ក្រុង​ប៉ោយ​ប៉ែត ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​​​ចំនួន​៧​នាក់ ក្នុង​ចំណោម​​៣០​នាក់ ដែល​សមត្ថ​កិច្ច​​សៀម​បាន​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ជាង​៦​ល្ងាច ​ថ្ងៃ​ទី​១១ មករា ​នោះ ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​កម្ពុជា​វិញ ​ហើយ​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៣ មករា ។​ ពល​រដ្ឋ​ទាំង​៧​នាក់​នេះ​ត្រូវ​​សមត្ថ​កិច្ច​កម្ពុជា បាន​ទៅ​យក​​ពី​កន្លែង​ឃុំ​ខ្លួន​សៀម ក្នុង​ខេត្ត​ស្រះ​កែវ ដោយ​ខ្លួន​ឯង និង​​មិន​មាន​​​ការ​ជូន​ដំណើរ​ពី​ភាគី​សៀម​នោះ​ទេ ។ ពួក​គេ​ទាំង​៧​នាក់​ពេល​​មក​ដល់​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ថៃ​ ត្រូវ​បាន​ទទួល​ និង​សួរ​​សុខ​ទុក្ខ​ពី​សំណាក់​​លោក​អ៊ុង អឿន អភិ​​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មន្ត្រី​ស្ថាប័ន​ពាក់​ព័ន្ធ​ ព្រម​ទាំង​កំលាំង​​គ្រប់​កង​ឯក​ភាព​ទូទាំង​ខេត្ត​ផង​ដែរ ។

​ប្រជា​ពល​រដ្ឋ​ទាំង​៧​នាក់​នោះ ១-ឈ្មោះ​សែម មករា អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​កំពង់​ចាម ២-ឈ្មោះ​តូច ទិត្យ អាយុ​១៩​ឆ្នាំ ​មក​ពី​ខេត្ត​កំពង់​ធំ ៣-ឈ្មោះ​ទន់ ធា អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​សៀម​រាប ៤-ឈ្មោះ​​យ៉ា ពៅ អាយុ​២៧​ឆ្នាំ មក​ពី ខេត្ត​ក្រចេះ ៥-ឈ្មោះ​​កា​ណាត់ អាយុ​២៣​ឆ្នាំ មក​ពី ខេត្ត​កំពង់​ចាម និង​ពីរ​នាក់​​​ទៀត​មិន​ផ្តល់​អត្ត​សញ្ញាណ ព្រោះ​ពួក​គេ​​រវល់​តែ​ត្រេក​អរ​​រត់​​ចុះ​ឡើង​ ​បន្ទាប់​ពី​​ទទួល​បាច់​ផ្កា​ពី​អាជ្ញា​ធរ​រួច ។ ពល​​ករ​ទាំង​នេះ​សុទ្ធ​តែ​​ប្រុសៗ​ ជា​កម្ម​ករ​​ធ្វើ​ស្បែក​ជើង​ជុំ​គ្នា​នៅ​ផ្សារ​ឡុង​គ្លឿ ស្រុក​អារញ្ញ ដោយ​ភាគី​សៀម​ចោទ​​ប្រកាន់​ពួក​គេ​​​ថា ​​ចូល​ទៅ​ទឹក​ដី​សៀម​​ដោយ​ខុស​ច្បាប់ ។

​តាម​ប្រភព​​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​​បង្ហើប​ឱ្យ​ដឹង ​​ថា ​កម្ម​ករ​ទាំង​​៧​នាក់​នោះ​ ត្រូវ​​​តុលា​ការ​​បង្គាប់​ឱ្យ​ដាក់​លុយ​ធានា​​នៅ​ក្រៅ​ឃុំ​ក្នុង​ម្នាក់ៗ​ ៣.៤០០​បាត ក្រោយ​ពី​ត្រូវ​​គេ​​នាំ​ឡើង​តុលា​ការ​សៀម​នៅ​ខេត្ត​​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មករា ។ ប្រភព​​ដដែល​បន្ត​ថា ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រគល់​ ព្រោះ​តែ​ភាគី​សៀម​ចង់​ដឹក​ពួក​គេ​ (៧​នាក់) តាម​រថយន្ត​​ទ្រុង​ដូច​ពល​ករ​ដទៃ​​ទៀត ប៉ុន្តែ​ត្រូវ​អាជ្ញា​ធរ​​សមត្ថ​កិច្ច​កម្ពុជា សុខ​ចិត្ត​សុំ​ដឹក​តាម​រថយន្ត​សមត្ថ​កិច្ច​មក​វិញ ៕

http://kohsantepheapdaily.com.kh/art...14-013137.html