កណ្ដាល ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១១នេះ ចរាចរត្រូវបានកកស្ទះនៅត្រង់ចំណុចផ្លូវជាតិ លេខ២១B នៅក្នុងភូមិព្រែកធុន ឃុំកោះធំ២ ស្រុកកោះធំ ខេត្តកណ្ដាល ដោយសារតែរថយន្តដឹកពោតរបស់ អាជីវករដឹកលើសចំណុះឆ្លងកាត់ស្ពានទ្រុឌទ្រោមមួយ បណ្ដាលឲ្យបាក់ធ្នឹមក្បាលស្ពានខាងត្បូង មិនអាចឲ្យធ្វើដំណើរឆ្លងកាត់បាន។
សេចក្ដីរាយការណ៍ពីស្រុកកោះធំបាន ឲ្យដឹងថា ការបាក់ស្ពានបាឡេនេះកើតឡើងអំឡុងម៉ោង១២យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ បង្កដោយរថយន្តធុនធំ ដឹកពោតទៅលក់នៅជ្រៃធំព្រំដែនកម្ពុជា វៀតណាម ប៉ុន្តែដោយការដឹកនោះឈ្មួញបានឃុបឃិតគ្នាជាមួយខាងសមត្ថកិច្ច ថ្លឹងរថយន្តទើបដាក់លើសចំណុះ បណ្ដាលឲ្យស្ពានទ្រុឌទ្រោមមិនអាចទ្រាំទ្របាន។
ក្រុមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង កាត់កំណាត់ផ្លូវនេះ បានខឹងសម្បារដោយសារតែមន្រ្តីកាន់ជញ្ជីង ថ្លឹងរថយន្តបានឃុបឃិតបណ្ដោយឲ្យរថយន្តដឹកលើសចំណុះតាមចិត្តទើប បង្កឲ្យបាក់ស្ពានយ៉ាងនេះ។ ណា មួយស្ពានមានសភាពទ្រុឌទ្រោម និងមានបណ្ដោយប្រវែងជាង២០ម៉ែត្រ ទទឹងប្រមាណ៤ម៉ែត្រប៉ុណ្ណោះ ជា ប្រភេទស្ពានបាឡេ ហើយធ្លាប់បាក់ម្ដងរួចមកហើយកាលពីសប្ដាហ៍មុនដោយសារការដឹកទំនិញ ហួសចំណុះ បែបនេះ។
រថយន្តបង្កត្រូវបានសមត្ថកិច្ចនៃ ការិយាល័យគមនាគមន៍ស្រុកកោះធំ ស្ទូចយកទៅរក្សាទុក ដោយ ទាមទារឲ្យម្ចាស់រថយន្តសងជាសំណង៥០០ដុល្លារ ដើម្បីជួសជុលស្ពានឡើងវិញ។
សា្ថនភាពចរាចរនៅកំណាត់ផ្លូវជាតិលេខ 21B ស្ថិតក្នុងភូមិព្រែកធុន ឃុំកោះធំខ ស្រុកកោះធំ ខេត្ត កណ្ដាល កំពុងតែស្ទះចរាចរសងខាងផ្លូវរាប់គីឡូម៉ែត្រ មានតែម៉ូតូនិងអ្នកធ្វើដំណើរថ្មើរជើងតិចតួចប៉ុណ្ណោះ ដែលឆ្លងកាត់បាន៕
http://www.kampucheathmey.com/local-...-04-21-38.html