នៅក្នុងរយះពេលមិនដល់មួយសប្តាហ៍ផង គឺមានករណីគ្រោះថ្នាក់ដល់ទៅពីរករណី ដោយសារឆក់អគ្គិសនី ពីឆ្នាំងសាក iPhone។ មិនបាត់បង់ជីវិត ដូចនារីបម្រើភ្ញៀវលើយន្តហោះ នាង Ma Ailun ប៉ុន្តែលោក Wu Jian ក៏កំពុងស្ថិតក្នុងស្ថានភាពសន្លប់ និងអាចមានប៉ះពាល់ខ្លាំង ដល់ខួរក្បាល ថែមទៀតផង។

កាលពីចុងឆ្នាំមុន ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ បានកើតឡើងនៅប្រទេសអង់គ្លេសជាមួយនឹងឧបករណ៍ស្តាប់តន្ត្រី iPod។ លក្ខណៈរួមនៃបណ្តាគ្រោះថ្នាក់ទាំងនេះ គឺជនរងគ្រោះសុទ្ធតែប្រើប្រាស់ ឆ្នាំងសាក ដែលមិនមែនជារបស់ហ្ស៊ីន (Original) របស់ក្រុមហ៊ុន Apple។

បើសិនជាយើងមើលពីខាងក្រៅ បណ្តាឆ្នាំងសាកក្លែងក្លាយទាំងនោះ គឺវាមានរូបរាងដូចខ្លាំងណាស់ ទៅនឹងផលិតផលហ្ស៊ីន។ តែបើសិនជាយើង ពិនិត្យឲ្យច្បាស់បន្តិច ពេលខ្លះយើងអាចមើលឃើញលក្ខណៈ ខុសគ្នាខ្លះៗ ត្រង់អក្សរតូចៗ ដែលព្រីននៅលើផលិតផល ដែលអាចជា  Design by Abble ឬ Designed by California ជំនួសអក្សរ Original Designed by Apple in California នៅលើផលិតផលហ្ស៊ីន។ និយាយរួម គឺយើងពិតជាពិបាកក្នុងការបែងចែកតាមរយះ រូបរាងខាងក្រៅណាស់ ប៉ុន្តែផ្នែកខាងក្នុងនៃផលិតផលក្លែងក្លាយ និងផលិតផលហ្ស៊ីនគឺខុសគ្នាដាច់។

បើតាម Sherriff តង់ស្យុងខាងក្នុងនៃឆ្នាំងសាក iPhone ហ្ស៊ីន គឺនៅរក្សាតែកំរិត 5V ប៉ុណ្ណោះ។ ប៉ុន្តែសំរាប់ឆ្នាំងសាក iPhone ក្លែងក្លាយ តង់ស្យុងខាងក្នុងអាចឡើងដល់កំរិត 340V DC ឯណោះ ដែលគ្រប់គ្រាន់ បង្កឲ្យមនុស្ស ឆក់ស្លាប់បាន។

/

តាមរយះ ករណីឆក់ស្លាប់មនុស្ស ដោយសារការប្រើឆ្នាំងសាក iPhone ក្លែងក្លាយនេះដែរ គប្បីប្រិយមិត្តដែលប្រើប្រាស់ទូរស័ព្ទ iPhone គួរពិនិត្យឲ្យបានល្អិតល្អន់ និងជ្រើសរើសប្រើប្រាស់ឆ្នាំងសាក Original របស់ Apple ដើម្បីចៀសវាង ក៏ដូចជាបង្ការគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងតាមរយះការឆក់អគ្គិសនី ពីឆ្នាំងសាកក្លែងក្លាយ ដូចករណីដែលបានកើតឡើងនៅប្រទេសចិន កាលពីពេលថ្មីៗនេះ។ អាយុជីវិតយើង វាមានតំលៃថ្លៃជាងឆ្ងាយ បើប្រៀបជាមួយតំលៃឆ្នាំងសាកហ្ស៊ីន ដែលមានតំលៃមិនដល់ ៤០ដុល្លារ ផងនោះ។

មានលុយទិញ iPhone តំលៃដល់ទៅរាប់រយដុល្លារ ហេតុអ្វីមិនអាចទិញឆ្នាំងសាកហ្ស៊ីនបានមែនទេប្រិយមិត្តទាំងអស់គ្នា ?

ដោយ៖ សិលាប្រភព៖ Zng