សៀមរាប ៖ មន្ត្រីយោធាមួយរូបបន្លំពាក់ផ្កាយជាឧត្តមសេនីយ៍ឯក ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជ អាវុធហត្ថខេត្តសៀមរាប ឡោមព័ទ្ធចាប់នៅឯលំនៅឋាន ផ្ទាល់ខ្លួនរបស់គាត់ ស្ថិតក្នុងភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ប្រតិបត្តិការចាប់ខ្លួនឧត្តមសេនីយ៍ក្លែងក្លាយនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ ដោយប្រើប្រាស់កំលាំងជាង១០នាក់ប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ។
ទាក់ទិននឹងប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថពុំបានធ្វើអត្ថាធិប្បាយប្រាប់ ក្រុមអ្នកកាសែតអោយដឹងអំពីមូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះ ទេ។ ក៏ប៉ុន្តែប្រភពពីកងរាជអាវុធហត្ថខេត្តបានបង្ហើបអោយដឹងថា ការចាប់ខ្លួននេះតាមដីការបស់តុលាការយោធា ពាក់ព័ន្ធនិងបទល្មើស យោធាជាច្រើនករណី។ ប្រភពដដែលបានបន្តថា ជនដែលបានចាប់ខ្លួននេះមានឈ្មោះ ពើយ ប៉ែល ជាមន្ត្រីយោធាបន្លំពាក់ផ្កាយបី តែពុំដឹងថាស្ថិតក្នុងអង្គភាពណាពិតប្រាកដនោះទេ។
ប្រភពពីសមត្ថកិច្ចប៉េអឹមខេត្តបានបន្តទៀតថា ក្នុងពេលកំលាំងចុះប្រតិបត្តិការជនឈ្មោះ ពើយ ប៉ែល បានព្យាយាមរត់គេចទៅខាងក្រោយផ្ទះ តែមិនអាចគេចរួចទេព្រោះកងកំលាំងបានពង្រាយ ឡោមព័ទ្ធលំនៅឋាននេះរួចជាស្រេច។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជននេះបានហើយ ក្រុមសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាងមួយចំនួនរួមមាន កាំភ្លើងអាការ៤៧មួយដើម គ្រឿង ឥស្សរិយយសជាឧត្តមសេនីយ៍ឯក ស័ក្កអនុសេនីយ៍ឯក និងរថយន្តពណ៌ត្រេអ៊ី០១គ្រឿង ម៉ាកទ្រុបភឺ ពាក់ ស្លាកលេខ ខ.ម ៣៣៥៥។
ប្រភពដដែលបានបន្តថា ជនឈ្មោះពើយ ប៉ែល និងវត្ថុតាងត្រូវបាននាំមកកាន់ទីបញ្ជាការកង រាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរបន្ថែមជុំវិញរឿងនេះ។ ទោះបីជាបែបណារហូតមកដល់ម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១២ខែមករានេះ ពុំមានការអះអាងអោយបានច្បាស់លាស់អំពីការចាប់ខ្លួននេះទេ។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ មានប្រភពសន្និដ្ឋានផ្សេងៗគ្នាដោយអ្នកខ្លះសង្ស័យថា ជារឿងដីធ្លី ព្រោះពេលកន្លងមកបុគ្គលឈ្មោះពើយ ប៉ែល ត្រូវបានខាងរដ្ឋបាលព្រៃឈើសៀមរាបដាក់ពាក្យបណ្តឹងទៅតុលាការពីបទ កាន់កាប់ទន្ទ្រានដីព្រៃឈើខុសច្បាប់។ ចំណែកអ្នកខ្លះទៀតបានសន្និដ្ឋានថា ជារឿងបទល្មើសយោធាដោយសារតែបុគ្គលនេះឡើងឋានន្តរស័ក្កលឿនពេកពី ព្រោះអ្នកដែលធ្លាប់ស្គាល់ជននេះធ្លាប់ពាក់ស័ក្ក៣ តែបាត់មួយរយៈស្រាប់តែឃើញពាក់ផ្កាយ៣ទៅវិញ៕
http://www.kampucheathmey.com/local-...-10-52-41.html