នៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ មេដឹកនាំទាំងឡាយរបស់អាស៊ាន បានសម្រេចនូវលទ្ធផលមួយចំនួន ដូចជា ៖ ការឯកភាពអនុម័តលើឯកសារសំខាន់ៗ ពីរ គឺសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីសិទ្ធិមនុស្ស និងការបង្កើតមជ្ឈមណ្ឌលកំចាត់មីនអាស៊ាន។
ក្រៅពីនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានឯកភាព ក្នុងការលើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាភូមា បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅតំបន់កាហ្សាផងដែរ។
នៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ២០១២ នេះ លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសភ្នំពេញ អនុម័តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី សិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ មេដឹកនាំនានារបស់អាស៊ានក៏បានសម្រេចលើការតែងតាំងបេក្ខភាពថ្មី អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិ ២០១៣ ដល់ឆ្នាំ២០១៧ បន្ទាប ពីលោក សុរិន ពិតសុវណ្ណ អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន ចប់អាណត្តិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។លោក កៅ គឹមហួន បានបន្តថា នៅរសៀលនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានពិភាក្សា នៅក្នុងកិច្ចប្រជុំចង្អៀត ទៅលើ ៤ ចំណុចសំខាន់ៗ ក្នុងនោះ មានបញ្ហាសមុទ្រចិនខាងត្បូង ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នាទាំងស្រុងថា នឹងមិនធ្វើអន្តរជាតូបនីយកម្មនោះទេ៕
ដោយ ៖ សីហា