លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជនគណបក្ស សម រង្ស៊ី បានដឹកនាំយុវជន​របស់​គ​ណ​បក្ស សម រង្ស៊ី ដែលមានគ្នាប្រមាណជាជាង ១០០ នាក់ ប្រមូល​ផ្តុំគ្នានៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោសនយោបាយ ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រុមយុវជន​ទាំងនោះ ក៏មាន​ផែនការដើរ​ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង និង​ទៅ​គោរព​ស្នា​ព្រះ​ហ​ស្ដរបស់​អតីតព្រះមហាក្សត្រ សម្តេចព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ នៅ​វិមានឯករាជ្យ​ផងដែរ​។​

នៅក្នុងព្រឹកនេះដែរ នៅឯសួនច្បារមុខស្ថានទូតអាមេរិក ក្បែរវត្តភ្នំ ក៏មានប្រជាពលរដ្ឋមួយក្រុម មានគ្នាប្រហែលជា ៥០នាក់ បានប្រមូលផ្ដុំគ្នា ដើម្បីតវ៉ា និងស្នើអោយដោះលែង អ្នកស្រី យ៉ោម បុប្ផាដែលត្រូវបានចាប់ខ្លួន ដោយសារបញ្ហាដីធ្លី កាលពីពេលថ្មីៗនេះផងដែរ។

/

/

/

 

ដោយ ៖ សូរីយ៉ា