ទូរស័ព្ទដៃក្នុងពេលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែឆ្លាតវៃ កាន់តែមានល្បឿនលឿនជាងមុន កាន់តែមាន Application ច្រើនជាងមុន ប៉ុន្តែទន្ទឹមនឹងនេះ ថ្មរបស់វាក៏ប្រើឆាប់អស់ជាងមុនផងដែរ។

រយះពេលនៃការប្រើប្រាស់របស់ថ្មទូរស័ព្ទ កំពុងក្លាយទៅជាចំនុចចាប់អារម្មណ៍មួយនៅលើទូរស័ព្ទដៃ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ បណ្តាអ្នកវិទ្យាសាស្ត្រជនជាតិបារាំង បានស្រាវជ្រាវរកឃើញបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យទូរស័ព្ទមិនចាំបាច់សាកថ្ម តែនៅតែអាចដំណើរការបានជាបន្តបន្ទាប់ដូចធម្មតា។

ក្រុមហ៊ុនថាមពល Wysips បានរកឃើញពីបន្ទះហ្វីលប្រើពន្លឺព្រះអាទិត្យ ថ្លា ស្តើងមួយ ដែលអាចបិទជាប់ជាមួយនឹងផ្នែកខាងក្នុងនៃទូរស័ព្ទ។ បន្ទះហ្វីលនេះ វាមានសមត្ថភាពស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ រឺក៏ពន្លឺផ្សេងៗដែលនៅជិតវា ហើយប្រែក្លាយទៅជាថាមពលដែលអាចប្រើបាននៅលើទូរស័ព្ទដៃ។

/

លោក Matthieu De Broca, នាយកផ្នែកទីផ្សារ ក្រុមហ៊ុនថាមពល Wysips បានឲ្យដឹងថា: “ពួកខ្ញុំបានស្រាវជ្រាវរកឃើញ បន្ទះហ្វីលប្រើពន្លឺព្រះអាទិត្យថ្លាមួយ ដែលអាចបិទជាប់ទៅផ្នែកខាងក្នុងទូរស័ព្ទដៃ រឺបណ្តាឧបករណ៍ Touchscreen ទាំងអស់បាន។ ដូច្នេះ អេក្រង់ទូរស័ព្ទនឹងប្រែក្លាយជាប្រភពថាមពលមួយ។ មិនគ្រាន់តែពន្លឺថាមពលព្រះអាទិត្យទេ ពន្លឺសិប្បនិម្មិតផ្សេងទៀត ក៏អាចប្រើសំរាប់ផ្តល់ជាថាមពលដល់ទូរស័ព្ទបានដែរ។

តាម Wysips, បច្ចេកទេសថ្មីនេះអាចជួយសាកថ្មឲ្យពេញ ក្នុងរយះពេលប្រហែល ៦ម៉ោង ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់ និងរយះពេលច្រើនជាង ៦ ម៉ោង ជាមួយពន្លឺនៅក្នុងផ្ទះ។ដូច្នេះ ទូរស័ព្ទនឹងមិនអស់ថ្មទៀតឡើយ បើទោះជាកំពុងស្ថិតនៅកន្លែងមិនមានភ្លើងអគ្គីសនី រឺអត់ឆ្នាំងសាកក៏ដោយ។

ជាមួយនឹងស្មាតហ្វូនដូចសព្វថ្ងៃនេះ បច្ចេកវិទ្យាថាមពលថ្មីរបស់យើងខ្ញុំ អាចជួយដល់អ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភពីការអស់ថ្មទូរស័ព្ទទៀតឡើយ ដោយគ្រាន់តែពួកគេដាក់ទូរស័ព្ទនៅកន្លែងណាក៏បានឲ្យតែមានពន្លឺ លោក Matthieu De Broca ចែករំលែកបន្ថែម។

បច្ចេកវិទ្យាប្រើប្រាស់ បន្ទះហ្វីលប្រើពន្លឺព្រះអាទិត្យនេះត្រូវបានដាក់លក់ក្នុងតំលៃដ៏ថោកមួយគឺ១,៣ ដុល្លារសហរដ្ឋអាមេរិច តែប៉ុណ្ណោះ៕

ដោយ៖ សិលាប្រភព៖ Zng