និស្សិតអាមេរិកម្នាក់អាចនឹងត្រូវជាប់ពន្ធនាគារ ៥ឆ្នាំ ដោយសារតែបានសរសេរនៅលើទំព័រ Facebook របស់ខ្លួនថានឹងធ្វើឃាតប្រធានាធិបតិអាមេរិក លោកបារ៉ាក់ អូបាម៉ា។

លោកអូបាម៉ា ក្នុងពិធីមួយនៅសាកលវិទ្យាល័យ Miami
នៅក្នុងតុលាការនៅ Miami កាលពីម្សិលមិញ និស្សិតម្នាក់ឈ្មោះ Joaquin Amador Serrapioបានទទួលទោសពីបទគំរាមធ្វើឃាត ឬធ្វើអោយគ្រោះថ្នាក់ដល់ប្រធានាធិបតិអាមេរិក។ ទីភ្នាក់ងារព័ត៌មាន AP បានអោយដឹងថា Joaquin Amador Serrapio អាចប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្ដែបុរសនេះក៏អាចត្រូវបានគេកាត់បន្ថយរយៈពេលនៃការជាប់ពន្ធនាគារនេះដែរ។
កាលពី ២ខែមុននេះ Joaquin Amador Serrapio បានសរសេរនៅលើទំព័រ Facebook របស់ខ្លួនថានឹងធ្វើឃាតលោកអូបាម៉ា ក្នុងពេលដែលលោកមកកាន់សាកលវិទ្យាល័យ Miami។
Joaquin Amador Serrapio បានសរសេរថា អ្នកណាដែលនឹងមកជួបអូបាម៉ា នៅសាកលវិទ្យាល័យ Miami ក្នុងថ្ងៃនេះ កុំភ្លេចបើកទូរស័ព្ទ។ ខ្ញុំនឹងបាញ់មួយគ្រាប់ទម្លុះក្បាលគាត់ ហើយអ្នកទាំងអស់គ្នាកុំបោះបង់ឱកាសនេះ។
Alan Ross មេធាវីរបស់កូនក្ដីខាងលើនេះបានអោយដឹងថា កូនក្ដីរបស់លោក សរសេរបែបនេះគឺគ្រាន់តែដើម្បីធ្វើអោយអ្នកគាំទ្ររបស់លោកអូបាម៉ា ខឹងតែប៉ុណ្ណោះ។ Serrapio មិនដែលមានគំនិតធ្វើអោយប្រធានាធិបតិរងគ្រោះនោះទេ។
Serrapio ជានិស្សិតម្នាក់ កំពុងសិក្សាផ្នែកពាណិជ្ជកម្មតន្ដ្រីនៅឯសាកលវិទ្យាល័យ Miami-Dade បុរសនេះក៏ជាអ្នកតន្ដ្រីផ្នែក rock ផងដែរ។ បច្ចុប្បន្ន និស្សិតនេះនៅតែត្រូវបានគេអនុញ្ញាតអោយស្ថិតនៅក្រៅឃុំ រហូតដល់ថ្ងៃទី ២២សីហា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ guardian