ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តស្ទឹងត្រែងបានឃាត់ខ្លួនបុរសម្នាក់ពីបទនាំ មនុស្សចេញពីផ្ទះដោយមិនស្របច្បាប់កាលពីថ្ងៃទី១៨ ធ្នូ ២០១០ ។ ការឃាត់ខ្លួននេះនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៨ មករា ២០១១ រួចនាំទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស ។ មន្ត្រី ប៉ូលិសឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួននៅចំណុចព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែងដោយកំលាំងស្នាក់ការកងរាជអាវុធហត្ថលេខ៧៨១ ខេត្តរតនគិរី ក្រោយពីទទួលបានព័ត៌មានពីប៉ូលិសខេត្តស្ទឹងត្រែង ។
បុរសជាឪពុកឱ្យកោះសន្តិភាពដឹងថា ឈ្មោះរ៉េត ចាន់រិទ្ធី ហៅទី បានទូរស័ព្ទទៅកូនស្រីរបស់គាត់អាយុ១៩ឆ្នាំ ជាគ្រូបង្រៀននៅក្នុងខេត្តស្ទឹងត្រែង ពេលនាងទៅលេងផ្ទះមិត្តភក្តិល្បួងទៅទីរួមខេត្តស្ទឹងត្រែងដេកក្នុង ផ្ទះសំណាក់រយៈពេល៥ថ្ងៃទើប គាត់តាមរកឃើញ ។ មន្ត្រីការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីបុរសជាឪពុកនៅថ្ងៃទី២០ ធ្នូ២០១០ ការិយាល័យប្រឆាំងការជួញដូរមនុស្សសហការជាមួយកំលាំងប៉ុសិ៍្ត រដ្ឋបាលឃុំកាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធករណីនាំមនុស្សចេញដោយមិនស្រប ច្បាប់នោះ ។ ជនសង្ស័យនាំអ្នកគ្រូនោះកាលពីថ្ងៃទី១៨ ធ្នូ ២០១០ ទៅបង្ខាំងនៅក្នុងបន្ទប់ផ្ទះសំណាក់ហេង សុជាតា រយៈពេល៥ថ្ងៃ ។
ប្រភពព័ត៌មានបន្តថា ជនសង្ស័យបានទិញទូរស័ព្ទដៃមួយគ្រឿងជូនជាកាដូដល់អ្នកគ្រូជាគូ ស្នេហ៍ ហើយបានបើករថយន្តយកទូរស័ព្ទនោះទៅជូននាង ។ ពេលជួបគ្នា ហើយ ជនសង្ស័យហៅនាងឱ្យចូលក្នុងរថយន្ត រួចដឹក
ទៅកាន់ ផ្ទះសំណាក់ហេង សុជាតា ក្នុងខេត្តស្ទឹងត្រែង បង្ខាំងទុករយៈពេល៥ថ្ងៃ ។ ក្រោយពីដឹងថា ឪពុកម្តាយតាមរកឃើញកូនស្រីរបស់ខ្លួន ជនសង្ស័យព្យាយាមគេចខ្លួនទៅខេត្តរតនគិរី តែត្រូវប៉ូលិសប៉ុសិ៍្តរដ្ឋបាល ឃុំតាឡាត ស្រុកសេសាន សហការជាមួយកងរាជអាវុធហត្ថស្នាក់ការលេខ៧៨១ ឈរជើងចំណុចព្រំប្រទល់ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែងឃាត់ខ្លួននៅមុខទីស្នាក់ការប៉េអឹម ។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការ ដ្ឋានខេត្ត លុះដល់ថ្ងៃទី១០ មករា ២០១១ ទើបសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ជនសង្ស័យឆ្លើយសារភាពថា គេពិតជាបាននាំនារីនោះទៅ ដេកក្នុងផ្ទះសំណាក់មែន ។ ជននេះសារភាពទៀតថា ពួកគេបានទាក់ទងស្រលាញ់គ្នាតាមទូរស័ព្ទ ទើបឈានដល់ការនាំគ្នាទៅផ្ទះសំណាក់ និងដោយដឹងខ្លួនជាមុនថា គេចង់ដោះដៃ ទើបមានបណ្តឹង ៕
http://kohsantepheapdaily.com.kh/art...11-032621.html