ពលបាលត្រីម្នាក់របស់កងម៉ារីនអាមេរិកទើបត្រូវបានបញ្ឈប់ពីតំណែងដោយសារតែបានរិះគន់ប្រធានាធិបតិអាមេរិក លោក Barack Obama នៅលើទំព័រ Facebook។

ពលបាលត្រី Gary Stein អាយុ ២៦ឆ្នាំ ត្រូវបានដកចេញពីតំណែង ព្រោះតែរំលោភទៅលើគោលការណ៍បញ្ចេញមតិរបស់កងទ័ពអាមេរិក នេះបើតាមការអោយដឹងពីកងម៉ារីនរបស់ប្រទេសនេះ។ ប្រការនេះមានន័យថា Gary Stein ដែលបានបម្រើកងទ័ពរយៈពេលជិត ១០ ឆ្នាំមកនេះនឹងត្រូវបាត់បង់ទាំងអស់នូវផលប្រយោជន៍ដែលពាក់ព័ន្ធ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC ពលបាលត្រី Gary Stein យល់ថា ការរិះគន់របស់គាត់ត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ហើយការកំណត់របស់កងទ័ពម៉ារីនពីបញ្ហានេះគឺពិតជាការស្រមើស្រមៃ។
ពលបាលត្រីរូបនេះបាននិយាយថា មតិរបស់គាត់ ដែលក្នុងនោះបានហៅលោក Obamaថាជា សត្រូវរបស់សេដ្ឋកិច្ច និងសាសនា គឺជារឿងផ្ទាល់ខ្លួនរបស់គាត់។ Stein ក៏បានកាត់តរូបភាពរបស់លោក Obama ដាក់ទៅលើបដាឃោសនា និងបង្កើតគេហទំព័រមួយដែលមានឈ្មោះថា Armed Forces Tea Party ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនទៅនឹងចលនា Ultra-conservative Tea Party ព្រមទាំងបានអំពាវនាវអោយមានការទម្លាក់លោក Obama នៅក្នុងការបោះឆ្នោតខាងមុខ។
កាលពីដើមខែនេះ គណកម្មការវិន័យបានដាក់បញ្ជាអោយ Stein ទទួលយកការទម្លាក់កិត្តិយស។ ប៉ុន្ដែ Stein បានអោយដឹងថា ខ្លួននឹងមិនគោរពទៅតាមបទបញ្ជាពីប្រធានាធិបតិនោះទេ ប្រសិនប្រការនេះបានបំពានលើសិទ្ធិរបស់ពលរដ្ឋអាមេរិក។
កងទ័ពអាមេរិកតាំងពីដើមមក បានបង្កើតគោលការណ៍មួយដែលកំណត់សេរីភាពក្នុងការបញ្ចេញមតិរបស់ទាហាន ក្នុងនោះបានកំណត់ថា ទាហានទាំងអស់មិនត្រូវរិះគន់ប្រធានាធបតិ ដែលជាអ្នកដើរតួជាមេបញ្ជាការកងទ័ពអាមេរិកផងនោះ៕
ដោយ ៖ សូរីយាប្រភព ៖ BBC