូវ១៣៩ ស្ថិតក្នុងសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លឹម ឆេង អាយុ ៦៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៣២បេអឺសូន្យ ផ្លូវលេខ២៨០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណែកភាគីបង្កហេតុមានឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២២ឆាំ ធ្វើការនៅហាង យីហោចិនខ្មៅ នៅស្ទឹងមានជ័យ។

សាក្សីឃើញហេតុការណ៍និយាយថា មុនកើតហេតុ បុរស ដែលបង្កហេតុជិះម៉ូតូរបស់ខ្លួន ម៉ាកស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ឌៅ-២៤៨៧ ទិសដៅពីខាងកើតមកលិច ពេលមកចំណុចកន្លែងដែលនគរបាលត្រួតពិនិត្យ មួក និងកញ្ចក់ ស្រាប់តែបន្ថែមល្បឿន ដើម្បីជិះគេច ក៏បណ្តាលឱ្យទៅបុកជនរងគ្រោះតែម្តងទៅ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាននគរបាលជួយយកទៅសង្គ្រោះ នៅគ្លីនិកមួយក្បែរកន្លែងកើតហេតុ ចំណែកជនបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់។

http://dap-news.com/index.php?option...news&Itemid=50