អ្នកជំនាញខាងផាត់មុខ Michelle Phan អានអ៊ីម៉េលបណ្ដើរ ងូតទឹកបណ្ដើរ រីឯម្ចាស់ Starbucks Howard Schultz នាំសត្វចិញ្ចឹមដើរលេង ចំណែក Warren Buffett ក្រោកពីគេងភ្លាមគឺអានកាសែត។

១. Howard Schultz

/

ប្រធាន និងជា CEO Starbucks និយាយថា ពេលព្រឹកគឺជាពេលហាត់ប្រាណ និងផឹកកាហ្វេ។ Howard Schultz ក្រោកពីគេង វេលាម៉ោង ៤និង៣០នាទីព្រឹក រួចនាំសុនក ៣ក្បាល ទៅដើរលេង។ ក្រោយមក លោកបន្តជិះកង់ដើម្បីហាត់ប្រាណ បន្ទាប់មកលាយកាហ្វេផឹកជាមួយប្រពន្ធ។

២. Richard Branson

/

នៅក្នុងអត្ថបទមួយនៅលើ blog របស់ខ្លួន កាលពីឆ្នាំ ២០១៤ ម្ចាស់ Virgin Group ឱ្យដឹងថា ៖ “ក្នុងរយៈពេលជាង ៥០ឆ្នាំនៃការធ្វើជំនួញ ខ្ញុំបានសិក្សាឃើញថា បើសិនឆាប់ក្រោកពីគេង ខ្ញុំនឹងធ្វើបានការងារជាច្រើនក្នុងមួយថ្ងៃ និងក្នុងមួយជីវិត”។ មហាសេដ្ឋី Richard Branson តែងក្រោកពីគេងនៅវេលាម៉ោង ៥ រួចអានកាសែត ឆ្លើយតបអ៊ីម៉េល រៀបចំការងារក្នុងមួយថ្ងៃ និងហាត់ប្រាណ។

៣. Michelle Phan

/

អ្នកជំនាញខាងផាត់មុខដើមកំណើតវៀតណាម Michelle Phan យល់ថា ព្រឹកព្រលឹមគឺជាពេលដែលយើងអាចធ្វើកិច្ចការបានជាច្រើន។ Michelle Phan ឆែកអ៊ីម៉េលក្នុងពេលងូតទឹក និងហាត់ប្រាណទន្ទឹមនឹងដុសធ្មេញ។

៤. Warren Buffett

/

ឆ្នាំ ២០០៧ មហាសេដ្ឋីផ្នែកវិនិយោគ Warren Buffett ធ្លាប់បានឱ្យដឹងថា លោកបានអានយ៉ាងច្រើន។ រៀងរាល់ព្រឹក លោកតែងតែចាប់ផ្ដើមដោយការអានកាសែត Wall Street Journal រួច USA Today, Forbes, Financial Times និង New York Times។

៥. Mark Cuban

/

មហាសេដ្ឋីវិនិយោគ និងជាតារាសកម្មវិធីផ្ដល់ទុនដើម្បីបើកមុខរបរ Shark Tank ព្រឹកណាក៏ធ្វើការនៅពេលកំពុងនៅលើគ្រែ។ លោក Mark Cuban ថ្លែងថា ៖ “ការងារគឺជាឱសថសម្រាប់ពេលព្រឹករបស់ខ្ញុំ។ ខ្ញុំក្រោកពីគេងគឺធ្វើការភ្លាម”។

៦. Ursula Burns

/

ប្រធាន និងជា CEO Xerox ក្រោកពីគេងម៉ោង ៥ និង ១៦នាទី រួចចាប់ផ្ដើមឆែកអ៊ីម៉េល។ លោកស្រី Ursula Burns ក៏មានកម្មវិធីហាត់ប្រាណពីរដងក្នុងមួយសប្ដាហ៍ នៅវេលាម៉ោង ៦ព្រឹក។

៧. Jack Dorsey

/

សហស្ថាបនិករបស់ Twitter ក្រោកពីគេង នៅម៉ោង ៥ព្រឹក រួចអង្គុយសមាធិ ៣០នាទី។ ក្រោយមក គាត់រត់ចម្ងាយជិត ១០គីឡូម៉ែត្រ និងផឹកកាហ្វេមួយកែវ។

៨. Arianna Huffington

/

មហាសេដ្ឋីទូរគមនាគមន៍ Arianna Huffington តែងតែហាត់យ៉ូហ្គា និងអង្គុយសមធិនៅពេលព្រឹក។ លោកស្រីធ្លាប់ថ្លែងថា ដើម្បីមានពេលព្រឹកដ៏ល្អ មនុស្សត្រូវតែគេងឱ្យបានគ្រប់គ្រាន់។

ប្រែសម្រួល ៖ តារាប្រភព ៖ cnbc