កាលពីសប្តាហ៍មុន Camnews បានចុះផ្សាយព័ត៌មានអំពី
បញ្ជីពន្ធធានាគារទាំង១០ដែល
ល្បីឈ្មោះជាងគេនៅលើពិភពលោក ក្នុងនោះមានពន្ធធានាគារទួលស្លែងរបស់ប្រទេស
កម្ពុជាយើងផងដែរ។ ដោយចៃដន្យនិងសំណាងល្អ យើងខ្ញុំបានស្គាល់បុគ្គលិកម្នាក់ដែល
កំពុងបំពេញការងារនៅ ពន្ធធានាគារ ឬឥឡូវគឺសារមន្ទីរទួលស្លែងនេះ។ ដូច្នេះ Camnews
បានធ្វើការចុះ សិក្សាប្រវត្តិសាស្រ្តរបស់ពន្ធធានាគារនេះ តាមរយៈការសំណេះសំណាល
រវាង Camnews និងបុគ្គលិករបស់សារមន្ទីរ គឺបងស្រី
កែវ នីវីត។
បងនីវីតតែងតែញញឹមជានិច្ច - រូបថត៖ Camnews គាត់មានរូបរាងតូចល្មម ហើយតែងតែញញឹមដាក់អ្នកនៅចំពោះមុខរបស់គាត់ជានិច្ច គាត់
ពិតជារួសរាយរាក់ទាក់ណាស់ចំពោះបុគ្គលិកយើងខ្ញុំ។ គាត់អាយុ៣២ឆ្នាំមែន ប៉ុន្តែមើលទៅ
គាត់ក្មេងជាងអាយុទៅទៀត។
ពន្ធធានាគារទួលស្លែង - រូបថត៖ Joanna Isobel Kelly
ស្រុកកំណើតរបស់គាត់គឺនៅទីក្រុងភ្នំពេញនេះ។ គាត់បានចូលធ្វើការនៅសារមន្ទីរនេះតាំង
ពីឆ្នាំ២០០៧ ក្រោយពីប្រលងជាប់ចូលក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គាត់ត្រូវបានគេ
បញ្ជូនទៅធ្វើការនៅ សារមន្ទីរទួលស្លែង នេះ។
មិនខុសពីបុគ្គលិករាប់សិបនាក់ដទៃទៀតទេ គាត់ក៏បានប្រាប់ទៅគ្រួសារថា៖ ខ្ញុំទៅធ្វើការ
ហើយ ដែលមិនគិតខ្វល់រឿងថាកន្លែងដែលគាត់កំពុងមកដល់នោះគឺជាពន្ធធានាគារ ស្ថិត
ក្នុងបញ្ជីពន្ធធានាគារទាំង១០ដែល ល្បីសាហាវឃោរឃៅជាងគេបំផុតលើពិភពលោកនោះ
ឡើយ។
បន្ទប់ធ្វើទារុណកម្ម - រូបថត៖ Joanna Isobel Kelly
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ គឺជាអតីត មន្ទីរសន្តិសុខ២១នៃរបប កម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុលពត (ឈ្មោះដើម សាឡុតស)។ មន្ទីរសន្តិសុខ២១
អក្សរកាត់ មន្ទីរ ស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយ ធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្តីសារភាពចប់សព្វគ្រប់។យោង
តាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះ សារមន្ទីរទួលស្លែង ដែលមានមនុស្សជាង
១៧០០០ នាក់ត្រូវខ្មែរក្រហមកាប់សំលាប់ដ៏ឃោរឃៅ។ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលត្រូវបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០.០០០នាក់។ ប៉ុន្តែមានត្រឹមតែប៉ុន្មានអ្នកទេ ដែលអាចរូចជីវិតពីពន្ធធានាគារទួលស្លែងនេះដែលនៅរស់នៅ
ឡើយ។ តាមបងស្រី
នីវីត បានបង្ហើបឲ្យដឹងថា ក្នុងនោះ ក៏មានលោក វណ្ណ ណាត អតីត
ជនរងគ្រោះដែលជាប់ក្នុងមន្ទីរសួរចម្លើយ គុកទួលស្លែង ឬ ស-២១ បាននៅរស់រានមាន
