ខេត្ដបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានក្រៅផ្លូវការនៅឡើយឱ្យដឹងថា មន្ត្រីប៉ូលិសនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យម្នាក់ទៀតត្រូវ បានឃាត់ខ្លួននៅថ្ងៃទី១៤ មករា គឺលោកអនុសេនីយ៍ទោ ទី ណាស៊ី ដែលមានតួនាទីជាប្រធានផ្នែករដ្ឋបាលការិយាល័យប្រឆាំងគ្រឿងញៀន ។ ទាក់ទិននឹងការឃាត់ខ្លួនមន្ត្រីប៉ូលិសម្នាក់ទៀតនេះ មិនត្រូវបានមន្ត្រីផ្លូវការណាមួយអះអាងដឹងទេ ហើយជុំវិញការឃាត់ខ្លួនមន្ត្រីរូបនេះក៏មិនដឹងថា មានការទាក់ទិននឹងសំណុំរឿងគ្រឿងញៀនដ៏ធំដែលអតីតស្នងការលោក ហ៊ុន ហ៊ាន និងស្នងការរងលោកឈៀង សុន កំពុងត្រូវទទួលនូវដំណើរការស៊ើបអង្កេតនោះទេ ។
ប្រភពព័ត៌មានទាក់ទិននឹងអតីតស្នងការ-ស្នង ការរងប៉ូលិសខេត្តបន្ទាយមានជ័យនេះ បានឱ្យដឹងថា នៅថ្ងៃទី១៤ មករា អស់លោកទាំង២ត្រូវបាននាំខ្លួនពីអង្គភាពប្រឆាំងអំពើពុករលួយ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ហើយបើតាមប្រភពថា លោកទាំង២ក៏ត្រូវបានលោកស្រី គង់ កួយ អនុប្រធានសាលាដំបូងចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ។ នេះជាអ្នកទី២និងទី៣ហើយដែលអតីតមន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបដែល ជនទី១គឺលោកនួន វណ្ណា អតីតប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ។ ការសំរេចឱ្យឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាបនេះ គឺដើម្បីរក្សាសុវត្ថិភាពដល់ពិរុទ្ធដែលមានអំណាចខាងចាប់ចងទាំង នេះឱ្យគេចផុតពីការប្រឈមមុខនឹងក្រុមអ្នកទោសដែលអាចមានកំហឹង ជាយថាហេតុ។ ការព្យាយាមធ្វើការសាកសួរទៅកាន់មន្ត្រីតុលាការខេត្តសៀមរាប- ឧត្តរមានជ័យ និងមន្ត្រីពន្ធនាគារខេត្តសៀមរាប ត្រូវបានទទួលការបំភ្លឺថា មិនបានដឹងថា អតីតស្នងការ-ស្នងការរងខេត្តបន្ទាយមានជ័យត្រូវបានឃុំខ្លួននៅ ក្នុងខេត្តសៀមរាបទេ។ មន្ត្រីនានាដែលបានសាកសួរពីដំណើរការនៃនីតិវិធីចុងក្រោយនេះ មិនត្រូវបានលំអិតឱ្យដឹងជាផ្លូវការនោះឡើយ។
ចំណែកលោកម៉ឹក ដារ៉ា អតីតប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងមន្ត្រីក្រោមឱវាទម្នាក់គឺលោកជា ឡេង តាមប្រភពព័ត៌មានបានឱ្យដឹងថា ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយហើយកាលពី ថ្ងៃទី១៤ មករា។ មានការកត់សំគាល់ថា បន្ទាប់ពីមានការឃាត់ខ្លួនមន្ត្រីប៉ូលិសថ្នាក់ខ្ពស់ជាបន្ត បន្ទាប់ដែលទំនងជាទាក់ទិននឹងសំណុំរឿងគ្រឿងញៀន រហូតមកដល់ថ្ងៃទី១៤ មករា មន្ត្រីក្រសួងមហាផ្ទៃក៏ដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុក រលួយ មិនបានផ្តល់ព័ត៌មានផ្លូវការណាមួយពាក់ព័ន្ធនឹងការឃាត់ខ្លួន ទាំងនេះទេ ដោយបានសំអាងថា កំពុងមានការស៊ើបអង្កេត និងសាកសួរមិនអាចផ្តល់ព័ត៌មានលំអិតណាមួយបានទេ ព្រោះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ លោកតន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានព្រឹត្តិបត្រព័ត៌មានដកស្រង់ប្រសាសន៍ថា លោកហ៊ុន ហ៊ាន និងលោកឈៀង សុន ត្រូវបញ្ជូនមកតុលាការនៅថ្ងៃនេះ (១៤ មករា)។ លោកតន់ សីហតេជៈ ត្រូវបានដកស្រង់សំដីបន្តថា សំណុំរឿងនេះត្រូវតែបញ្ជូនមកតុលាការមិនឱ្យហួសថ្ងៃនេះទេ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយអាចឃុំខ្លួនពួកគេបានត្រឹម តែរយៈពេល៤៨ម៉ោងប៉ុណ្ណោះ៕
http://kohsantepheapdaily.com.kh/art...14-043645.html