អ្នកប្រើប្រាស់ iPhone 5 ដែលបានអាប់ឌេតឡើង iOS 7 និង iPhone 5C ថ្មី (មាន Hardware ដូច iPhone 5 ដែរ) មួយចំនួន បានរអ៊ូរទាំ ជាមួយនឹងកំហុសមួយ ដែលធ្វើឲ្យបរិមាណថ្មរបស់ស្មាតហ្វូនចេះតែបន្តអស់ថ្មយ៉ាងឆាប់រហ័ស បើទោះជាកំពុងតែសាកថ្ម ក៏ដោយ។
កាលពីពេលកន្លងទៅថ្មីៗនេះ មានច្រើនករណី ដែលអ្នកប្រើប្រាស់រអ៊ូរទាំនៅលើអ៊ីនធឺណេត ស្តីពីបញ្ហាតែមួយដូចគ្នាគឺ ពាក់ព័ន្ធនឹងបញ្ហាថ្មរបស់ iPhone 5 ដែលបានឡើង iOS 7 ក៏ដូចជា iPhone 5C ថ្មីរបស់ពួកគេ។ ជាក់ស្តែង បណ្តាករណីទាំងនោះ ត្រូវបានរ៉ាយរ៉ាប់ឲ្យដឹងថា ស្មាតហ្វូនកំពុងតែមានថ្មស្ថិតក្នុងកំរិត ៧០% ឡើង ហើយត្រូវបានអ្នកប្រើប្រាស់ ដោតសាកថ្មនៅពេលយប់ ប៉ុន្តែមកដល់ពេលព្រឹក ថ្មបែរជាអស់រលីង, អត់យល់? ។
តាម GSMArena បណ្តាករណីទាំងនេះ កើតឡើងជាមួយនឹងបណ្តា iPhone 5 ដែលបានទិញនៅពេលវេលាខុសៗគ្នា និង ពីទីកន្លែងខុសគ្នាដែរ ហើយ iPhone 5C ថ្មីមួយចំនួន ពួកគេបានទិញនៅថ្ងៃទើបចេញលក់។ បញ្ហាដែលជួបអាក្រក់ជាងគេបំផុត គឺករណីថ្មរបស់ iPhone 5 ចេះតែបន្តអស់ជាលំដាប់ បើទោះបីជាស្មាតហ្វូនកំពុងតែត្រូវបានដោតសាកថ្ម ក៏ដោយ។
គេហទំព័រ GSMArena ក៏បានធ្វើពិសោធសាកល្បងជាមួយ iPhone 5 ក្នុងរយះពេលខ្លីមួយ ពេលដែលថ្មចាប់ផ្តើមស្រកចុះនៅសល់កំរិត ១០% ពួកគេចាប់អារម្មណ៍ឃើញថា ស្មាតហ្វូនហាក់ដូចជាក្តៅខ្លាំងខុសពីធម្មតា ពេលស្ទាបកាន់វា។ កត្តានេះ បង្ហាញឲ្យឃើញថា Chipset មានដំណើរការច្រើនគួរសម រហូតធ្វើឲ្យអស់ថ្ម។
ជាក់ស្តែងបើយើងប្រៀបធៀបនឹងកំហុស ដែលបានកើតមានឡើងនៅលើ iOS 6 ពេលទើបតែចេញដំបូង គឺ iOS 7 បានជួបបញ្ហាកំហុសតិចជាង ហើយបញ្ហាទាំងនេះ នឹងត្រូវបានដោះស្រាយ ដូចនឹងVersion មុនដែរ។ សង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ Apple នឹងមានដំណោះស្រាយ កែសម្រួលបញ្ហា ឆាប់អស់ថ្មនេះ នៅ Version អាប់ឌេត បន្ទាប់ទៀតជាក់ជាមិនខាន៕