ភ្នំពេញ ៖ ការ​បាញ់​ប្រហារ​មួយ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​២៤​និង​៤៥​នាទី នៅ​ភូមិ​ត្រពាំង​ថ្លាន់​សង្កាត់​ពន្សាំង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ជន​បង្ក​បាន​ប្រើ​កាំភ្លើង​អាកា​បាញ់​សំដៅ​ជន​រង​គ្រោះ​ពីរ​នាក់ ប្ដី​ប្រពន្ធ ប៉ុន្តែ​សំណាង​ល្អ​ជន​រង​គ្រោះ​ជា​ប្ដី​រត់​គេច​ខ្លួន​ទើប​រួច​​ផុត​អាយុ​ ជីវិត។ ជន​រង​គ្រោះ​មាន​ឈ្មោះ​តឿន​សំអូន ហៅ​យក់ ភេទ ប្រុស អាយុ​២៦ និង​ប្រពន្ធ​ឈ្មោះ​ជា ចាន់ អាយុ​២៤​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបានសំរាកនៅលើផ្ទះ ហើយមានជនដៃដល់ម្នាក់ បានយកកាំភ្លើងអាកាមកគោះខាងក្រោមផ្ទះទារលុយ ពេលនោះប្រពន្ធជនរង​គ្រោះ ឆ្លើយ ថា​មិនមានលុយ​នោះទេ។ ស្របពេលនេះជនរងគ្រោះជាប្ដីក៏បានឆ្លើយតបថា បើចង់បានលុយទៅ រកអ្នកផ្សេងទៅ គាត់គ្មានលុយទេ គ្រាន់តែឮសម្លេង ជនរងគ្រោះ ជាប្ដីភ្លាម ជនដៃដល់បានទាញកាំភ្លើងអាកា បាញ់សំដៅតែមិនត្រូវ លុះអាមេ គ្រាប់ទីពីរ បាញ់មិនចេញ។ ជនរងគ្រោះឃើញសភាពបែបនេះ​ក៏រត់ចេញពីផ្ទះ​សំដៅទៅភូមិ​ដើម្បី​ឲ្យ​អ្នក​ស្រុក​ ជួយ ស្រាប់តែជន​ដៃដល់​ដេញតាមបាញ់​ប្រមាណ១៦គ្រាប់ តែសំណាងល្អ ជនរងគ្រោះមិនបានត្រូវគ្រាប់នោះទេ។ ដោយសារខឹងចិត្តបាញ់មិនត្រូវ ជនដៃដល់​បាន​ត្រឡប់​មកផ្ទះវិញ បាញ់សំដៅទៅលើផ្ទះ៤គ្រាប់ទៀត ប៉ុន្តែមិនបាន​ត្រូវប្រពន្ធ​ជនរង​គ្រោះ​នោះទេ។ បន្ទាប់​មក​ជន​ដៃ​ដល់​បាន​បាញ់​សម្លាប់​សត្វ​គោ​មួយ​ក្បាល​និងបាញ់​ឲ្យ​រង​ របួស​គោ​១​ក្បាល​ផង​ដែរ។ ក្រោយកើតហេតុជនដៃដល់ បានគេចខ្លួនបាត់។​ សមត្ថកិច្ច​កំពុងតាម​ដានស្រាវជ្រាវ​រកមុខ​ជនល្មើស​​ព្រោះ​អាចស្គាល់​ អត្តសញ្ញាណ​ខ្លះ ហើយ ដោយសារជនរងគ្រោះ​ឆ្លើយថា​សង្ស័យ​ជារឿង​គំនុំច្រើន​ជាងប្លន់ ដោយសារជន​រងគ្រោះ​ធ្លាប់​មានទំ នាស់​ជាមួយប្អូន​ជន​ដៃដល់​នាគ្រាកន្លងមក៕

http://www.kampucheathmey.com/local-...-03-11-54.html