បុរស​ជន​ជាតិ​កម្ពុជា​ម្នាក់ និង​ថៃ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​​ចាប់​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ​សង្ស័យ​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ថៃ ក្រោយ​ពេល​ពួក​គេ​ចូល​មូលដ្ឋាន​យោធា​កម្ពុជា​ នៅ​សង្កាត់​អូរ​ស្មាច់។


លោក ពុធ ធីង៉ុក ស្នង​ការ​រង​នគរបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ បាន​មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​​មិញ​ថា ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន ​នៅ​ពេល​ពួក​គេ​ចូល​បន្ទាយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ។ លោ​ក បន្ត​ថា៖​ �ពួក​គេ​ប្រាប់​​យើង​ថា ពួក​គេ​ចូល​បន្ទាយ​កង​ទ័ព​ ដើម្បី​សុំ​ធ្វើ​ការ​កាប់​ដើម​ឈើ​តូចៗ​ យក​ទៅ​សាង​សង់​ផ្ទះ​ឲ្យ​បុរស​ថៃ​ដែល​មាន​​ប្រពន្ធ​ខ្មែរ នៅ​ឃុំ​អូរ​ស្មាច់ តែ​យើង​មិន​ទាន់​បាន​ព័ត៌មាន​អ្វី​ពី​ពួក​គេ​នៅ​ឡើយ​ទេ ខណៈ​យើង​កំពុង​សួរ​ចម្លើយ​ពួក​គេ�។ ជន​សង្ស័យ​​ទាំង​ពីរ​នាក់​​នេះ ​ត្រូវ​បាន​នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត។

លោក ប៉ិច សុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​ពុំ​មាន​ព័ត៌មាន​អ្វី​ អំពី​ជន​ជាតិ​កម្ពុជា និង​ថៃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​សង្ស័យ​ពី​បទ​ធ្វើ​ចារកម្ម​នោះ​ទេ តែ​ថាបន្ទាយ​យោធា​ ជា​កន្លែង​ហាម​ឃាត់​។ លោក​​គូស​បញ្ជាក់​ថា៖​ �មនុស្ស​សាមញ្ញ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​បន្ទាយ​ទាហាន​ទេនៅ​ពេល​កង​កម្លាំង​ប្រដាប់​ អាវុធ កំពុង​ប្រឈម​មុខ​គ្នា​នោះ។ នៅ​ពេល​ពួក​គេ​បំពាន​បម្រាម​នេះ ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ​ពី​បទ​ធ្វើ​ចារកម្ម�។

លោក សៅ សុជាតិ មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ភូមិ​ភាគ ៤ បាន​ថ្លែង​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​អំពី​ការ​ចាប់​ខ្លួន​​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​ថា​ការ​ស៊ើប​អង្ក េត​កំពុង​បន្ត​ធ្វើ​ ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ថៃ​មែន ​ឬ​មិន​មែន។ ទាក់​ទង​ទៅ​នឹង​ស្ថាន​ការណ៍​នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​តា​ក្របី លោក សៅ សុជាតិ បាន​ឲ្យ​ដឹង​ថា មាន​សភាព​ស្ងប់​ស្ងាត់​ជា​ធម្ម​តា មិន​មាន​ការ​ផ្ទុះ​អា​វុធ​ទៀត​ទេ។

ចំណែក លោក យឹម ពឹម មេ​បញ្ជា​ការ​កង​ពល​តូច​លេខ ៨ ប្រចាំ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​​ព្រះ​វិហារ​បាន​និយាយ​ កាល​ពី​ម្សិល​មិញ​ថា ស្ថាន​ភាព​នៅ​ព្រំ​ដែន​មាន​សភាព​ស្ងប់​ស្ងាត់។ លោក​​ឲ្យ​ដឹង​​ទៀត​ថា កង​ទ័ព​ថៃ​មួយ​ចំនួនបាន​ដក​ចេញ​​ពី​ខ្សែ​ត្រៀម​​ជួរ​មុខ​អស់​រយៈ​ពេល​មួយ​ សប្តាហ៍​មក​ហើយ។

(ប្រភព៖ ppp)