រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​​​នៅក្នុង​មន្ទីរពេទ្យ​ព្រះកុសុ​មៈ​​ដោយ​សារ​រងរបួស​ ក្នុង​ហេតុ​ការណ៍​វាយ​តប់​គ្នា​រវាងក្រុម​យុវ​ជន២​ក្រុម​ដែល​មួយ​ក្រុម​ មានគ្នា​ជិត១០នាក់ កាលពី​​វេលាម៉ោង​១០ និង១៥​នាទី​យប់​ថ្ងៃទី១០ ​មករា នៅ​តាម​ផ្លូវលេខ​២៧១ មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ​​សង្កាត់​ទឹ​ក​ល្អក់​ទី២ ខណ្ឌទួលគោក ។ បន្ទាប់​ពី​​បង្កឱ្យ​មនុស្ស​ស្លាប់មក​ជន​ដៃ​​ដល់​​ឈ្មោះ​គុយ ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាសិស្ស​វិទ្យា​ល័យ​​ជា​​ ស៊ីម សន្ធរ​ម៉ុក ​រួមទាំង​បក្សពួក​ប្រមាណ​៦​ទៅ៧​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ ។ ជន​រងគ្រោះត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​​ឈ្មោះ​ជា ហ៊ុល ហៅ​តឿ អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល តាមផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់ទី១ ខណ្ឌ​ទួល​គោក បានរងរបួស​​ក្បាល ត្រចៀក​ស្តាំ ហើយ​ស្លាប់​នៅ​វេលា​ម៉ោង​៣ និង​៤៥​នាទី​នាទី​រំលង​អធ្រាត្រ​ថ្ងៃទី១១ មករា ។

​​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា នៅយប់​កើត​ហេតុ​​ជន​រងគ្រោះរួម​ទាំង​​បង​ប្អូន​ចំនួន៣​នាក់​ទៅ​ផឹក​ទឹកត្នោត ​ជូរ​នៅ​​អតីត​សួនច្បារ​តោពីរ ហើយ​ជួបជុំ​ជាមួយមិត្ត​ភក្តិ​ប្រមាណ​៦​ ទៅ​៧​នាក់ ។ ​ពេល​ស្រវឹង​ ជន​រងគ្រោះ​និង​​​​បងប្អូន​ធ្វើដំណើរ​ត្រឡប់​មកផ្ទះ​វិញ​ ហើយ​ពេលជិត​ដល់​ផ្ទះ​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​មនុស្ស​មួយក្រុម​មាន​គ្នា ​ប្រមាណ​​៦ ទៅ​៧​នាក់ ។ ជំលោះ​នោះ​ឈាន​ទៅ​​ដល់​ការវាយ​​ និង​គប់ដុំ​ថ្ម​ដាក់គ្នា​ទៅវិញ​ទៅ​មក​បណ្តាល​​ឱ្យ​រងរបួស​ម្នាក់​ បញ្ជូនទៅព្យា​បាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​ក្រោយ​មក​បានស្លាប់ ។

តាមសាក្សី​នៅ​កន្លែង​កើតហេតុឱ្យ​ដឹង​ថា មនុស្ស​ចំនួន២​ក្រុម​បាន​ដេញគប់ និងវាយគ្នា​ពេញដង​​ផ្លូវ ​ហើយ​ជន​រងគ្រោះ​ត្រូវ​​ភាគី​ម្ខាង​ដេញចាប់បានក៏វាយរហូត​រងរបួស​ធ្ងន់​ ។ បន្ទាប់​ពី​បង្ក​របួស​ រួចជន​ដៃដល់​គេច​ខ្លួនបាត់ ។ ​​
សមត្ថកិច្ច​​ ប៉ូលិស​ខណ្ឌ​ទួលគោកស្រាវ​ជ្រាវ​ស្គាល់អត្តសញ្ញាណ​ក្រុមជន​បង្ករបួសម្នាក់​ ឈ្មោះ​គុយ ហេង ភេទប្រុស​ អាយុ​​​២០​ឆ្នាំ ​ជា​សិស្ស​វិទ្យា​ល័យ​ជា ស៊ីម សន្ធរ​ម៉ុក តែ​គេចខ្លួនបាត់ទៅ​ហើយ ។ នៅព្រឹក​ថ្ងៃទី១១ មករា សមត្ថកិច្ច​បាន​ស្រាវជ្រាវឃាត់ខ្លួន​ជនម្នាក់​ឈ្មោះ​ផាត់ កុមារ អាយុ​​២៤​ឆ្នាំ ជា​កម្ម​ករ​សំណង់ រស់នៅ​តាមផ្លូវ​លេខ​១៣៨​សង្កាត់​​ទឹកល្អក់ទី១ ដើម្បីសាកសួរ ។ ​ស្ត្រី​ឈ្មោះ​ឆាយ សាវី អាយុ​​៥២​ឆ្នាំ ​ជា​ម្តាយ​​ជន​រងគ្រោះ​ឱ្យ​ដឹង​ថា ពេល​កូនប្រុស​របស់​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ស្រាប់តែ​ត្រូវជនម្នាក់​ស្ទុះ​វាយ​ ដូច្នេះ​ហើយគេ​ក៏ដេញវាយ​វិញ ។ បន្ទាប់​​មក​​ជន​ម្នាក់នោះទៅហៅ​​បក្សពួក​មកដេញ​វាយ និង​ចាប់​វាយកូន​ប្រុស​របស់​គាត់​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ ហើយ​ស្លាប់​នៅមន្ទីរ​ពេទ្យ ៕

http://kohsantepheapdaily.com.kh/art...11-024426.html