ក្រុម​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​របស់​សាលា​ខណ្ឌ​ដូន​ពេញ ​និង​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ី​ន ដែល​ទទួល​បាន​សិទ្ធិ​ពីរដ្ឋាភិ​បាល​កម្ពុជា​ក្នុង​​ការ​អភិវឌ្ឍ​គម្រោង​ បឹងកក់​ដ៏ចម្រូង​ចម្រាស ​បាន​ធ្វើការ​រឹបអូស​យក​ម៉ាស៊ីន​ថត​ចំនួន​ពីរ​គ្រឿង​របស់​ក្រុម​អ្នក​ថត​រូប ​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ ​២០១១​នេះ។​ ការរឹ​បអូស​នេះ ​ធ្វើឡើង​ក្រោយ​ពេល​អ្នក​ថត​រូប​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​ព្យាយាម​ថត​យក​ រូប​ភាព​នៃ​ការ​បង្ក្រាប​លើការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹង​កក់​។

អ្នកព័ត៌​មានកាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍ ​បាន​រៀប​រាប់​ឲ្យដឹង​ថា ​នៅ​ក្រោយ​ពេល​បំបែក​ក្រុម​ប្រជា​ពល​រដ្ឋ​រួច​ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រមាណ​ ៧​នាក់​ បាន​រត់​សំដៅ​ទៅចាប់​ក្រៀក​អ្នក​ថត​រូប​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​លោក​សុវណ្ណ​ ភីឡុង​ ហាក់​ដូច​ជា​ សកម្ម​ភាព​កម្លាំង​សមត្ថ​កិច្ច​ចាប់​បង្ក្រាប​ក្រុម​ចោរ​យ៉ាង​ដូច្នោះ​ដែរ។​ បើ​តាម​លោក​សុវណ្ណ ​ភីឡុង ​កម្លាំង​សមត្ថ​កិច្ច ​បាន​ចាប់​ក្រៀក​ និង​ក្របួចក​អាវ​លោក ​មុននឹង​ចាប់​យក​ម៉ាស៊ីន​ថត​របស់​លោក ​បើទោះបី​ជា​លោក​បាន​បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នក​កាសែត​ ដែល​ចេញ​ ដោយ​ក្រសួង​ព័ត៌មាន​ និង​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​។

ក្រោយពី​មាន​អន្តរាគម​ន៍ពី​ក្រុម​អ្នកកាសែត​ ប្រជា​ពលរដ្ឋ ​និង​អង្គការ​សង្គម​ស៊ីវិល​ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​និង​ក្រុម​ហ៊ុន ​បាន​យល់ ​ព្រម​ប្រគល់​ម៉ាស៊ីន​ថតទាំង​ពីរគ្រឿង​ដល់​អ្នក​ថតរូប​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​វិញ។​ ប៉ុន្តែ​ការ​ប្រគល់​នោះ ​កម្លាំង​សមត្ថ​កិច្ច​ដែល​ស្ថិត​នៅក្នុង​ទីស្នាក់​ គណៈ​កម្មាធិការ​អភិវឌ្ឍន៍​បឹង​កក់ ​បាន​តម្រូវ​ឲ្យ​អ្នក​ថត​រូបកា​សែត ​ភ្នំពេញ ​ប៉ុស្តិ៍ ​លុបរូប​ថត​ដែល​បាន​ថត​នៅ​ក្នុង​សកម្មភាព​នៅ​ព្រឹក​មិញ ​និង​ បាន​តម្រូវ​ឲ្យផ្តិមេដៃ​ នៅ​លើ​លិខិត​កំណត់​ហេតុមួយ​។

ទាក់ទង​នឹងទង្វើ​នេះ ​ក្រុមអ្នក​សង្កេត​ការណ៍ ​បានលើក​ឡើងថា​ នេះ​គឺជាការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​អ្នក​សារព័ត៌​មាន​ និង​សិទ្ធិ​ បញ្ចេញ​មតិ​។ សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត ​បានធ្វើកា​រថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​កម្លាំង​ចម្រុះ ​និង​ក្រុម​ហ៊ុន​ស៊ូកា​គូអ៊ីន​ ដែល ​បាន​រំលោភ​លើ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន។​ សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​បាន​ថ្លែង​ថា​៖�ទង្វើ​នេះគឺ​ប្រាស​ចាក​ ពីអ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើក្នុង​ការលើក​ស្ទួយ​សេរីភាព​ សារព័ត៌មាន�​។ សមាគម​បាន​អំពាវ​នាវ​ដល់រ​ដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ​ឲ្យបាន​ត្រឹម​ត្រូវ​ ជាពិសេស​នៅក្នុង​ការ​អនុវត្ត​នៅ​ថ្នាក់​មូល​ដ្ឋាន​៕

http://khmer.phnompenhpost.com/index...ion&Itemid=102