ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍ពីរករណីបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៩ មករា និងនៅម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ មករា ។ ករណីទី១បានកើតឡើងនៅតាមផ្លូវលំលេខ៣A ស្ថិតនៅភូមិអណ្តូងរវាង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ រវាងគោយន្តកន្ត្រៃបុកជាមួយម៉ូតូធុនសេ១០០កូរ៉េដែលជិះគ្នា២ នាក់ ខណៈដែលយានយន្តទាំងពីរនេះសុទ្ធតែគ្មានភ្លើងបំភ្លឺដូចគ្នា ។ យោងតាមក្រុមគ្រួសារជនរងគ្រោះភាគីម៉ូតូបាននិយាយថា ជនរងគ្រោះដែលជាអ្នកបើកម៉ូតូឈ្មោះញ៉ែម សុធាវី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃតាមូង បានរងរបួសដាច់ត្រឹមជង្គង់ខាងឆ្វេងចោលជើងនៅកន្លែងកើតហេតុ ។ ចំណែកអ្នកជិះពីក្រោយឈ្មោះអុំ សុផៃ អាយុ២៧ឆ្នាំ ជាជនពិការជើងខាងស្តាំ ហើយពេលកើតហេតុរបួសបាក់ជើងខាងឆ្វេងបន្ថែមទៀត ។
ក្រោយកើតហេតុឈ្មោះនេះត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្ត ។ គ្រួសារជនរងគ្រោះបញ្ជាក់ថា ក្រោយកើតហេតុភាគីគោយន្តកន្ត្រៃបានបើករត់បាត់ ហើយជនរងគ្រោះត្រូវបានដឹកចូលមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ជីវិត ។ ចំណែកករណីទី២ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខសាលាបំពេញ វិជ្ជាខេត្ត បណ្តាលឱ្យឈ្មោះស៊ឹម សាវុធ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងបានស្លាប់ក្រោយពេលដឹកដល់មន្ទីរពេទ្យប៉ុន្មាន ម៉ោងប៉ុណ្ណោះ ។
តាមមិត្តភក្តិជាកម្មករដូចគ្នាបាននិយាយថា នៅម៉ោង៤ទៀបភ្លឺជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវត្រឡប់ពីរោង ចក្រ M & V វិញ លុះមកដល់ចំណុចកើតហេតុត្រូវរថយន្តដឹកស្រូវបើកកៀរបណ្តាលឱ្យដួល បោកក្បាលទៅលើថ្នល់ជាតិបណ្តាលឱ្យបែកលលាដ៏ ហើយពេលដឹកទៅដល់មន្ទីរពេទ្យខេត្តបានបន្តិចក៏ស្លាប់ទៅ ។ ចំណែករថយន្តដឹកស្រូវបានបើកគេចខ្លួនបាត់ ។ តាមប្រភពចេញពីមន្ទីរពេទ្យជាជំហានដំបូងបានឱ្យដឹងថា ជនរងគ្រោះនោះគឺដួលម៉ូតូដោយខ្លួនឯងទេ ព្រោះបើកប្រដេញគ្នាជាមួយមិត្តភក្តិជាកម្មករដូចគ្នា ប៉ុន្តែក្រោយមកក៏ប្រាប់ថា មានរថយន្តដឹកស្រូវបើកកៀរទៅវិញ ។ ទោះជាយ៉ាងណាប៉ូលិសពុំបានដឹងទេលើករណីនេះរហូតដល់អ្នកកាសែត ថតជនរងគ្រោះក្នុងមន្ទីរពេទ្យ និងសួរនាំទើបភ្ញាក់ផ្អើល ហើយក៏បានចាត់កំលាំងទៅសួរនាំដល់ផ្ទះជនរងគ្រោះ ៕
http://kohsantepheapdaily.com.kh/art...10-200116.html