ប្រទេស​កម្ពុជា បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​បាន​និយាយ​នៅ​ក្នុង​កាសែត​ Pattaya Mail ថា កម្ពុជា​កំពុង​ជ្រើស​រើស​កង​ទ័ព​បន្ថែម​ទៀត ដើម្បី​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ថៃ និង​បាន​ចាត់​ទុក​ព័ត៌មាន​នេះ​ ជា​ការ​បំផ្លើស​ការ​ពិត​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ។

លោក ទិត សុធា អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​ នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ �នេះ​គឺ​ជា​ការ​បំផ្លើស​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ ហើយ​វា​ជា​ព័ត៌មាន​មិន​ពិត�។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​កម្ពុជា​ពុំ​បាន​ជ្រើស​រើស​ទ័ព​បន្ថែម​នោះ​ឡើយ ប៉ុន្តែ កំពុង​តែ​​ពង្រឹង​កង​ទ័ព​​ និង​មូលដ្ឋាន​ទ័ព​ ដែល​មាន​ស្រាប់​នៅ​តាម​បណ្តោយ​ព្រំ​ដែន ដើម្បី​ការពារ​បូរណភាព និង​អធិបតេយ្យភាព​កម្ពុជា។

លោក​បានថ្លែង​បញ្ជាក់​ថា៖ �ទោះ​ជា​យ៉ាង​ណា យើង​មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​ទឹក​ដី និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ�។

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​កន្លង​មក បាន​​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​គ្មាន​គោល​ការណ៍​ជ្រើស​រើស​យុវជន សិស្ស និស្សិត ចូល​ធ្វើ​ទាហាន​ឡើយ ដោយ​លោក​បាន​បញ្ជាក់​ថា កម្លាំង​ទ័ព​របស់​កម្ពុជា លើស​ពី​ចំនួន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រយុទ្ធ​ទៅ​ទៀត។

ផ្ទុយ​ទៅ​វិញ លោក​ ហ៊ុន សែន លាត​ត្រដាង​ថា កម្ពុជា​មាន​​បំណង​កាត់​រំសាយ​កង​ទ័ព​បន្ថែម​ទៀត ប៉ុន្តែ កម្ពុជា​បាន​រក្សា​ទុក​កង​ទ័ព​របស់​ខ្លួន​វិញ ដោយ​សារ​តែ​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​អធិបតេយ្យ​ភាព​កម្ពុជា។

(ប្រភព៖ ភ្នំពេញប៉ុស្តិ៍)