កាលពីវេលាម៉ោង9យប់ថ្ងៃទី11 ឧសភា 2011 លោករាជ សម្បត្តិជាប្រធានផ្នែកកិច្ចការ
សាធារណៈនៃសាលាក្តីខ្មែរក្រហម បានទទួលមរណភាព ក្នុងវ័យ47ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរគឺដាច់សរសៃឈាមក្នុងខួរក្បាល ខណៈពេលដែល ក្រុមគ្រួសារត្រៀមនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យទំនើបមួយនៅ ក្រុងបាងកក ប្រទេសថៃ។
មុនពេលហេតុការណ៏នេះកើតឡើង លោករាជ សម្បត្តិមានអាការ វិលមុខ ងងឹតមុខ
ហើយក៏បានទ្រោប ខ្លួនទៅលើតុនៅក្នុងការិយាល័យរបស់លោកក្នុងសាលាក្តី ខ្មែរក្រហម
រួចក៏បានស្រែកហៅគេអោយជួយ នេះបើតាមសម្តីរបស់បុគ្គលិក ដែលធ្វើការនៅសាលាក្តី
ខ្មែរក្រហម។ ភ្លាមៗនោះមន្ត្រីជាច្រើននាក់នៃសាលាក្តីខ្មែរក្រហមបានផ្តល់ ដំណឹងដល់គ្រួសារ និងត្រូវចាត់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាល្ងាចថ្ងៃ
ទី11 ខែឧសភា ឆ្នាំ2011 នេះ។ អាការបែបនេះបានកើតលើរូបលោករាជ សម្បត្តិ ជាច្រើន
ខែមកហើយ។បន្ទាប់ពីរូបលោកត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត នៅកំឡុងម៉ោង
ប្រមាណ 7 យប់ថ្ងៃដដែល ក្រុមគ្រួសាររបស់លោកត្រៀមបញ្ជូនទៅកាន់មន្ទីរពេទ្យបំរ៉ុង រ៉ាដ្ឋ
នៅក្រុងបាងកក ប្រទេសថៃ ប៉ុន្តែដោយសារ តែសភាពរបស់លោករាជ សម្បត្តិ ធ្ងន់ធ្ងរខ្លាំង
មិនមានសង្ឃឹមថាអាចសង្រ្គោះបាន ការត្រៀមបញ្ជូនទៅកាន់មន្ទីរពេទ្យបំរ៉ុង រ៉ាដ្ឋ ក៏ត្រូវលុបចោលវិញហើយប្រហែលជា 2 ម៉ោងក្រោយមក គឺប្រហែលជាម៉ោង 9
លោក រាជ សម្បត្តិ ក៏បានផុតជីវិតទៅ គួរអោយសោកស្តាយ។
ស្នាដៃជាច្រើនរបស់លោករាជ សម្បតិ្ត កាលពីលោកនៅរស់រានមានជីវិតគឺពិតមានតំលៃ
មិនអាច កាត់ថ្លៃបាន គឺលោក ជាសាស្ត្រាចារ្យសារព័ត៌មាន និងជាអ្នកសារព័ត៌មានកម្ពុជា
ដែលមានស្នាដៃមួយរូបហើយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សេរីភាព
សារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មរណភាពរបស់លោករាជ សម្បត្តិ គឺជា
ការបាត់បង់ ធនធានមនុស្សដ៏សំខាន់មួយសម្រាប់វិស័យសារ ព័ត៌មានកម្ពុជា។
ការ �កើត ចាស់ ឈឺ ស្លាប់� គឺជារឿង ដែលចៀសមិនផុត ដូច្នេះគឺមានការចូលរួមសម្តែង
នូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយ ក្រុមគ្រួសារនៃសពរបស់
លោករាជ សម្បត្តិ និងសូមឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព ។
សូមបញ្ជាក់ថា សពរបស់លោករាជ សម្បត្តិ ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី
នៅគេហដ្ឋានសពផ្ទះលេខ 487 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