រាជធានីភ្នំពេញ ៖ យុវសិស្ស​​វិទ្យាល័យ​​ជា ស៊ីម ​សន្ធរម៉ុក ម្នាក់ដែល​ជា​ជន​ដៃ​ដល់​​វាយ និង​គប់ដុំ​ថ្ម​សំលាប់​ទៅលើ​​យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង​​១០​និង​​១៥​នាទី​យប់ថ្ងៃទី​​​១០ មករា នៅ​មុខ​​​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ ​ក្នុងសង្កាត់​​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ត្រូវសមត្ថ​កិច្ច​ខណ្ឌ​​ទួលគោក ​សហ​​ការ​ជាមួយ​ស្នង​ការ​​ដ្ឋានខេត្ត​ព្រះសីហនុ​ និង​ស្នង​ការ​​ខេត្តកំពត ​ស្រាវជ្រាវ​​ចាប់ខ្លួន​បាន​កាល​ពី ​​វេលាម៉ោង​​​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​១៣ មករា ​នៅ​ចំណុច​​ភូមិ​ព្រែក​​​អំពិល ឃុំ​កោះតូច ស្រុកទឹក​ឈូ ខេត្ត​កំពត ។​

ជនសង្ស័យ​​ដែលត្រូវ​ចាប់​​ខ្លួន​ ឈ្មោះយ័ន គុយ​ហេង ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​ជាសិស្ស​ថ្នាក់​ទី​១២ ​វិទ្យាល័យ​ជា ស៊ីម សន្ធរ​ម៉ុក ​មានទីលំនៅ​​ផ្ទះជួល​​លេខ​៤៤ ផ្លូវ​លេខ​១៣៨ ​សង្កាត់ទឹក​ល្អក់​​ទី​១ ខណ្ឌ​ទួលគោក ​និង​មាន​ស្រុកកំណើត​​នៅ​មណ្ឌល​ទី​៣ សង្កាត់​​​លេខ​២ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ។​ គួររំលឹក​ថា កាលពីវេលាម៉ោង​​១០​និង​​១៥នាទី​យប់ ​ថ្ងៃ​ទី​​១០ ​មករា ​ជនសង្ស័យ​​ រួម​ទាំង​​បក្សពួក​ប្រមាណ​​​៦​ទៅ​​៧​នាក់ ​បានធ្វើ​សកម្ម​ភាព​គប់ និង​វាយ​ទៅ​លើ​ឈ្មោះ​​ជា ហ៊ុល ​ហៅតឿ ​ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ​មានទីលំនៅ​ផ្ទះជួល សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ​បណ្តាល​ឱ្យ​​ស្លាប់នៅ​ពេលបញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ​​​ព្រះកុសុមៈ ​បាន​ប្រមាណ​​​ជាង​​៥ម៉ោង ។ បន្ទាប់ពី​វាយសំលាប់​​មនុស្សរួច​មក​​​ ជន​សង្ស័យ​​បានរត់​​គេ​ចខ្លួន​ទៅស្រុកកំណើត​​ខេត្ត​​ព្រះសីហនុ​ ​ហើយពេល​ដឹង​ខ្លួន​ថា សមត្ថកិច្ច​​​កំពុង​ស្វែង​​រក​តាមចាប់​​​​​ ក៏​​គេ​ចខ្លួន​​ទៅផ្ទះ​បង​ប្អូន​​ខេត្ត​កំពត​បន្ត​​​ទៀត ត្រូវសមត្ថកិច្ច​តាមចាប់​​បានតែ​ម្តង ៕​

http://kohsantepheapdaily.com.kh/art...13-205916.html