ក្រុមមន្រ្តីសុខាភិបាលខ្មែរបានថ្លែងអះអាងខ្លួនកំពុងតែស្វះស្វែងឱ្យមានកិច្ចសហការ
ពីបណ្តាក្រសួងស្ថាប័នទាំងឡាយរបស់រដ្ឋ ឱ្យចាប់ផ្តើមបង្កើតកន្លែងធ្វើការគ្មានផ្សែង
បារី នៅគ្រាដែលរដ្ឋាភិបាល ក៏បានជំរុញឱ្យមានការអនុវត្តបែបនេះឱ្យបានទូលំទូលាយ
ផងដែរនោះ។ ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះស្តីការអនុវត្តមាត្រា៨នៃអនុសញ្ញាស្តីពី
ការត្រួតពិនិត្យថ្នាំជក់រដ្ឋលេខាធិការក្រសួងសុខាភិបាលខ្មែរ លោក អ៊ឹង ភិរុន បាន
បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះមានក្រសួងស្ថាប័នជាតិចំនួន១៣ក្នុងចំណោម
ទាំង២៧ ដែលបានបង្កើតសារាចរនិងសេចក្តីណែនាំឲ្យបង្កើតកន្លែងធ្វើការគ្មានផ្សែង
បារី ហើយសារាចរណែនាំនេះ ត្រូវបាននិងកំពុងអនុវត្តក្នុងក្រសួងស្ថាប័នចំនួន១១
ដែលទទួលបាននៅលទ្ធផលល្អប្រសើរផងដែរ។

លោក អ៊ឹង ភិរុន បានថ្លែងការអំពាវនាវផងដែរដល់បណ្តាក្រសួងទាំង២៧ ដែលមាន
នៅក្នុងប្រទេសកម្ពុជាទាំងអស់ ចូលរួមសហការគ្នាបង្កើតសារាចរ និងសេចក្តីណែនាំ
ប្រយោជន៍ឲ្យកន្លែងធ្វើការរបស់ខ្លួន គ្មានផ្សែងបារីឲ្យបាន ផុសផុលក្នុងទិសដៅចូល
រួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ព្រមគ្នានេះ នាយករងកិច្ចការរដ្ឋបាលទូទៅនៃក្រសួងមហាផ្ទៃលោក ហម សុធី បាន
មានប្រសាសន៍ដែរថា កន្លងមកក្រសួងមហាផ្ទៃបានជំរុញការអនុវត្តផ្សព្វផ្សាយ​អប់រំ
ស្តីពី​បរិស្ថាន​គ្មានផ្សែងបារីដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តចំនួន១២រួចមកហើយ
ដោយឡែកនៅ​តាមអង្គភាពនានាក៍ធ្លាប់បានធ្វើការផ្សព្វផ្សាយបានជាង៧៥ភាគរយ
ប៉ុន្តែនៅមានអង្គភាពជាង៣៩ ភាគរយទៀតដែលមិនទាន់បានទទួលការណែនាំ។
លោក ហម សុធី បានថ្លែងអះអាងថា ក្នុងនាម លោកជាតំណាងឲ្យក្រសួងមហាផ្ទៃ
លោកនឹងមិនព្រងើយកន្តើយចំពោះបញ្ហាផ្សព្វផ្សាយអប់រំ ដល់បុគ្គលិក និងប្រជាពល
រដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀតឲ្យបានយល់ដឹងឲ្យកាន់តែទូលំទូលាយ
ស្តីពីបរិស្ថានគ្មានផ្សែងបារី។ ប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថាមានការ​ខាតបង់
​ថវិកាជាង៤២លាន​ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំដោយក្នុងនោះ​មានគ្រួសារ​ជាង​
៧០ភាគរយនៃពលរដ្ឋកម្ពុជា បានប្រើប្រាស់ប្រាក់ចំណូល១០ភាគរយទិញថ្នាំជក់ដែល
គិតជាប្រាក់​ចំណាយ​ប្រចាំឆ្នាំសរុបមានចំនួន៩៦.៤៤លានដុល្លារ។ ហើយប្រទេសកម្ពុជា
ត្រូវបានគេកត់សម្គាល់ថា មិនទាន់មានកន្លែងឬបន្ទប់បិទជិតសម្រាប់អ្នកជក់បារីនៅតាម
រមណីដ្ឋាឬកន្លែងទីសាធារណៈនៅឡើយទេ នៅគ្រាដែលស្ថានភាពបែបនេះ ត្រូវបាន
បណ្តាប្រទេសនានា គេអនុវត្តនិងបង្កើតជាយូរយារមកហើយនោះ៕

(ប្រភព៖ raus)