បន្ទាប់ពីមានជំលោះក្តីរវាងគ្នានឹងគ្នាអូសបន្លាយអស់រយៈពេលដ៏យូរលង់កន្លងមកដែលគេមិននឹកស្មានថានឹងមានពេលអាចបញ្ចប់បាននោះ ទីបំផុតជំលោះរវាងក្រុមហ៊ុនទាំងពីរគឺ Apple និង Samsung ហាក់មានសញ្ញាបង្ហាញពីភាពធូរស្រាលជាបណ្តើរៗហើយពេលនេះ។
សេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៧ ខែមេសា ម្សិលម៉ិញនេះ ប្រភពពត៌មាន Reuters និយាយថា អគ្គនាយកប្រតិបត្តិ (CEO) របស់ Apple និង Samsung បានយល់ព្រមអង្គុយតុរួមគ្នាដើម្បីធ្វើការពិភាក្សារកដំណោះស្រាយដ៏សមស្របមួយសំរាប់ភាគីទាំងពីរហើយ។ចៅក្រម Lucy Koh បានធ្វើការស្នើសុំដល់ក្រុមហ៊ុននាំមុខគេផ្នែកវិស័យបច្ចេកវិទ្យាទាំងពីរនេះដើម្បីចូលរួមនៅក្នុងកិច្ចពិភាក្សាគ្នាមួយដែលមានរយៈពេលកំណត់ ៩០ ថ្ងៃ ដែលក្នុងនោះមានចៅក្រមមួយរួបនឹងដើរតួជាអ្នកសម្របសម្រួលផងដែរ។ចំពោះទង្វើជាវិជ្ជមានដែលបានលើកឡើងខាងលើ អង្គពិភាក្សាសង្ឃឹមថា Apple និង Samsungនឹងឆាប់រកឃើញនូវភាសាជារួមមួយ ដើម្បីអាចធ្វើការដោះស្រាយបាននូវរាល់ជំលោះក្តីទាំងឡាយដែលមិនត្រឹមតែកើតមានក្នុងប្រទេសអាមេរិកប៉ុណ្ណោះនោះទេ គឺទាំងនៅបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតនៅទូទាំងពិភពលោកនេះទៀតផង។បើតាមគំរោងពេលកន្លងមក ក្រុមហ៊ុន Apple និង Samsung នឹងត្រូវបង្ហាញវត្តមាននៅក្នុងតុលាការដែលនឹងប្រព្រឹត្តឡើងនៅក្នុងខែកក្កដាខាងមុខនេះក្នុងប្រទេសអាមេរិក ហើយប្រសិនបើភាគីទាំងពីរអាចធ្វើការសម្របសម្រួលគ្នាទទូលបានជោគជ័យមែននោះ នោះប្រាកដណាស់ថាបរិយាកាសជំលោះក្តីរវាងក្រុមហ៊ុនទាំងពីរនឹងមានការធូរស្រាលបានយ៉ាងច្រើន៕ ប្រភព៖ Macrumors ដោយ៖ រស្មី