នៅក្នុងទំព័រ Youtube កាលពីថ្ងៃទី ២៦កន្លងទៅ មានវីដេអូមួយបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ប្រើប្រាស់កាំភ្លើងខ្លីបាញ់ពីរ បីគ្រាប់ទៅលើដី ក្នុងបំណងគំរាមដល់ស្ដ្រីមួយចំនួននៅកន្លែងកើតហេតុ។

ខ្សែវីដេអូខ្លីនេះ ត្រូវបានបង្ហោះនៅលើទំព័រ Youtube ដោយគណនីមួយដែលមានឈ្មោះថា Sovath Loun ។ វីដេអូដែលត្រូវបានដាក់ចំណងជើងថា violation police shooting and threat to people in Cambodia នេះ ត្រូវបានម្ចាស់គណនីសរសេរថា ៖ មេប៉ូលីស យកកាំភ្លើងបាញ់គំរាម ប្រជាជន ស្វាគមន៍កិច្ចប្រជុំអាស៊ាន ២៣ វិច្ឆិកា២០១២។ សង្គមអានាធិបតេយ្យ មិនគោរពច្បាប់ជាធំ យកអញជាធំ អាងអំនាចកោងកាចឃោឃៅ គឺវាដូច្នេះឯង Violation police threat and shooting to people while Asian Meeting 23,Nov,2012 in Cambodia។
តាមរយៈការបញ្ចេញមតិរបស់ម្ចាស់គណនីនេះ គេអាចសន្និដ្ឋានបានថា ហេតុការណ៍ក្នុងខ្សែវីដេអូ បានកើតឡើងតាំងតែពីថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០១២ ខណៈដែលកម្ពុជាទើបតែបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានបានប៉ុន្មានថ្ងៃ។
សកម្មភាពរបស់បុរសម្នាក់ដែលបានអះអាងថា ខ្លួនជាមេនគរបាលម្នាក់ដែរនោះ បានធ្វើឱ្យមានការប្រតិកម្មមួយចំនួនពីមន្ដ្រីនគរបាល។សមត្ថកិច្ចបានថ្លែងថា នឹងរក្សាអាថ៌កំបាំង ចំពោះអ្នកណាដែលបានផ្ដល់ព័ត៌មានស្ដីពីអត្តសញ្ញាណរបស់ជនល្មើសនេះ ហើយសមត្ថកិច្ចនឹងតាមចាប់ខ្លួន យកមកផ្ដន្ទារទោសតាមច្បាប់។
ដោយ ៖ សីហាប្រភព ៖ YT