រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងទំនងជាអ្នកបើកបរស្រវឹងធ្លាក់ភ្នែកបាន ជ្រុលចង្កូតឡើងទៅលើចិញ្ចើមផ្លូវ ហើយបុកជញ្ចាំងថ្មភោជនីយដ្ឋានយីហោរីករាយ អគារលេខ៩៩Eo ផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ មករា ២០១១ វេលាម៉ោង១០យប់ បណ្តាលឱ្យបាក់ជញ្ជាំងថ្ម មួយផ្ទាំង និងលាន់គ្រាំងបង្កឱ្យអ្នកនៅខសាងក្នុងហាងស្ទុះក្រោកចេញពីកៅអី ភ័យព្រលឹងចុងសក់ ។
សាក្សីបាននិយាយឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-5059 បើកបរលើកំណាត់ផ្លូវលេខ១៣៦ ឆ្ពោះទៅទិសខាងកើតក្នុងល្បឿនលឿន ហើយរេចង្កូតម្តងៗទំនងជាអ្នកបើកបរស្រវឹងធ្លាក់ភ្នែក ។ លុះជិតមកដល់កែងផ្លូវលេខ១៣ ស្រាប់តែរថយន្តរេចង្កូតឡើងលើចិញ្ចើមផ្លូវខាងស្តាំដៃ ហើយជ្រុលទៅបុកជញ្ចាំងថ្មភោជនីយដ្ឋានរីករាយបណ្តាលឱ្យបាក់ ប្រវែងកន្លះម៉ែត្រ និងប្រេះស្រាំជញ្ជាំងថ្មជាច្រើនកន្លែងទៀតគួរឱ្យភ័យខ្លាច ផងដែរ ។ ក្រោយពីបុកជញ្ជាំងថ្មភោជនីយដ្ឋានរីករាយទៅមុខលែងរួចហើយ គេឃើញបុរសពីរនាក់បើកទ្វាររថយន្តចេញមកខាងក្រៅស្រវឹងស្រា ទ្រេតទ្រោត តែពុំមានរបួសនោះទេ ។
សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុ ភាគីរថយន្តកាមរីឆ្លាមដែលបង្កបើកបុកជញ្ជាំងថ្មភោជនីយដ្ឋាន រីករាយនោះគឺពួកគេទើបចេញពីផឹកស៊ីក្នុងហាងខារ៉ាអូខេមួយស្ថិតនៅខាង លិចកន្លែងកើតហេតុ ទើបចេញមកមិនបានប៉ុន្មានផងក៏បុកតែម្តង ។ ភាគីម្ចាស់ភោជនីយដ្ឋានខាងលើទាមទារឱ្យម្ចាស់រថយន្តចេញ សំណងការខូចខាតតំលៃ១.០០០ដុល្លារ ប៉ុន្តែត្រូវបានភាគីម្ចាស់រថយន្តមិនឯកភាពដោយសារវាមិនសម និងទំហំនៃការខូចខាត ។ ដោយសារមិនអាចសំរួលគ្នាបាន សមត្ថកិច្ចមូលដ្ឋានក៏ទំនាក់ទំនងទៅខាងការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញយករថយន្តនោះទៅរក្សាទុកនៅការិយាល័យ ដើម្បីដោះស្រាយ ៕
http://kohsantepheapdaily.com.kh/art...110-21259.html