ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១៣ មករា នៅវាលស្រែក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច មានរៀបចំពិធីទិវាស្រែបង្ហាញអំពីការដាំដុះតាមបែបបច្ចេកទេស និងតាមទំលាប់ ដែលរៀបចំនិងឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ក្រោមអធិបតីភាពលោកយស់ មុន្នី ប្រធានមន្ទីរកសិកម្មខេត្ត ។ អញ្ជើញចូលរួមក្នុងពិធីនោះដែររួមមានលោកបណ្ឌិតអ៊ាន រ៉ូសែល ទីប្រឹក្សាម្ចាស់គំរោងដែលជាតំណាងឱ្យម្ចាស់ជំនួយសហភាពអឺរ៉ុប អ្នកស្រីឃុន គីមលន់ ប្រធានការិយាល័យកសិកម្មស្រុក លោកមេភូមិ មេឃុំ និងប្រជាកសិករជាច្រើននាក់ទៀត ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកអាន ព័រ ជាជំទប់ទី១ ឃុំល្វារួចមក អ្នកស្រីឃុន គីមលន់ ប្រធានការិយាល័យកសិកម្មស្រុកបានធ្វើការបកស្រាយពន្យល់ ដល់ប្រជាកសិករស្តីពីសញ្ញានិងរោគសញ្ញាថ្នាំពុលកសិកម្មការដុះលូត លាស់របស់ដំណាំស្រូវ និងមតិរបស់ប្រជាកសិករដែលជាតំណាងតាមភូមិនីមួយៗធ្វើការ ពន្យល់និងណែនាំបន្ថែម ។ អ្នកស្រីឃុន គីមលន់ បានសំណូមពរដល់ប្រជាកសិករឱ្យចេះប្រើប្រាស់ថ្នាំដែលផ្សំឡើងដោយ ធម្មជាតិ ដូចជា ពពួករុក្ខជាតិដែលមានជាតិល្វីង និងរុក្ខជាតិដែលមានជាតិពុលបុកបញ្ចូលគ្នាត្រាំឱ្យបានកន្លះខែ ទើបយកទៅបាញ់ ឬប្រើប្រាស់សំរាប់កំចាត់សត្វមមៀចត្នោតនិងសត្វដង្កូវជាដើម ។ នេះជាវិធីងាយមានប្រសិទ្ធភាព មិនប៉ះពាល់ដល់សុខភាព ហើយមិនខាតបង់ថវិកាផង ។
លោកបណ្ឌិតអ៊ាន រ៉ូសែល តំណាងឱ្យម្ចាស់ជំនួយសហភាពអឺរ៉ុបបានមានប្រសាសន៍ថា ជួសមុខឱ្យម្ចាស់ជំនួយក្រោយពីបានដើរពិនិត្យមើលការធ្វើស្រែ របស់បងប្អូនប្រជាកសិករតាំងពីពេលសាប ដកស្ទូងរហូតមកដល់ស្រូវទុំ លោកសប្បាយចិត្តណាស់ព្រោះឃើញស្រូវមានទិន្នផលល្អបងប្អូនសប្បាយ ចិត្ត នេះដោយសារបងប្អូនចេះងាកមកធ្វើស្រែតាមបច្ចេកទេសបានល្អប្រសើរ ។ លោកបន្តថា លោកនឹងពាំនាំសេចក្តីសប្បាយរីករាយរបស់ប្រជាកសិករក៏ដូចជា សេចក្តីស្នើសុំរបស់បងប្អូនកសិករដែលមានការខ្វះខាតដូចជាពូជ ល្អៗ ឬអ្នកបច្ចេកទេសផ្នែកដំណាំ ប្រាប់ម្ចាស់ជំនួយឱ្យមកជួយដល់បងប្អូនបន្តទៀត ។
លោកយស់ មុន្នី ប្រធានមន្ទីរកសិកម្មខេត្ត ព្រៃវែងបានមានមតិសំណេះសំណាលជាមួយប្រជាកសិករថា ការធ្វើស្រែបានផលល្អបែបនេះក៏ដោយសារការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានសម្តេចទាំង៣ ជាប្រមុខដឹកនាំ ។សម្តេចលោកបានខិតខំរកវិធីសាស្ត្រគ្រប់បែបយ៉ាងតាំងពីរកអ្នក ផ្តល់ជំនួយ អ្នកបច្ចេកទេសផ្នែកកសិកម្ម ស្រូវពូជជាដើម ដើម្បីជួយឱ្យបងប្អូនធ្វើស្រែបានផលច្រើន ។ លោកបានមានប្រសាសន៍បន្តថា ឥឡូវនេះលោកហ៊ី បាវី ប្រធានកំពង់ផែរាជធានីភ្នំពេញ ក៏បានជួយជ្រោមជ្រែងគ្រប់បែបយ៉ាងតាំងពីប្រឡាយមេ ទឹក បង្គោលភ្លើង តភ្លើងពីប្រទេសវៀតណាមមកឱ្យបងប្អូនប្រើប្រាស់ ។ ក្នុងនោះដែរ លោកបញ្ជាក់ថា ស្រូវយើងឆ្នាំនេះក្នុងទឹកដីខេត្តព្រៃវែង វ៉ាដាច់ខេត្តតាកែវ និងបាត់ដំបង ដោយសារខេត្តបាត់ដំបងត្រូវបានចែកជាពីរផ្នែក ទៅជាខេត្តបន្ទាយមានជ័យមួយទៀត ។
លោកបានឱ្យដឹងទៀតថា ក្រៅពីទុកហូបនិងការនាំចេញទៅលក់នៅប្រទេសវៀតណាមដែលក្នុង ១ឆ្នាំៗ ក្នុងខេត្តព្រៃវែងនាំស្រូវចេញទៅលក់បានពី១លានទៅ២លានតោន ហើយនៅសល់ស្រូវរាប់ពាន់តោនទៀត ។ លោកបានឱ្យដឹងថា ស្រូវដែលយើងធ្វើបានផលល្អច្រើនមាន៣ប្រភេទ គឺ១-ពូជស្រូវស្រាល មានអ៊ីអ៊ែរ 66 សែនពិដោរ ជលសារ ២-ពូជស្រូវកណ្តាលមាន ផ្ការំដួល ផ្ការំដេង ផ្ការមាត់ ផ្កាចន្ទសែនស (ហៅផ្កាខ្ញី) និង៣-ស្រូវធ្ងន់ មាន រាំងជ័យ ៥៤,៥៦ សំរាប់ឱ្យបងប្អូនជ្រើសរើសយកមកធ្វើទៅតាមលក្ខណៈនៃដីនិងពេល វេលា ។ លោកបានផ្តាំផ្ញើឱ្យបងប្អូនប្រជាកសិករទាំងអស់ត្រូវយកចិត្ត ទុកដាក់ធ្វើស្រែតាមបែបបច្ចេកទេសទើបបានផលច្រើន និងត្រូវចេះប្រមូលផលស្រូវឱ្យបានទាន់ពេលវេលាដូចពាក្យចាស់លោក ថា �ច្រូតស្រូវទុំបាន៣ ច្រូតស្រូវខ្ចីបាន៤� ៕
http://kohsantepheapdaily.com.kh/art...14-030728.html