ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្នុងចំណោមបក្សពួក៣នាក់ បានត្រូវប៉ូលិសចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០១១ នៅចំណុចផ្ទះខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយពីចូលច្រៀងខារ៉ាអូខេ ហើយគ្មានលុយឱ្យម្ចាស់ហាង ។ លោកវរសេនីយ៍ត្រីរ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននេះឈ្មោះសាន ផុន ហៅម៉ៅ អាយុ៣២ឆ្នាំ មានទីលំនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ចំណែកបក្សពួកគេ២នាក់ទៀតគេចខ្លួនបាត់ ម្នាក់ឈ្មោះវ៉ាន់ នី ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះជឿន លន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ។ បុរសទាំង៣នាក់ខាងលើនេះ កាលពីយប់ថ្ងៃទី១០ មករា ឆ្នាំ ២០១១ បានចូលទៅផឹកស៊ី និងច្រៀងខារ៉ាអូខេនៅហាងមួយក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ដែលមានម្ចាស់ឈ្មោះមឿន ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ សរុបប្រាក់អស់ចំនួន៤៨ម៉ឺនរៀល ។
នៅចំពោះមុខសមត្ថកិច្ចជនឈ្មោះសាន ផុន ហៅម៉ៅ បានឆ្លើយថា មុនចូលច្រៀងខារ៉ាអូខេពួកគេនាំគ្នាផឹកទឹកត្នោតជូររហូតដល់ ស្រវឹងរៀងៗខ្លួនទៅហើយ ពេលនោះស្រាប់តែឈ្មោះជឿន លន់ បបួលមកច្រៀងខារ៉ាអូខេដោយអះអាងថា ខ្លួនគាត់ជាអ្នកចេញលុយ ។ ក្រោយពីផឹកស៊ីច្រៀងខារ៉ាអូខេចប់នៅម៉ោង១២យប់ ម្ចាស់ហាងគិតលុយអស់៤៨ម៉ឺនរៀល បែរជាឈ្មោះជឿន លន់ គ្មានលុយឱ្យគេ ក៏នាំគ្នាដេកនៅទីនោះមួយយប់ ។ លុះភ្លឺឡើងឈ្មោះវ៉ាន់ នី និងឈ្មោះជឿន លន់ បាននិយាយប្រាប់ម្ចាស់ហាងថា គាត់ទៅរកលុយមកសងដោយឱ្យខ្លួននៅចាំទីនោះ តែចាំបាត់ៗរហូតដល់ម៉ោង១០ព្រឹកថ្ងៃទី១១ មករា ក៏នៅពុំទាន់ឃើញគាត់យកលុយមកសងម្ចាស់ហាងសោះ បន្ទាប់មកស្រាប់តែឃើញឪពុករបស់ខ្លួន និងប៉ូលិសមកឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ ។ លោកអធិការនគរបាលក្រុងបានឱ្យដឹងថា បុរសឈ្មោះសាន ផុន ហៅម៉ៅ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្តតាមច្បាប់ ចំណែកបក្សពួកគេ២នាក់ទៀត សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ដើម្បីនាំខ្លួនមកសាកសួរផងដែរ ៕
http://kohsantepheapdaily.com.kh/art...13-035447.html