រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​​៤​នាក់​បាន​រង​របួស​ដោយ​​សារ​ការ​ប៉ះ​ទង្គិច​ គ្នា​​មួយ​ប្រាវ​​រវាង​កំលាំង​សណ្តាប់​ធ្នាប់​​ខណ្ឌ​សែន​សុខ​ដែល​​មាន​គ្នា​ ៩​នាក់ ជា​មួយ​នឹង​កម្ម​ករ​ជាង​កញ្ចក់​​មាន​គ្នា​​​៧​នាក់ ព្រោះ​​តែ​រឿង​បើក​រថយន្ត​វ៉ា​គ្នា ។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១១ ត្រង់​ចំណុច​​ស្តុប​ផ្សារ​ដី​ហុយ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។ ក្រោយ​ពី​កើត​ការ​ប្រទូស្ត​រ៉ាយ​គ្នា​​ភាគី​ទាំង​២​ត្រូវ​បាន​ប៉ូលិស​​ខណ្ឌ​ សែន​សុខ ​នាំ​ខ្លួន​ទៅ​សាក​សួរ​ទាំង​អស់​គ្នា ។

ភាគី​សណ្តាប់​ធ្នាប់​​៩​នាក់​មាន​ម្នាក់​ឈ្មោះ​សំ វិចិត្រ អាយុ​២៨​ឆ្នាំ ​ត្រូវ​របួស​បែក​ក្បាល​ដេរ​ជា​ច្រើន​ថ្នេរ ដោយ​​សារ​ត្រូវ​ភាគី​​​កម្ម​ករ​​វាយ​នឹង​បំពង់​ទីព ក្រៅ​ពី​នេះ​គ្មាន​របួស​ទេ ។ ចំណែក​​​ភាគី​​កម្ម​ករ​ជាង​កញ្ចក់​​ត្រូវ​របួស​៣​នាក់ ១-ឈ្មោះ​​វង្ស សុវ៉ាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​បើក​បរ​រថយន្ត បាន​រង​របួស​ហើម​សៀត​ផ្កា​​ខាង​ស្តាំ ដោយ​ត្រូវ​ដំបង ២-ឈ្មោះ​ណុប កៅ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​បាន​រង​របួស​​ចង្កេះ​ និង​ពោះ ​និង​៣-​ឈ្មោះ​ឈន ចាន់​ទី ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ បាន​រង​​របួស​​ត្រង់​ស្មា​ខាង​​ក្រោយ និង​ពោះ​ ឯ​កម្ម​ករ​​ផ្សេង​​​ទៀត​មិន​មាន​រង​របួស​​ទេ ។

​​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ ដឹង​ថា ​ដើម​ចម​នៃ​ការ​ប្រទូស្ត​រ៉ាយ​គ្នា​​នេះ គឺ​មុន​ពេល​កើត​ហេតុ​រថយន្ត​ដឹក​កម្ម​ករ​ជាង​កញ្ចក់​​​ម៉ាក​កូរ៉េ បាន​បើក​វ៉ា​រ៉ឺម៉ក​ ខណៈ​ពេល​រថយន្ត​បើក​​ដល់​ស្តុប​​ផ្សារ​ដី​ហុយ ​ក៏​បាន​ឈប់​ភ្លើង​​ស្តុប​។ ​ពេល​នោះ​រថយន្ត​ដឹក​កំលាំង​សណ្តាប់​ធ្នាប់​​​ក៏​បាន​​មក​ឈប់​ពី​ក្រោយ​​ ហើយ​បាន​ប្រើ​សំដី​​ធំៗ ដោយ​ចោទ​ភាគី​កម្ម​ករ​ថា បើក​រថយន្ត​ �ឌឺ� ពួក​គេ​ ហើយ​ពេល​ក្រុម​កម្ម​ករ​ឆ្លើយ​តប​វិញ ស្រាប់​តែ​ក្រុម​សណ្តាប់​ធ្នាប់​​ទាំង​​នោះ​ចុះ​ទៅ​វាយ​អ្នក​បើក​បរ​​រថយន្ត ​ដឹក​កម្ម​ករ​​ជាង​កញ្ចក់ ។ ពេល​នោះ​​ក្រុម​​កម្ម​ករ​​ជាង​កញ្ចក់​មិន​​បាន​តបត​វិញ​​ទេ ​ក៏​​បាន​បើក​​រថយន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ត្រូវ​បាន​កំលាំង​សណ្តាប់​ធ្នាប់​​តាម​​ឃាត់​រថយន្ត ​ហើយ​ទាញ​អ្នក​បើក​បរ​​ចុះ​មក​វាយ​ទៀត ទើប​ពួក​កម្ម​ករ​ទ្រាំ​មិន​បាន​ក៏​វាយ​តប​វិញ​ទៅ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ កំលាំង​សណ្តាប់​ធ្នាប់​​ខណ្ឌ​បាន​ឆ្លើយ​​បដិ​សេធ​ថា ពួក​គេ​មិន​បាន​វាយ​ពួក​កម្ម​ករ​មុន​ទេ គឺ​ពួក​កម្ម​ករ​ទៅ​វិញ​​ទេ ដែល​បាន​​វាយ​​កំលាំង​សណ្តាប់​ធ្នាប់​មុន ។

គួរ​​រំលឹក​ថា កំលាំង​សណ្តាប់​ធ្នាប់​​ខណ្ឌ​សែន​សុខ​ ត្រូវ​​គេ​រិះ​គន់​ច្រើន​​​ ព្រោះ​ពេល​បំពេញ​ភារ​កិច្ច​ច្រើន​តែ​​យក​អំពើ​ហិង្សា​មក​ប្រើ​ដូច​ជា ចាប់​អ្នក​រត់​រ៉ឺម៉ក​នៅ​​​ផ្សារ​​ព្រែក​ព្នៅ ធ្វើ​ឱ្យ​មាន​ទំនាស់​គ្នា​រហូត​ដល់​ពួក​រ៉ឺម៉ក​កែន​គ្នា​រក​វា​យ​​ទៅ​លើ​ កំលាំង​សណ្តាប់​ធ្នាប់​​​ខណ្ឌ​នេះ​វិញ​ទៀតផង។ ​ទោះ​បី​យ៉ាង​ណា ​ប្រជា​ពល​រដ្ឋ​​សុំ​ឱ្យ​លោក​អភិ​បាល​ខណ្ឌ​សែន​សុខ មេត្តា​យក​មនុស្ស​បំរើ​​ការ​ងារ​​ជា​កំលាំង​​សណ្តាប់​ធ្នាប់​ទៅ​រៀន​សូត្រ​ ច្បាប់​ផង ៕

http://kohsantepheapdaily.com.kh/art...111-03464.html