ប្រទេសវៀតណាម នឹងវិនិយោគទឹកប្រាក់ ៥លានដុល្លារ លើការដាំដើមអំពៅនៅខេត្តស្វាយរៀង ក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១២-២០១៣។
យោងតាមសារព័ត៌មានវៀតណាម ឲ្យដឹងថា ក្រុមហ៊ុនស្ករសរបស់វៀតណាមនឹងចូលហ៊ុនជាមួយភាគីកម្ពុជា ក្នុងការដាំអំពៅលើផ្ទៃដី ៣៥០០ហិកតា ហើយការដែលវៀតណាមដាំអំពៅនៅកម្ពុជា ដោយសារតែអំពៅនៅក្នុងប្រទេសវៀតណាម មានការប្រកួតប្រជែងច្រើន ជាមួយដំណាំផ្សេងទៀត ដូចជាដំឡូង និងកៅស៊ូ ក្នុងការរកដីដាំដំណាំទាំងនោះ។

សារព័ត៌មាន បានបន្តថា អ្នកវិនិយោគរបស់វៀតណាម បានលើកឡើងការលំបាកនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដើម្បីដឹកអំពៅទៅប្រទេសវៀតណាម ដែលប្រទេសទាំងពីរនឹងដោះស្រាយ ដើម្បីផ្តល់ភាពងាយស្រួល។
គួរបញ្ជាក់ថា យោងតាមនាយកដ្ឋានពន្ធដាររបស់ប្រទេសវៀតណាម ការដោះដូរផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅ៥ខែឆ្នាំ២០១២នេះ មានទៅដល់ ១៥០០លានដុល្លារ ដែលមានការកើនឡើង៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១១៕
ដោយ ៖ សូរីយ៉ាប្រភព ៖ vod