Google និង Facebook ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងនៅក្នុងស្រទាប់មនុស្សទូទៅ ដូច្នេះ Microsoft ក៏បានសម្រេចចិត្តទិញយក LinkedIn ព្រោះមើលឃើញ ថា LinkedIn អាចជួយឱ្យ Microsoft មានកម្លាំងក្នុងការទប់ទល់នឹង Facebook ឬ Google។

អតិត CEO របស់ Microsoft គឺលោក Bill Gates ឱ្យដឹងថា លោកមានការពេញចិត្តនឹងការទិញយក LinkedIn ដែលមានតម្លៃ ២៦,២ពាន់លានដុល្លារ។ លោកយល់ថា LinkedIn នឹងជួយលោក ក្នុងការស្ថាបនាបណ្ដាញសង្គមអាជីវកម្មសម្រាប់ពិភពការងារ ដូចដែល Facebook បានបង្កើតបណ្ដាញសង្គម។
លោក Bill Gates បានថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Bloomberg TV ថា ៖ “បើសិនជាយើងអាចបង្កើតបាននូវអ្វីមួយដែលមានតម្លៃប្រហាក់ប្រហែលនឹងទន្នន័យនៅលើបណ្ដាញសង្គម Facebook នោះគឺជាប្រការច្នៃប្រឌិតដែលមានតម្លៃខ្ពស់ ហើយវានឹងកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ”។
ដូច្នេះ នៅថ្ងៃណាមួយ អ្នកនឹងនិយាយថា ៖ “ឯកសារការងារទាំងអស់របស់ខ្ញុំ គឺនៅលើ LinkedIn ក្នុងនោះមានប្រាប់អំពីវិធីដែលខ្ញុំស្វែងយល់អំពីមុខរបរ ក្រុមហ៊ុន និងវិស័យឧស្សហកម្មរបស់ខ្លួន”។
សូមរំលឹកថា ខណៈដែលបណ្ដាគេហទំព័រសម្រាប់អ្នកប្រើប្រាស់ កំពុងត្រូវបានគ្រប់គ្រងដោយ Google ឬ Facebook គេឃើញថា Microsoft កំពុងតែបោះបង់ឱកាសប្រហាក់ប្រហែលនេះ។ ដូច្នេះ ការទិញយក LinkedIn គឺជាវិធីមួយដែលអាចជួយឱ្យក្រុមហ៊ុន Microsoft តាមទាន់គូប្រជែងរបស់ខ្លួន។
មកដល់ពេលនេះ ការទិញដូរក្រុមហ៊ុន ដែលមានតម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ គឺជាការទិញដូរធំបំផុតក្នុងវិស័យបច្ចេកវិទ្យា។ ប្រការនេះក៏បានបង្កជាសម្ពាធមួយទៅលើតម្លៃមូលបត្ររបស់ Microsoft ក្នុងសប្ដាហ៍នេះ។

Microsoft ទិញយក LinkedIn តម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក
សូមបញ្ជាក់ថា ថ្វីបើលោក Bill Gates លែងជា CEO របស់ Microsoft ប៉ុន្តែ លោក នៅតែជាសមាជិកនៃក្រុមអភិបាលរបស់ក្រុមហ៊ុននេះ។ យ៉ាងនេះក្ដី លោក ហាក់ដូចមិនមានការយកចិត្តទុកដាក់ខ្លាំងទៅលើតម្លៃភាគហ៊ុនដែលបានធ្លាក់ចុះ ២% បន្ទាប់ពីការប្រការអំពីការទិញដូរខាងលើ។
លោក Bill Gates ឱ្យដឹងថា ៖ “ខ្ញុំជឿថា តម្លៃនៃការច្របាច់ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ គឺមានកម្លាំងធំជាង បើធៀបនឹងក្រុមហ៊ុនមួយៗដាច់ដោយឡែក”។
ប្រែសម្រួល ៖ បុត្រា