ការរិះគន់ ឬវាយប្រហារគ្នា រវាងក្រុមហ៊ុន និងក្រុមហ៊ុន ដោយប្រើវីដេអូ ឬដោយមធ្យោបាយផ្សេងៗ គឺជារឿងដែលមិនចម្លែកទៀតនោះទេ ក្នុងវិស័យបច្ចេកវិទ្យាបច្ចុប្បន្ន ប៉ុន្ដែ អ្វីដែលគួរកត់សម្គាល់គឺថា ការចំអកភាគច្រើន សំដៅទៅលើតែ Apple ។

/

ក្នុងឆ្នាំនេះ Samsung មិនទទួលបានចំណេញប៉ុន្មាន ក្នុងការរកស៊ី ប៉ុន្ដែនេះក៏មិនមែនជាបញ្ហាដែលរារាំងក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មិនឱ្យក្លាយជាអ្នកចំអក លេខមួយ ក្នុងវិស័យបច្ចេកវិទ្យា។ កំពូលបច្ចេកវិទ្យាសំចៃថាមពលថ្ម របស់បណ្ដាផលិតផលថ្មីនៃក្រុមហ៊ុន Samsung គឺជាចំនុចវិជ្ជមានដែលគេមិនអាចបដិសេធបាន ដូច្នេះ Samsung ក៏ប្រើប្រាស់ភាពខ្លាំងនេះ ដើម្បី “វាយប្រហារ” Apple ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទដទៃ។

/

ក្នុងយុទ្ធនាការរបស់ខ្លួន Samsung បានបិទបណ្ដាបដា និងផ្ទាំងក្រដាស់ឃោសនា អំពីបច្ចេក​វិទ្យាមហាសំចៃថាមពលថ្ម ដែលប្រើនៅលើទូរស័ព្ទ Galaxy S5 នៅលើបណ្ដាប្រអប់ព្រីភ្លើង នៅក្នុងព្រលានយន្ដហោះ ជាកន្លែងដែលអ្នកដំណើរ តែងប្រើប្រាស់ដើម្បីបញ្ចូលថ្មទូរស័ព្ទរបស់ពួកគេ។ នៅក្នុងរូបភាពមួយ បង្ហាញថា អ្នកដំណើរមួយចំនួន (កំពុងប្រើ iPhone) ត្រូវបង្ខំចិត្តអង្គុយចាំ បញ្ចូលថ្មទូរស័ព្ទរបស់ខ្លួន ចំណែក Galaxy S5 ត្រូវបានបំពាក់បច្ចេកវិទ្យា Ultra Power Saving ដូច្នេះ ថ្មរបស់វា នឹងមានថាមពលគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់ តាមចិត្ត។

/

ខាងលើនេះ គឺជាយុទ្ធនាការឃោសនាបែប “វាយឆ្មក់” របស់ Samsung ។ គួរបញ្ជាក់ថា បណ្ដាកំពូលស្មាតហ្វូនរបស់ Samsung និង HTC សុទ្ធតែត្រូវបានទស្សនាវដ្ដីបច្ចេកវិទ្យាធំៗ ទទួលស្គាល់ថា មានថាមពលថ្មល្អជាង ធៀបនឹងផលិតផលមកពី Apple ។ យោងតាមការពិសោធ រយៈពេលនៃថាមពលថ្មរបស់ iPhone 5s ទាបជាងបណ្ដាថ្មរបស់កំពូលទូរស័ព្ទនៃឆ្នាំ ២០១៣ ដូចជា HTC One, Galaxy S4, BlackBerry Z10 ឬ Lumia 1020 ។

/

ប៉ុន្ដែ នៅក្នុងឆ្នាំ ២០១៤នេះ គេនៅមិនទាន់ដឹងប្រាកដថា ថ្មទូរស័ព្ទរបស់ក្រុមហ៊ុនណា មានថាមពលខ្លាំង និងប្រើបានយូរអង្វែងនៅឡើយ។ យ៉ាងនេះក្ដី អ្នកចូលចិត្តប្រើផលិតផលរបស់ Apple សង្ឃឹមថា iPhone 6 នឹងប្រើប្រាស់ថ្មដែលប្រសើរជាងបច្ចុប្បន្ន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖Yahoo/BQR/Techanalyzer