មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤ រូប ត្រូវត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទ ពុករលួយ។

មន្ដ្រីសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន
មន្ត្រីទាំង បួនរូបខាងលើ រួមមាន ឈ្មោះ សារ៉េត បូរ៉ាមី ជាអគ្គនាយករងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឈ្មោះ ផូ វុឌ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ, ឈ្មោះ មាស ឥស្សរ៉ា អនុប្រធាននាយកដ្ឋាន និងឈ្មោះ ទុយ ឡាយរិទី្ធ ជាមន្ត្រីបម្រើការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេត លើរឿងក្ដៅនេះ។ចំពោះមូលហេតុ នៃការឃាត់ខ្លួនមន្ត្រីពុករលួយទាំងនេះ ត្រូវបានគេឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោង ប្រគល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថាន ជូនអតីតយុទ្ធជនប្រចាំឆ្នាំ២០១១ ដែលមានទឹកប្រាក់ប្រមាណរាប់សិបពាន់លានរៀល។ ប៉ុន្តែនៅពេល ដែលយកទៅអនុវត្តជាក់ស្តែង មន្ត្រីមួយចំនួនបានឃុបឃិតគ្នា កេងប្រវ័ញ្ចថវិកាទាំងនេះ យកទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ឆ្លងតាមការត្រួតពិនិត្យ និងស្រាវជ្រាវរួចហើយ អង្គភាពប្រឆាំងអំពើពុករលួយបានកំណត់អត្តសញ្ញាណមនុស្សជាប់ពាក់ព័ន្ធ នឹងករណីនេះ រួចសុំគោលការណ៍ពីតុលាការឃាត់ខ្លួនពួកគេ យកមកសាកសួរ ប្រយោជន៍ដើម្បីរកបក្ខពួក និងខ្សែរយៈជាបន្តទៀត៕
ដោយ ៖ ចិន្ដាប្រភព ៖ tv9/cen