បណ្ដាអ៊ីម៉េលដែល WikiLeaks បង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះ ដែលមានទាក់ទងនឹងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់បេក្ខភាពប្រធានាធបិតីមកពីបក្សប្រជាធិបតេយ្យអាមេរិក Hillary Clinton បានបង្ហាញថា មានបុគ្គល៣៩នាក់ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីដើម្បីក្លាយជាបេក្ខភាពអនុប្រធានាធិបតី ប្រជែងឆ្នោតរួមជាមួយនឹងលោកស្រី Clinton ក្នុងនោះមានលោក Bill Gates ផងដែរ។

/

មហាសេដ្ឋី Bill Gates និង​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ លោកស្រី Hillary Clinton

WikiLeaks កាលពីសប្ដាហ៍មុន បានបង្ហើបឱ្យដឹងនូវអ៊ីម៉េលជាង ១៧.០០០របស់ John Podesta (អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton)។ ក្នុងចំណោមនេះ មានអ៊ីម៉េលដែលលោក Podesta ផ្ញើទៅកាន់លោកស្រី Clinton មានភ្ជាប់ជាមួយនូវតារាងឈ្មោះបេក្ខភាពអនុប្រធានាធបិតីចំនួន ៣៩រូប ដែលអាចចូលរួមប្រកួតជាមួយនឹងលោកស្រី Clinton។

ក្នុងចំណោមបញ្ជីខាងលើ មានបុគ្គលជាច្រើនគឺជាមហាសេដ្ឋី មេដឹកនាំក្រុមហ៊ុន ដូចជាប្ដីប្រពន្ធលោក Bill Gates (ស្ថាបនិក Microsoft) ឬអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Apple លោក Tim Cook, អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន General Motors Mary Barra , មហាសេដ្ឋី Michael Bloomberg។ល។

អ៊ីម៉េលនេះត្រូវបានគេជឿថា បានផ្ញើក្នុងថ្ងៃទី ១៧មិនា ឆ្នាំ ២០១៦ មានន័យថា ក្រោយពីលោកស្រី Clinton បានយកឈ្នះក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋសំខាន់ៗមួយចំនួន។

បច្ចុប្បន្ន អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បដិសេធមិនទទួលស្គាល់ខ្លឹមសារនៃអ៊ីម៉េលដែលបែកធ្លាយនេះ។ មុននេះ អ្នកនាំពាក្យរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បានដកស្រង់ការអះអាងពីចារកម្មអាមេរិក បានចោទប្រកាន់រុស្ស៊ីថា នៅពីក្រោយការវាយប្រហារអ៊ីនធឺរណែតលើបក្សប្រជាធិបតេយ្យ ដើម្បីធ្វើអន្តរាគមន៍ទៅលើការបោះឆ្នោត ទន្ទឹមនឹងនេះ បាននិយាយថា អ៊ីម៉េល អាចប្ដូរផ្លាស់បាន នៅពេលត្រូវបានប្រកាស។

ប្រែសម្រួល ៖ តារាប្រភព ៖ Bloomberg