ជីវិតក្រោយពីរបបខ្មែរក្រហមដួលរលំ ហើយកំពុងធ្វើការនៅគុកទួលស្លែងនេះផងដែរ។
រូបថត៖ Joanna Isobel Kelly
គុកទួលស្លែងនេះ ពិតជាគួរឲ្យខ្លាចណាស់ សូម្បីតែបុគ្គលិក Camnews យើងខ្ញុំដែលធ្លាប់បាន
មកទស្សនានៅទីនេះក៏ដោយ ប៉ុន្តែរាល់ពេលដែលមកដល់ទីនេះ គឺតែងតែមានអារម្មណ៍ខ្លាច
ព្រឺសម្បុរបន្តិចដែរ។ក៏ប៉ុន្តែចំពោះ
បងស្រីនីវីត គឺគ្មានបញ្ហាអ្វីនោះទេ។
ការងារនៅទីនេះបានចងភ្ជាប់ជាមួយគាត់៤ឆ្នាំហើយ វាបានក្លាយទៅជាកន្លែងដែលជិតស្និត
ជាមួយគាត់។ គាត់បានឲ្យដឹងថា កាលពីមុននៅទីនេះធ្លាប់មានពាក្យចចាមអារាមមួយចំនួន
ថាមានរឿងចម្លែកៗបានកើតមានឡើងនៅទីនេះ។ គាត់បានឲ្យដឹងទៀតថា ជួនកាលគេឮ
សម្លេងចម្លែកៗនៅទីនេះ ប៉ុន្តែនៅពេលមកដល់កន្លែងហ្នឹង មិនឃើញអ្វីទាំងអស់។
រូបថត៖ Joanna Isobel Kelly
ប្រហែលជាមានមនុស្សជាច្រើន គឺគេមិនជឿទៅលើរឿងមានព្រលឹង មានខ្មោចនោះទេ។មានភស្តុតាងមួយចំនួនត្រូវបានដាក់ពិព័ណក្នុងសារមន្ទីរ ប៉ុន្តែមិនដឹងថាត្រូវពន្យល់យ៉ាង
ណានោះទេ។
រូបថតដែលគេហៅថា ព្រលឹងនៅទួលស្លែង
មានរូបថតជាច្រើន កើតឡើងដោយចៃដន្យនៅពេលគេថត ឃើញរូបព្រលឹងរបស់ជនរង
គ្រោះនៅលើរូបភាពនោះដោយមិនដឹងមកពីហេតុអ្វីនោះទេ។ ដល់ពេលបច្ចុប្បន្ន នៅតែមិន
ទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយអំពីបាតុភូតយ៉ាងចម្លែក និងគូរឲ្យខ្លាចនេះនៅ
ឡើយ។ បងស្រី
នីវីតបានឲ្យដឹងថាតំបន់ដែលគាត់គិតថាគូរឲ្យខ្លាចជាងគេគឺ អគារ C ព្រោះ
នៅទីនេះគឺជាកន្លែងដែលត្រជាក់ ហើយងងឹតទោះបីជានៅពេលថ្ងៃក៏ដោយ។
អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀន ត្រូវបានពួកមន្ទីរស២១ ប្រែក្លាយទៅជា
បន្ទប់តូចៗដែលមានប្រវែង២ម x ០,៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារ
ព័ទ្ធដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំឲ្យជនរងគ្រោះធ្វើអត្តឃាតដោយ
លោតពីលើ ចុះមកក្រោម។ អគារ B C និង D ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់
ពីឥដ្ឋនៅជាប់ៗគ្នា ប្រសិនបើពេលព្រឹកមិនបើកភ្លើងនោះទេ គឺបរិយាកាស ងងឹត គួរឲ្យ
ខ្លាចមែន។
ប៉ុន្តែចំពោះបង
នីវីត ទាំងអស់នោះគឺជាផ្នែកមួយក្នុងជីវិតរបស់គាត់។ ទោះបីជា ជួនកាលគាត់
មានការរវល់ត្រូវចេញពីធ្វើការយឺត ហើយពេលនោះងងឹត និងមិនសូវមានមនុស្សក៏ដោយ បើ ទោះបីជាគេនិយាយឲ្យដឹងថា នៅពេលយប់អាចនឹងមានរឿងចម្លែកកើតឡើងក៏ដោយ ក៏ប៉ុន្តែ
វាជារឿងធម្មតាសំរាប់គាត់ទៅហើយ។ គាត់បានឲ្យដឹងថា គាត់មិនខ្លាចខ្មោចទេ។ គេជួបខ្មោចគឺដោយសារ រាសីរបស់គេមិនល្អឬដោយសារគេធ្វើរឿងអាក្រក់ ទើបគេត្រូវខ្លាច ៕
ដោយ៖ មិនា .