ភ្នំពេញ៖ រថយន្ត​មែសឺដែស-បេនស៍ ម៉ូដែល S-Class ឆ្នាំ​២០១១ ត្រូវ​បាន​នាំ​ចូល​ និង​ដាក់​លក់​​នៅ​​ប្រទេស​កម្ពុជា​​ហើយ​នៅ​ពេល​នេះ សម្រាប់​អតិថិជន​​ដែល​និយម​រថយន្ត​ទំនើបៗ​ទាន់​សម័យ។ នេះ​បើ​យោង​តាមការ​​ប្រកាស​ជូន​ដំណឹង​របស់​ក្រុម​ហ៊ុន ហ៊ុង ហ៊ាប ដែល​ជា​តំណាង​ចែក​ចាយ​ផ្តាច់​មុខ​នៃ​រថយន្ត​មែសឺដែស​ប្រចាំ​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​នោះ​ បាន​និយាយ​ថា ក្រុម​ហ៊ុន ហ៊ុង ហ៊ាប បាន​កំពុង​តែ​ដាក់​លក់​រថយន្ត​មែសឺដែស-បេនស៍ S-Class (Mercedes-Benz) ស៊េរី​ថ្មី​ឆ្នាំ​២០១១ ដ៏​ទំនើប និង​បាន​អញ្ចើញ​ឲ្យ​អតិថិជន​ទាំង​អស់ ចូល​រួម​ទស្សនា​​រថយន្ត​ម៉ូដែល​ថ្មី​នេះ នៅ​អគារ​តាំង​បង្ហាញ​របស់​ក្រុម​ហ៊ុន​ផង​ដែរ។

ក្រុម​ហ៊ុន​ក៏​បាន​ប្រកាស​ផង​ដែរ​ថា រថយន្ត​ម៉ូដែល​ថ្មី​នេះ ត្រូវ​បាន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ប្រទេស​ អាល្លឺម៉ង់ ដូចជា កៅអី​ប្រកប​ដោយ​ផាសុកភាព​ជា​មួយ​ប្រព័ន្ធ​ម៉ាស្សា និង​អាច​ផ្លាស់​ប្តូរ​សីតុណ្ហភាព​ក្តៅ​​ត្រជាក់​បាន ម៉ាស៊ីន​ត្រជាក់​ប្រភេទ Climate Control ផ្តល់​ភាព​ត្រជាក់​ស្រួល​ពេញ​បន្ទប់​រថយន្ត ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ ប្រព័ន្ធ​ឧបករណ៍​បំពង​សម្លេង​ចំនួន ១៤​កន្លែង ផ្តល់​សម្លេង​ពិរោះ​រងំ ​ទូរទស្សន៍ដ៏​ល្អ​នៅ​តាម​កៅអី​ខាង​មុខ និង​ក្រោយ អាច​ឲ្យ​លោក​អ្នក​ទស្សនា​វីដេអូ​ VCD និង​ DVD ជា​មួយ​រូបភាព​ធម្មជាតិ​ច្បាស់​ល្អ។ បន្ថែម​ពី​លើ​នេះ​ទៀត រថយន្ត​ក៏​បំពាក់​មក​ជា​មួយ​នូវ​​ប្រព័ន្ធ​សម្រាប់​ជំនួយ​ការ​បើក​បរ​នៅ​ពេល ​យប់​ (Nightview Assist) ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៅ​ពេល​ចត​ទុក​ចោល ជាពិសេស​លោក​អ្នក​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​តែ​ប៉ុណ្ណោះ​សម្រាប់​បញ្ជា​ រថយន្ត។ រថយន្ត​ម៉ូដែល​នេះ មាន​កម្លាំង​ខ្លាំង ស៊ី​សាំង​តិច ធន​គ្រប់​ស្ថានភាព​ផ្លូវ​នៅ​ពេល​បើក​បរ។

សេចក្តី​ជូន​ដំណឹង​បាន​និយាយ​ទៀត​ថា រថយន្ត​ម៉ូដែល​នេះ​ត្រូវ​បាន​នាំ​ចូល និង​ចែក​ចាយ​​ផ្តាច់​មុខ​​ដោយ​ក្រុម​ហ៊ុន ហ៊ុង ហ៊ាប ជា​មួយ​សេវាកម្ម​ជួស​ជុល​ប្រកប​ដោយ​ជំនាញ​ខ្ពស់ និង​មាន​ការ​ធានា​ផ្តល់​ជូន​លើ​គ្រឿង​បន្លាស់​សុទ្ធ​ទាំង​អស់ ព្រម​ទាំង​​សេវាកម្ម​ដូរ​ប្រេង​ម៉ាស៊ីន​គុណភាព​ខ្ពស់​ជូន​អតិថិជន​ក្នុង​រយៈ ​ពេល​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ឬ​គ្មាន​កំណត់​ចំនួន​គីឡូ​ម៉ែត្រ​ឡើយ។

ក្រុម​ហ៊ុន​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​ទិញ​រថយន្ត​ពី​បណ្តា​ហាង​លក់​រថយន្ត​ដទៃ​ទៀត អាច​នឹង​ធ្វើ​ឲ្យ​អតិថិជន​ខាត​បង់​ប្រយោជន៍ គ្មានការ​ធានា​លើ​គ្រឿង​បន្លាស់ ជាពិសេស​មាន​តម្លៃ​ខ្ពស់​ជាង​រថយន្ត​លក់​នៅ​ក្រុម​ហ៊ុន ហ៊ុងហ៊ាប (ខាំបូឌា) ទៅ​ទៀត៕

http://khmer.phnompenhpost.com/index...ion&Itemid=102