(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីល្បាញ «Microsoft» និងជាកំពូលមហាសេដ្ឋីអាមេរិក លោក Bill Gates បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួសឲ្យការផ្ទេរមរតក ដ៏ច្រើនលើសលុបទៅឲ្យកូនៗ រូបលោក និងភរិយាបានសម្រេចចិត្ត បរិច្ចាគទ្រព្យសម្បត្តិ របស់គ្រួសារទាំងមូល​ដែលមានតម្លៃ ៧០ពាន់លានផោន ឬស្មើនឹង៨៥ពាន់លានដុល្លារ​អាមេរិក ទៅកាន់មូលនិធិសម្រាប់​ជួយជនក្រីក្រ។ នេះបើតាម ការចេញផ្សាយ​ដោយគេហទំព័រ Daily Mail នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយ ស្តីពីជិវិតឯកជនរបស់លោក មហាសេដ្ឋីអាមេរិករូបនេះ បាននិយាយថា កូនៗទាំងបីនាក់របស់លោក បានយល់ដឹងច្បាស់ថា ហេតុអ្វី បានជារូបលោកសុខចិត្ត បន្សល់ទុកទ្រព្យសម្បត្តិ ដ៏ច្រើនមហាសាលនេះ ទៅឲ្យមូលនិធិសម្រាប់ជួយជនក្រីក្រ នៅពេលដែលលោកទទួលមរណភាពទៅ ហើយពួកគេមិនបាន អាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ ប៉ុន្តែពួកគេពោរពេញទៅដោយ មោទនភាពទៅវិញ ចំពោះ​ការសម្រេចចិត្ត របស់លោកឪពុក ដែលបានលះបង់ទ្រព្យសម្បត្តិ គ្រួសារដើម្បីជួយដល់ជន​ទីទ័លក្របំផុត នៅលើពិភពលោក។

ដោយឡែក លោក Bill Gates បានលើកឡើងថា ជំនួសឲ្យការផ្ទេរមរតក រាប់សិបពាន់លានដុល្លារ កូនស្រីពីរនាក់ និងកូនប្រុសម្នាក់របស់លោក នឹងទទួលបានការអប់ដ៏ល្អបំផុត ដើម្បីជួយពួកគេក្នុងការចាប់ផ្តើម មុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន ដោយលោកបានបញ្ជាក់ថា «កូនៗរបស់ពួកយើង នឹងទទួលបានការអប់រំ ដ៏ល្អប្រសើររួមជាមួយ និងថវិកាខ្លះៗ ដើម្បីធានាថា ពួកគេនឹងមិនស្ថិតនៅក្នុងភាពក្រលំបាក​នោះឡើយ ប៉ុន្តែពួកគេនឹងចាកចេញ ពីបន្ទុកគ្រួសារ​ហើយមានការងាររៀងៗខ្លួន»។ លោក Gates បានបន្តថា «វាមិនមែនជារឿងល្អ​សម្រាប់ក្មេងៗនោះឡើយ ដែលឲ្យពួកគេគ្រប់គ្រងទ្រព្យ សម្បត្តិដ៏ច្រើននោះ ព្រោះវាអាចនឹងធ្វើឲ្យពួកគេ ដើរផ្លូវខុសបាន»

គួរបញ្ជាក់ថា លោក Bill Gates វ័យ៦០ឆ្នាំ និងភរិយា Melinda វ័យ៥២ឆ្នាំ មានកូនៗចំនួនបីនាក់ គឺ Jennifer អាយុ២០ឆ្នាំ, Rory អាយុ១៧ឆ្នាំ, និង Phoebe អាយុ១៤ឆ្នាំ ហើយពួកគេទាំងបី នឹងទទួលបានកេរ្តិ៍មរតក តែមួយផ្នែកតូចប៉ុណ្ណោះ ដោយទ្រព្យសម្បត្តិមហាសាល ដែលនៅសេសសល់​ទាំងប៉ុន្មាន នឹងត្រូវបរិច្ចាគ ទៅក្នុងមូលនិធិសម្រាប់ ជួយជនក្រីក្រ «Bill And Melinda Gates Foundation» ដែលតែងផ្តល់ជំនួយ ដល់គំរោងសុខាភិបាល និងការអប់រំនានា នៅជុំវិញពិភពលោក៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង