រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​មែរ​​សឺ​ដេស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-8637 ត្រូវ​អ្នក​បើក​បរ​បើក​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​នៅ​លើ​កំណាត់​​មហា​ វិថី​​ម៉ៅ​សេទុង ​ស្ថិត​នៅ​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន កាល​ពីវេលា​ម៉ោង​​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី ១១ មករា ឆ្នាំ​២០១១ បណ្តាល​ឱ្យ​បាក់​របាំង​ថ្ម​អស់​ជាង​១០​កំណាត់​ ។ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​នេះ ពុំ​​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​​រង​​គ្រោះ​​ដល់​ស្លាប់​​ឡើយ សូម្បី​តែ​​អ្នក​បើក​បរ​រថយន្ត​ក៏​ពុំ​រង​​របួស​ធ្ងន់​ធ្ងរ​ដែរ​។ ទោះ​បី​ជា​យ៉ាង​​នេះ​ក្តី ​​ក៏​រថយន្ត​មែរ​សឺ​ដេស​ខាង​លើ​នេះ បាន​​ទទួល​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​គួរ​សម​ដែរ ។

​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​បង្ក​ហេតុ​ខាង​លើ​នេះ បាន​បើក​បរ​ធ្វើ​ដំណើរ​​លើ​មហា​វិថី​​ម៉ៅ​សេទុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​​ក្នុង​ល្បឿន​លឿន លុះ​ដល់​ចំណុច​កើត​ហេតុ​ក៏​ជ្រុល​ល្បឿន​​បុក​របាំង​ថ្ម​​ចែក​ទ្រូង​ផ្លូវ​ បាក់​អស់​ជាង​១០​កង់ ​ហើយ​រថយន្ត​បាន​វិល​ខ្លួន​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​ ។ ពុំ​មាន​ប្រភព​ព័ត៌​មាន​ណា​អះ​អាង​ថា រថយន្ត​​ដែល​បើក​​បុក​របាំង​​ថ្ម​ខាង​លើ​នេះ​ធ្វើ​​​ដំណើរ​​មក​ពី​ទី​ណា​ទៅ​ កន្លែង​ណា​ឡើយ ។ ជាង​នេះ​ទៅ​ទៀត​​​​អត្ត​សញ្ញាណ​របស់​អ្នក​បើក​បរ​រថយន្ត​ក៏​ពុំ​មាន​នរណា​ ស្គាល់​ដែរ ។ ប្រភព​ព័ត៌​មាន​មិន​ផ្លូវ​ការ​មួយ​បាន​ឱ្យ​ដឹង​ថា អ្នក​បើកប​រ​រថយន្ត​ខាង​លើ​នេះ​ជា​មនុស្ស​ស្រី​​ដែល​បាន​បើក​​រថយន្ត​ក្នុង​ ស្ថាន​ភាព​ស្រវឹង ។ ក្រោយ​​ពេល​កើត​ហេតុ​​ មន្ត្រី​នគរ​បាល​​ចរា​ចរ​ខណ្ឌ​ចំការ​មន សហ​ការ​​ជា​មួយ​នគរ​បាល​​ការិយា​ល័យ​ជំនាញ​​បាន​ចុះ​វាស់​វែង​ និង​​ស្ទូច​យក​រថយន្ត​ខាង​លើ​នេះ​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ ធានី​ភ្នំពេញ ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

http://kohsantepheapdaily.com.kh/art...11-033641.html