ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេ​បញ្ជាការ​សមរភូមិ​កម្ពុជា និង​ថៃ គ្រោង​នឹង​ជួប​ចរចា​គ្នា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ស្អែក នៅ​នឹង​មូលដ្ឋាន​ផ្ទាល់ ដើម្បី​​ស្តារ​ស្ថានការណ៍​ព្រំ​ដែន​ឲ្យ​វិល​ត្រឡប់​ទៅ​ដូច​មុន​ថ្ងៃ​ទី​២២ មេសា​ឡើង​វិញ បន្ទាប់​ពី​​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈ​ពេល​ជាង ១០​ថ្ងៃ​មក​នោះ។

មន្ត្រី​យោធា​ម្នាក់​ប្រចាំ​ការ​នៅ​តំបន់​ព្រំ​ដែន​ខេត្ត​ឧត្តរមានជ័យ​ ទល់​មុខ​នឹង​ខេត្ត​សុរិន្ទ​របស់​ថៃ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ជំនួប​ចរចា​មួយ​ទៀត ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ស្អែក នៅ​​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី ជា​ទី​ដែល​ទាហាន​​នៃ​ប្រទេស​ជិត​ខាង​នឹង​គ្នា​នេះ បាន​បាញ់​ផ្លោង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២​ មេសា​ រហូត​ដល់​ថ្ងៃ​ទី​០៣ ឧសភា​ម្សិល​មិញ។

មន្ត្រី​ដដែល​បាន​និយាយ​ថា ជំនួប​ចរចា​ថ្នាក់​មេ​បញ្ជាការ​សមរភូមិ​នេះ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៨​ព្រឹក​ស្អែក​នេះ ​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ដក​ចម្រូង​ ការ​សម្អាត​លេនដ្ឋាន ការ​រក្សា​ទុក​​ទាហាន​ម្ខាង ២​នាក់ និង​ការ​កែ​ប្រែ​តំបន់​ប្រាសាទ​បុរាណ​ទាំង​ពីរ​នេះ ទៅ​ជា​តំបន់​ទេសចរណ៍​ដូច​មុន​ថ្ងៃ​ទី​២២ មេសា​វិញ។

ប្រទេស​កម្ពុជា និង​ថៃ បាន​​ឈាន​ទៅ​ដល់​មាន​ជម្លោះ​នឹង​គ្នា​ បន្ទាប់​ពី​​ប្រទេស​ថៃ​បាន​បញ្ជូន​ទ័ព​ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​​ប្រាសាទ​ព្រះវិហារ​ចំណាស់​​ ៩០០​ឆ្នាំ​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​​បេតិក​ភណ្ឌ​ពិភព​លោក។

ទាហាន​កម្ពុជា និង​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង​ក្លា​បំផុត​នៅ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ មេសា រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ឧសភា​ថ្ងៃ​នេះ ដោយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៨​នាក់ បាន​ស្លាប់​​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​អស់​រយៈ​ពេល​ជាង​ ១០​ថ្ងៃ​នេះ ខណៈ​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រង​របួស ព្រម​ទាំង​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​នៃ​ភាគី​ទាំង​សង​ខាង​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​ភៀស​ស ឹក៕

(ដោយ៖ ភ្នំពេញប៉ូស្តិ៍)

ដោយ៖ មិនា